ភ្នំពេញ: តារាចម្រៀងជិត ១ ទសវត្សន៍ និងជាអ្នកនិពន្ធទំនុកច្រៀងលោក កែវ សុភ័ស ហៅ ថូម៉ា ជ្រកក្រោយមផលិតកម្ម ប៊ី អិន ដែលមានលោក គីម ថាណា ជាអ្នកគ្រប់គ្រង កំពុងទទួលបានប្រជាប្រិយភាពតាមរយៈបទ «មនុស្សម្នាក់ដឹងខុស» និង បទ «ព្រម»។
តារាចម្រៀងប្រុសវ័យ ២៨ ឆ្នាំ ដែលមានសមត្ថភាពក្នុងការសម្តែង និងនិពន្ធបទភ្លេងបានផ្តល់បទសម្ភាស៍មកកាន់ ភ្នំពេញ ប៉ុស្តិ៍ ថា៖«ខ្ញុំបានចូលសិល្បៈជិត ១០ ឆ្នាំមកហើយ ដោយបានប្រឡងចម្រៀងនៅទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីឆ្នាំ ២០០៧ កាលនោះក្នុងទទួលបានជយលាភី ជាកម្មវិធីប្រឡងចម្រៀងលាក់មុខ»។
លោក កែវ សុភ័ស ក៏ធ្លាប់ជាតារាចម្រៀងនៅក្នុងផលិតកម្ម Top Man នៅពេលដែលបានទទួលជ័យលាភីក្នុងការប្រឡងចម្រៀងក្នុងទូរទស្សន៍អាស៊ីអាគ្នេយ៍។
បន្ទាប់ពីផលិតកម្ម Top Man បានបិទ តារាចម្រៀងរូបនេះ នៅបន្តក្នុងវិស័យសិល្បៈចម្រៀង ដោយមិនចូលជាសមាជិកក្នុងផលិតកម្មណាមួយឡើយអស់រយៈពេលច្រើនឆ្នាំ។
ក្រៅពីការងារសិល្បៈលោក កែវ សុភ័ស មិនមានការងារ ឬអាជីវកម្មអ្វីផ្សេងទៀតទេ ដោយតារាចម្រៀងសង្ហាររូបនេះបានបញ្ជាក់ថាចង់ពង្រឹងចំពោះការងារសិល្បៈឲ្យកាន់តែមានប្រជាប្រិយភាពជាងមុនសិន។
តារាចម្រៀងក្រោមទ្រនំផលិតកម្ម ប៊ីអិន បានបន្តទៀតថា៖ «បន្ទាប់ពីខ្ញុំបានចេញពីផលិតកម្ម Top Man មកមិនទាន់បានចូលផលិតកម្មផ្សេងទៀតទេ ប៉ុន្តែខ្ញុំក៏បានចូលក្នុងផលិតកម្ម ប៊ីអិន ដោយសារលោក គីម ថាណា ដែលជាម្ចាស់ផលិតកម្មធ្លាប់ជាតារាចម្រៀងរួមទ្រនំពីមុនមកគាត់មានធនធាន ទើបគាត់បើកផលិតកម្មខ្លួនឯង ហើយក៏បានហៅខ្ញុំឲ្យចូលច្រៀងក្នុងផលិតកម្មរបស់ខ្លួនតែម្តងទៅ ហើយខ្ញុំទើបតែបានចូលក្នុងផលិតកម្ម ប៊ីអិន រយៈពេលជិត ២ ឆ្នាំប៉ុណ្ណោះ»។
ចំពោះបទចម្រៀង ដែលតារាចម្រៀងប្រុសមានភាពរួសរាយរូបនេះធ្លាប់បានច្រៀងកន្លងមកសុទ្ធតែជាស្នាដៃនិពន្ធថ្មី ដោយលោកបានបញ្ជាក់ថា មិនធ្លាប់ច្រៀងចម្រៀងបែបកូពី (ចម្លង) បរទេសនោះទេ ហើយលោកបន្ថែមទៀតថា៖ «នៅថ្ងៃអនាគតខ្ញុំនៅតែខំប្រឹងចំពោះអាជីពជាអ្នកចម្រៀងមួយនេះ ព្រោះជាការស្រឡាញ់ពេញចិត្តរបស់ខ្ញុំតាំងពីក្មេង។ ក្នុងបច្ចុប្បន្ននេះដែរ ខ្ញុំកំពុងតែរិះរកបទចម្រៀងល្អៗ យកមកច្រៀង ដើម្បីបម្រើអារម្មណ៍ពុកម៉ែបងប្អូនបន្តទៀត»។
ទន្ទឹមនឹងនេះលោក កែវ សុភ័ស ហៅ ថូម៉ា កំពុងតែត្រៀមចេញបទចម្រៀងថ្មីៗជាច្រើនទៀត ដែលជាបទបែបស្រុកស្រែ និងបទសម្រាប់យុវវ័យដោយមានការនិពន្ធដោយលោក ស៊ឹម សុភ័ណ្ឌ ផងដែរ៕