ក្រុងបាងកក: ក្រៅពីការផ្ដល់កៅអី និងសៀវភៅសរសេរធ្វើអំពីក្រដាសកែច្នៃប្រើប្រាស់ឡើងវិញក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងបាងកក ប្រទេសថៃ និងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ឯទៀតត្រូវបានព្រមានកាលពីថ្ងៃអាទិត្យអំពីសកម្មភាពកាកសំណល់ប្លាស្ទិកពេញសមុទ្រ។
ប្រទេសថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម និងចិនបានបោះចោលសំរាមជាងពាក់កណ្ដាលនៃកាកសំណល់ប្លាស្ទិក ៨ លានតោនចូលទៅក្នុងទឹកសមុទ្រជារៀងរាល់ឆ្នាំ។ នេះបើយោងតាមរបាយការណ៍អភិរក្ស ការពារមហាសមុទ្រឆ្នាំ ២០១៧ (2017 Ocean Conservancy report)។
កិច្ចប្រជុំ ១០ ប្រទេសដែលមានមេដឹកនាំកំពូលមកជួបជុំគ្នានាចុងសប្ដាហ៍កន្លងទៅនេះ ឯក្រុងបាងកកក៏បានលើកឡើងផងដែរថា ប្រទេសអាស៊ានបាននាំចូលកាកសំណល់ប្លាស្ទិក ១ ភាគ ៤ នៃបរិមាណសំរាមប្លាស្ទិកទូទាំងសកលលោកដែលត្រូវបានដឹកចេញពីបណ្ដាប្រទេសសេដ្ឋកិច្ចជឿនលឿនផងដែរ។
ប្រទេសថៃដែលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរយៈពេល ២ ថ្ងៃ បានបង្ហាញនូវអាវយឺតច្នៃពីសំរាម ប្រអប់អាហារងាយនឹងរលាយមិនប៉ះពាល់ដល់បរិស្ថាន និងកៅអីចំនួន ៣០០ ធ្វើពីក្រដាសច្នៃយកមកប្រើប្រាស់ឡើងវិញ។ ចេតនាបង្ហាញនូវផលិតផលទាំងនេះបែរជាទាក់ទាញនូវការរិះគន់ទៅវិញ។
លោក Tara Buakamsri ពីអង្គការការពារបរិស្ថាន Greenpeace បានលើកឡើងថា វាជារឿងដែលមិនចាំបាច់ដែលប្រទេសថៃបង្ហាញរបស់ធ្វើពីក្រដាសទាំងនោះ ខណៈដែលប្រទេសខ្លួនជោរជន់ដោយថង់ប្លាស្ទិក កែវ ចានពាសពេញផ្លូវ។
លោកថា៖ «ការបង្ហាញផលិតផលច្នៃពីសំរាមមិនមានន័យថា នេះជាកិច្ចប្រជុំពណ៌បៃតងឡើយ»៕