ភ្នំពេញៈ តារាចម្រៀងស្រីរាងខ្ពស់ស្រឡះកញ្ញ កែវ សុបញ្ញា អតីតបេក្ខភាពបរាជ័យក្នុងការប្រឡងប្រជែងក្នុងកម្មវិធី The Voice Cambodia រដូវកាលទី ១ កាន់តែមានភាពរីកចម្រើនទាំងក្នុងអាជីពជាតារាចម្រៀង និងអាជីពសម្ដែងក្រោមដំបូលផលិតកម្មរស្មីហង្សមាស។
ទន្ទឹមនឹងអាជីពសិល្បៈចម្រើនឡើងខ្ពស់ ស្រីស្រស់ កែវ សុបញ្ញា ក៏រឹតតែកើនសម្រស់ សិចស៊ីទាក់ទាញបណ្តាកន្លង់តាមសុំស្នេហ៍ និងចង់បានតារាស្រីរូបនេះជាម្ចាស់បេះដូង។
ចាប់តាំងពីក្លាយជាតារាចម្រៀង និងតារាសម្តែងអាជីពមួយរូបដែលកាន់តែមានភាពលេចធ្លោក្នុងរង្វង់សិល្បៈ កែវ សុបញ្ញា មានប្រជាប្រិយភាពមិនចាញ់តារារួមជំនាន់ តារាស្រីរូបនេះតែងតែមានវត្តមាននៅលើឆាកប្រគំតន្ត្រីតូចធំជាច្រើនក៏ដូចជាចូលរួមក្នុងកម្មវិធីផ្សេងៗ និងបញ្ចេញក្បាច់រាំព្រមទាំងបទចម្រៀងថ្មីៗជាច្រើន។
ជុំវិញការងារសិល្បៈកញ្ញា កែវ សុបញ្ញា តារាស្រីមានភាពរួសរាយរាក់ទាក់មិនឆ្មើងឆ្មៃរូបនេះបានផ្តល់សម្ភាសមកកាន់ភ្នំពេញ-ប៉ុស្តិ៍ ថា៖ «សម្រាប់ការងារសិល្បៈរបស់បងមានការរីកចម្រើនច្រើនជាងមុនទាំងការប្រគំតន្ត្រីមានជាប់រហូត ចំណែកឯការសម្តែងរឿងវិញក៏មានដែរ បងសម្តែងក្នុងរឿង «រាជិនីភូមិគ្រឹះ» ជាតួកាច និងរឿងទី ២ សុំលាក់ចំណងជើងសិន តែសម្តែងជាតួស្លូតទេ ហើយក៏មានរឿងទី ៣ ប្រហែលជាតួកាចទៀតហើយ»។
ខណៈអាជីពសិល្បៈ មមាញឹក តារាស្រីវ័យ ២៨ ឆ្នាំតែរូបសម្រស់មិនជ្រេតាមវ័យកញ្ញា កែវ សុបញ្ញា បានបង្ហើបពីជីវិតគូស្រករថា៖ «សម្រាប់បងវិញមិនទាន់មានម្ចាស់ចិត្តទេ ប៉ុន្តែក៏កំពុងតែមើលដែរ តែក៏ធ្លាប់មានគេចូលស្តីដណ្តឹង ប៉ុន្តែបងបដិសេធដោយសារបងចង់រកលុយសិន ចង់ឲ្យការងារកាន់តែមានលំនឹង និងរឹងមាំជាងនេះសិន ចាំយើងគិត ព្រោះខ្លួនឯងក៏ជិតចូល ៣០ ឆ្នាំស្អែកខានស្អែកហើយដែរ ក៏មិនចង់នៅយូរដែរ»។
គួររំឭកដែរថាតារាស្រីរូបនេះមុននឹងចូលប្រកួតប្រជែងក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia កញ្ញា កែវ សុបញ្ញា ក៏ធ្លាប់ជាបេក្ខភាពជោគជ័យទទួលបានជយលាភីលេខ ១ ពីការប្រឡងចម្រៀងក្នុងកម្មវិធី «Idol បេះដូងខ្មែរ» ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ច្រៀងតាមផាប់ និងកម្មវិធីមង្គលការទៀតផង។
តារាស្រីមានសំនៀងស្រទន់កញ្ញា កែវ សុបញ្ញា បានបញ្ជាក់ពីភាពពេញចិត្ត ដែលបានចូលប្រឡូកក្នុងវិស័យសិល្បៈថា៖ «ក្នុងអាជីពជាអ្នកសិល្បៈបានជួយសម្រួលដល់ជីវភាពបងបានច្រើន ហើយវាមានភាពខុសគ្នាខ្លាំងពីយើងមិនមែនអ្នកសិល្បៈកាលមុនច្រៀងនៅក្នុងកម្មវិធីការ ១ រោងបានតែ ១៥ ដុល្លារទៅ ១៧ ដុល្លារទេ លុះត្រាតែយើងថែមម៉ោងទៀត»។
នៅពេលខាងមុខកញ្ញាក៏មានគម្រោងបើកភោជនីយដ្ឋានសាជាថ្មី បន្ទាប់ពីបានបរាជ័យក្នុងរបរនេះពេលកន្លងមកដោយតារាស្រីរូបនេះកំពុងតែស្វះស្វែងរកទីតាំងថ្មី និងសិក្សាពីជំនួញនេះឲ្យបានច្បាស់លាស់សិន៕