ក្រុងគីស៊ូមូ: ស្ថិតនៅតំបន់បឹង វិចតូរៀ ស្បែកដែលសេសសល់ពីត្រី សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅជុំវិញពិភពលោក ត្រូវបានគេកែច្នៃឲ្យទៅជារបស់ប្រើប្រាស់ជាច្រើន។
បង្កើតឡើងដោយអ្នកគីមីឧស្សាហកម្មម្នាក់អាយុ ៣៩ ឆ្នាំ ឈ្មោះ ញូតុន អូវីណូ (Newton Owino) ផលិតផល Alisom កកើតចេញពីការបំបែកស្បែកត្រីដាច់ដោយឡែកពីកាកសំណល់ ដើម្បីច្នៃជាកាបូបយួរ កាបូបដៃ ស្បែកជើង មួក និងអាវធំ។
កាកសំណល់ត្រីប្រមាណ ១៥ ម៉ឺនតោន ត្រូវបានផលិតជាផលិតផលរៀងរាល់ឆ្នាំ ហើយ ៨០ ភាគរយនៃកាកសំណល់នេះត្រូវបានចាក់ចោល។ លោក អូវីណូ និងបុគ្គលិករាប់សិបនាក់របស់គាត់ បានផ្តល់នូវជីវិតថ្មីដល់ស្បែកត្រីទាំងនោះ។
កំពុងដើរទៅទីធ្លាក្រោយផ្ទះជាមួយនឹងស្បែកជើងស្បែកត្រី និងអាវយឺត លោកថ្លែងថា៖ «អាជីវកម្មចម្បងរបស់ខ្ញុំនៅទីនេះគឺត្រូវប្រែក្លាយស្បែកត្រីទៅជាស្បែកផលិតផលិតផល»។
ក្រុមអ្នកដឹកជញ្ជូនតាមកង់ជាច្រើននាំយកស្បែកត្រីជាច្រើនបាវពីអ្នកនេសាទ ភោជនីយដ្ឋាន និងរោងចក្រទៅកន្លែងសិប្បកម្មដ៏តូចរបស់លោកជារៀងរាល់ថ្ងៃ ខណៈស្រីៗនាំគ្នាសំលៀងកាំបិតចៀរពន្លះស្បែកត្រី សាច់ និងឆ្អឹងចេញពីគ្នាយ៉ាងស្អាត។
ស្បែកត្រូវបានគេហាលលើស្នួ ទាក់ទាញបក្សីស្រេកឃ្លានចុះមកចឹក។ ក្រោយមកស្បែកត្រីស្ងួតត្រូវបានប្រើអាស៊ីតពីផ្លែឈើ ធ្វើឲ្យវាងាប់ ទន់ និងលែងសូវធុំក្លិន មុននឹងយកវាទៅហាលថ្ងៃជាថ្មីម្ដងទៀត។
កិច្ចការបន្ទាប់ទាមទារប៊ិក កន្រៃ្ត កាវ និងការលាយពណ៌ដែលជាការទទួលខុសត្រូវរបស់លោក ហ្វេឡា អាទីណូ ជាអ្នកច្នៃម៉ូដស្បែកត្រី។ ផលិតផលប្លែកពិសេសនេះ ដែលមើលទៅស្រដៀងនឹងស្បែកក្រពើ និងស្បែកពស់ តែវាមានតម្លៃថោក ដោយស្បែកជើងមួយគូតម្លៃតែប្រមាណ ១៥ ដុល្លារ និងអាវធំជិត ២០ ដុល្លារ។
អតិថិជនមកជាវផលិតផលស្បែកត្រី លោក ឡូរិន អូឌីអូ បានពោលថា៖ «បើយើងមានត្រី ហេតុអ្វីយើងមិនមានមោទនភាពចំពោះវា ហើយប្រើប្រាស់វាឲ្យអស់លទ្ធភាព?»។
លោកបាននិយាយទាំងកំពុងតែ ឆ្លុះកញ្ចក់ថា៖ «អ៊ីចឹង នៅពេលខ្ញុំពាក់ស្បែកជើង មួក អាវធំ ធ្វើពីស្បែកត្រី ខ្ញុំមានអារម្មណ៍រីករាយ!»៕