The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កំប្លោក​ និង ​ផ្កា​ពណ៌​ស្វាយ​ បង្ក​ការ​គំរាម​កំហែង​ជីវភាព​ប្រជា​នេសាទ អ៊ីរ៉ាក់​

កំប្លោក​ និង ​ផ្កា​ពណ៌​ស្វាយ​ បង្ក​ការ​គំរាម​កំហែង​ជីវភាព​ប្រជា​នេសាទ អ៊ីរ៉ាក់​

Content image - Phnom Penh Post
ទូកត្រង​​កំប្លោក​​ចេញ​ពី​​ទន្លេ​អូប្រាត ខេត្ដ​ឌីក្វា។ រូបភាព AFP

កំប្លោក​ និង ​ផ្កា​ពណ៌​ស្វាយ​ បង្ក​ការ​គំរាម​កំហែង​ជីវភាព​ប្រជា​នេសាទ អ៊ីរ៉ាក់​

ក្រុង​បាដាដ៖ ស្លឹកឆែក​កំប៉ាង​​ និង​ផ្កា​ពណ៌​​ស្វាយ​​​ដែល​អណ្ដែត​លើ​ដង​ទន្លេ​អូប្រាត​​ រំលេច​នូវ​ទេសភាព​​ស្រស់ត្រកាល ​ប៉ុន្តែ​រុក្ខជាតិ​នេះ​បាន​ធ្វើ​ឲ្យ​​កកស្ទះ​​​ផ្លូវ​ទឹក​ អ៊ីរ៉ាក់ ​​ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​ «ដែន​​​ដី​​ទន្លេ​ទាំង ២»​។

ផ្កាកំប្លោក​ ឬ​ហៅ​ថា​ ផ្កានីល នៅ​ប្រទេស អ៊ីរ៉ាក់ ជា​រុក្ខជាតិ​ដែល​ដុះវាទទី​ មាន​ដើម​កំណើត​នៅ​ទន្លេ​​ អាម៉ាហ្សូន​នៃ​តំបន់​​អាមេរិក​ខាងត្បូង​ដែល​បាន​បំផ្លាញ​ប្រព័ន្ធ អេកូឡូស៊ី ​នៅ​ទូទាំង​ពិភព​លោក ចាប់​​ពី​ស្រីលង្កា​ រហូត​ដល់​ នីហ្សេរីយ៉ា។

ការ​រីករាល​ដាល​យ៉ាង​ឆាប់រហ័ស​នៃ​រុក្ខជាតិ​នេះ​បាន​បង្ក​ជា​ហានិភ័យ​ធំ​នៅ អ៊ីរ៉ាក់​ ​​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​​​ក្តៅ​បំផុត​​លើ​ពិភព​លោក​​ ដែល​ជារឿយៗ​កំពុង​ទទួល​រង គ្រោះរាំង​ស្ងួត​និង​ការ​រីង​ស្ងួត​ធនធានទឹក​ដោយសារ​ការ​ប្រើប្រាស់​ទឹក​ច្រើន​ហួស​កំណត់​ការ​បំពុល​បរិស្ថាន​និង​ការ​ទប់​​ទំនប់នៃ​ខ្សែ​ទឹក​ខាង​លើ​​។

ផ្កា​​កំប្លោក​ដ៏​ចម្លែក​​នេះ​ទើប​​ត្រូវ​បាន​ណែនាំ​​មក​ដល់​ អ៊ីរ៉ាក់​ពីរទសវត្សរ៍​មុន​ ក្នុង​នាម​​​ជា​រុក្ខជាតិ​លម្អ​ ប៉ុន្តែ​ឥឡូវនេះ​ទន្លេ​ ទីហ្គ្រីស​ និង អូប្រាត ត្រូវ​បាន​រាំង​ស្ទះ​ដោយសារ​ការ​ដុះ​រីករាល​ដាល​យ៉ាង​ឆាប់​រហ័ស​​​។

ស្លឹក​រលោង​បង្កើត​ជា​គម្របក្រាស់​ឃ្មឹក​ ដែល​ស្រូប​យក​ទឹក​រហូត​ដល់​ ៥ ​លីត្រ ចំពោះ​រុក្ខជាតិ​នីមួយៗ​​ក្នុង​មួយ​ថ្ងៃ​និង​រាំង​ស្ទះ​​ពន្លឺព្រះអាទិត្យ​រួម​ទាំង​អុកស៊ីសែន​ ដ៏​មាន​អត្ថ​ប្រយោជន៍​សម្រាប់​ជីវិត​​សត្វ​​ខាង​ក្នុង​ទឹក​។

Content image - Phnom Penh Post
កំប្លោក ឬផ្កានីល ជា​រុក្ខជាតិ​គំរាម​កំហែង​ទន្លេ អូប្រាត ប្រទេស ​អុីរ៉ាក់។ រូបថត AFP

នោះ​ជា​មូលហេតុ​ដែលកំប្លោក​ជា​រុក្ខជាតិ​គួរ​ឲ្យ​​ស្អប់​សម្រាប់​អ្នក​នេសាទ អ៊ីរ៉ាក់​ដែល​លក់​ត្រី​​នៅ​តាម​ទីផ្សារ​ក្នុងស្រុក​សម្រាប់​​ចម្អិនម្ហូប​ «masgouf» ប្រចាំ​ប្រទេស។

ដោយសារតែ​​កំប្លោក​ដុះ​​រីករាលដាល​ខ្លាំង​​ត្រី​ក្អែក​​ងាប់​អស់ ហើយ​ការ​នេសាទ​​ជាប់​តែ​​ស្លឹក ឫស និង​ផ្កា​កំប្លោក​ ដែល​ធ្វើ​ឲ្យ​​រាំងស្ទះ​ដល់​ការ​ធ្វើ​ដំណើរ​តាម​ទូក​ផង​ដែរ​។

ចាឡាបអាល់​ សារីហ្វី ជា​អ្នកនេសាទ​រស់នៅ​ភាគ​ខាងត្បូង​ខេត្តឌីក្វា​ដែល​រស់​នៅ​ពឹង​អាស្រ័យ​​លើ​​​ទន្លេ​អូប្រាត​បាន​និយាយ​ថា៖ «​ជីវភាព​រកស៊ី​របស់​យើង​បាន​បាត់បង់​អស់​ហើយ​ដោយសារ​តែ​ផ្កានីល»​។​

អ្នក​នេសាទ​ម្នាក់​ទៀត​នៅ​ភាគ​ខាងកើត​នៃ​ទីក្រុង បាដាដ ដែល​នេសាទ​នៅ​តាម​ទន្លេ​ទីហ្គ្រីស​បាន​និយាយ​ថា ការ​ដឹកទំនិញ​របស់​គាត់​បាន​ធ្លាក់​ចុះ​ដល់​​ពាក់​កណ្តាល​។

រុក្ខជាតិ​នេះ​បាន​ធ្វើឲ្យ​កម្រិត​ទឹក​ស្រក​ខ្លាំង និង​ស្ទះ​ប្រព័ន្ធ​ធារាសាស្ត្រ​ដែល​តែង​បញ្ជូល​ទឹក​ទៅ​កាន់​ដី​កសិកម្ម​។

លោក Ahmed Yasser ជា​កសិករ​នៅក្នុង​ភូមិ​មួយ​នៅ​ជិត​ក្រុង​ Kut ភាគខាងកើត​​ក្រុង ​បាដាដ បាន​ឲ្យ​ដឹងថា​៖ ​«​​អំឡុងពេល​ប្រមូលផល​នេះ​ការ​លក់បន្លែ​របស់យើង​នៅក្នុង​ទីផ្សារ​ក្នុងស្រុក​បានធ្លាក់ចុះ​មួយ​ភាគបី​»។

មន្រ្តី អ៊ីរ៉ាក់​បាន​រាយការណ៍​ថា​ កំប្លោក​បង្ក​​បញ្ហា​​ផ្សេង​ទៀត ដោយ​បរិមាណ​រុក្ខជជាតិ​នេះ​ ប្រវែង ១០០ ម៉ែត្រការ៉េ អាច​មាន​ទម្ងន់​​ដល់ ៥ តោន ​ដែល​ធ្វើ​ឲ្យ​រ៉ាំង​ស្ទះ​​ហេដ្ឋារចនា​សម្ព័ន្ធ​​មាត់​ទន្លេ។

Content image - Phnom Penh Post
ទូកត្រង​កំប្លោក​ដែល​កំពុង​ដុះ​រីក​រាល​ដាល​​ទន្លេ ​អូប្រាត​។ រូបថត AFP

នៅ​ក្នុង​ភូមិ​ អាល់បាដា ​ស្ពានឥដ្ឋ​មួយ​ដែល​ធ្លាប់​​លាតសន្ធឹង​នៅ​ទន្លេ​ អូប្រាត ​ឥឡូវ​ត្រូវ​បាន​គ្រប​ដណ្ដប់​ដោយ​​កំប្លោក។

លោក ចាលីប អាល់ អាប់បូឌី ជា​មេភូមិ បាន​និយាយ​ថា៖​ «ប្រសិន​បើ​មិន​កម្ទេច​ផ្កា​កំប្លោក​ទេ ស្ពាន​និង​ទំនប់​អាល់បាដា​នឹង​បាក់​រលំ​»។

ប៉ុន្តែ​លោក សាឡេះ ហាឌី ​ប្រធាន​​ផ្នែក​ស្រាវជ្រាវ​នៅ​អគ្គនាយកដ្ឋាន​កសិកម្ម​DhiQar បាន​ឲ្យ​ដឹង​ថា៖ «ក្រសួង​បាន​ដឹង​ច្បាស់​ពី​គ្រោះថ្នាក់​និង​កំពុង​ខិតខំ​រិះរក​វីធី​​ដោះស្រាយ​បញ្ហា​»។​

លោក​បាន​ប្រាប់ AFP ថា​៖ «ក្រសួង​ធនធាន​ទឹក​កំពុង​ធ្វើ​ការ​ទប់ស្កាត់​ការ​បំពាន​របស់​រុក្ខជាតិ​ដោយ​ផ្ដាច់​ឫសពី​ប្រឡាយ​ធារាសាស្ដ្រ​»។

ជាក់ស្ដែង​អ្នកភូមិ អ៊ីរ៉ាក់​នៅ​តាម​មាត់​ទន្លេអូប្រាត​បាន​ចាប់​ដក​​កំប្លោក​​ដោយ​ដៃ​ជំនួស​ឲ្យ​​ការប្រើ​ថ្នាំ​​គីមី​ដែល​អាច​នឹង​បំផ្លាញ​ប្រព័ន្ធ​អេកូឡូស៊ី​។

Content image - Phnom Penh Post
ប្រជានេសាទ​អុីរ៉ាក់ ​បង់​​សំណាញ់​លើ​ដង​ទន្លេ ​អូប្រាត។ រូបថត AFP

ប៉ុន្តែ​​ឆ្នាំ​នេះ​ដោយ​មាន​ការ​រឹត​ត្បឹត​​នៅ​ទូទាំងប្រទេស​​​ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​កូវីដ-១៩​បាន​ទុក​ឱកាស​ឲ្យ​​​កំប្លោក​​កាន់តែ​ដុះ​វាតទី​ខ្លាំង​។ ​យ៉ាង​ណា​មិញ ទុក​រឿង​​បម្រាម​មួយ​ឡែក ​អ្នក​ភូមិ​មួយ​ចំនួន​ធ្វើ​យុទ្ធនាការ​កម្ទេសច​ផ្កា​ប៉ារ៉ាស៊ីត​ដែល​ពួកគេ​មើលឃើញ​ថា​ជា​ការ​គំរាមកំហែង​ដ៏ធំ​ដល់​ជីវភាព​រស់នៅ​របស់​ពួកគេ​ជាង​​ជំងឺ​រាតត្បាត​ទៅ​ទៀត​។

​ខណៈ​​អ្នកភូមិ​នាំគ្នាប្រើ​ដៃ​​ដកកំប្លោក​​​លោក មូហាមេដ​គូវ៉ាអុីត​​ជា​សកម្មជន​បរិស្ថាន​និង​ជា​សមាជិក​នៃ​សហករណ៍​កសិកម្ម​​មាន​​គំនិត​​កាន់តែ​ល្អ​។

គំនិត​ផ្ដួច​ផ្ដើម​​របស់លោក​ ​បាន​រៃអង្គាស​ប្រាក់​បាន​ប្រហែល​ ៨០០ ដុល្លារ​ពី​ប្រជាកសិករ​ក្នុង​តំបន់​​ក្នុង​ការ​ទិញ​​​ទូក​ល្បឿន​លឿនដើម្បី​​សម្អាត​​ផ្លូវទឹក​ដោយការ​​កាត់​ត្រង​កំប្លោក​​​ទាំងអស់​។

លោក ​គូវ៉ាអ៊ីត បាន​ឲ្យ​ដឹងថា​៖ «​​រដ្ឋាភិបាល​មិន​ខ្វល់​ខ្វាយ​​អី​សោះ​ ដោយ​បណ្ដែត​បណ្ដោយ​ឲ្យ​រុក្ខជាតិ​ចង្រៃ​នេះដុះ​រាល​ដាល​ដូច​ភ្លើង​ឆេះ​ព្រៃ​»៕ AFP/RS

អត្ថបទគួរចាប់អារម្មណ៍