ក្រុងម៉ានីល៖ ដោយព្យាយាមពុះពារចិញ្ចឹមជីវិត អ្នកស្រី ឡូរ៉ែន អ៊ីមភេរីយ៉ូ បានដោះដូរស្បែកជើងម៉ាក Nike មួយគូជាថ្នូរនឹងមាន់បោចរោមរួច ១ ក្បាលលើវេបសាយដោះដូរមួយ។ នេះជាទំនោរពេញនិយមថ្មីអំឡុងពេលវិបត្ដិកូវីដនៅហ្វីលីពីន។
ដោយពលរដ្ឋរាប់លាននាក់បាត់បង់ការងារ និងមនុស្សជាច្រើនបង្ខំចិត្ដសំងំនៅតែក្នុងផ្ទះ ដើម្បីទប់ស្កាត់ការរីករាលដាលវីរុសកូរ៉ូណាថ្មី ពលរដ្ឋហ្វីលីពីនបាននាំគ្នាប្រើប្រាស់ក្រុមក្នុងហ្វេសប៊ុក ដើម្បីដោះដូរវត្ថុ និងសម្ភារផ្សេងៗ រួមទាំងសម្ភារផ្ទះបាយ តុក្កតាក្មេងលេង និងកាបូបដៃ ដែលភាគច្រើនជាចំណីអាហារ។
អ្នកស្រី អ៊ីមភេរីយ៉ូ ជាអ្នកម្ដាយកូន ២ ដែលស្វាមីធ្វើការក្រៅម៉ោងនៅហាងនំដូណាត់មួយក្នុងក្រុងម៉ានីល និយាយថា៖ «ស្ថានភាពបច្ចុប្បន្នពិតជាលំបាកណាស់។ អត់ដឹងថាទៅណាដើម្បីរកលុយបានមកបង់ថ្លៃការចំណាយរាល់ថ្ងៃទេ»។
ស្វាមីរបស់អ្នកស្រីធ្វើការតិចម៉ោង ហើយបច្ចុប្បន្នលោកអាចរកចំណូលប្រចាំខែបានតែ ៩ ០០០ ប៉េសូ (១៨៥ ដុល្លារ) ដោយប្រាក់ពាក់កណ្ដាលប្រើសម្រាប់បង់ថ្ងៃផ្ទះជួល។
តាមការបូកសរុបរបស់ AFP បានឲ្យដឹងថា យ៉ាងតិច ៩៨ ក្រុមក្នុងហ្វេសប៊ុក ដែលក្រុមខ្លះមានសមាជិករាប់ម៉ឺននាក់ កំពុងតែប្រតិបត្ដិការដោះដូរទំនិញទូទាំងប្រជុំកោះ។
iPrice Group បានរកឃើញក្នុងការសិក្សាថ្មីៗនេះថា វេបសាយ Google ហ្វីលីពីនសម្បូរអ្នកស្វែងរកពាក្យ «ការដោះដូរម្ហូប» បានកើនឡើង ៣០០ ភាគរយ ពីខែមេសា ដល់ខែឧសភា ខណៈការបិទប្រទេសធ្វើឲ្យស្វិតហោប៉ៅ។
ក្រោយពីដោះដូរដបទឹកដោះគោទារក ដែលខ្លួនលែងត្រូវការ អ្នកស្រី អ៊ីមភេរីយ៉ូ បានដោះដូរអាវក្រៅកូនក្មេង និងអាវជាប់មួក Ralph Lauren ជាថ្នូរនឹងអង្ករ ៦ គីឡូក្រាម។
ខណៈស្បែកជើងម៉ាក Nike មួយគូត្រូវបានដោះដូរជាមួយមាន់ ១ ក្បាល ស្បែកជើងគូទី ២ អត់ទាន់មានអ្នកចូលមកដោះដូរជាង ៣ សប្ដាហ៍ហើយ។
ស្ដ្រីវ័យ ២៨ ឆ្នាំ បាននិយាយថា៖ «វត្ថុចាស់ៗមានការពិបាកលក់។ ចំពោះការដោះដូរទំនិញវាមានការងាយស្រួលក្នុងការផ្លាស់ប្ដូរទៅជាអាហារ»។
អ្នកស្រី ជូសែល បាតាប៉ាស៊ីញ បានបង្កើតសហគមន៍ Bacolod Barter Community កាលពី ៤ ខែមុន មានសមាជិកជាង ២៣ ម៉ឺននាក់ និងបន្ដចូលរួមជាហូរហែទៀត។
អ្នកស្រីបានបន្ថែមថា៖ «បើគ្មានវិបត្ដិកូវីដ ខ្ញុំមិនគិតថា សហគមន៍ដោះដូរទំនិញតាមអនឡាញនឹងមានប្រជាប្រិយភាពឡើយ»៕ AFP/HR