The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កំពូល​តារា​បង្ហាញម៉ូដ​កម្ពុជា​នឹង​ចាប់ផ្តើម​ប្រកួតប្រជែង​គ្នា​យ៉ាង​ស្វិតស្វាញ

កំពូល​តារា​បង្ហាញម៉ូដ​កម្ពុជា​នឹង​ចាប់ផ្តើម​ប្រកួតប្រជែង​គ្នា​យ៉ាង​ស្វិតស្វាញ

តារា​បង្ហាញម៉ូដ​កំពុង​បង្ហាញ​រាង​ចំពោះ​មុខ​គណៈកម្មការ​ទាំង​បួន​រូប​នៅក្នុង​វគ្គ​ជម្រុះ។
តារា​បង្ហាញម៉ូដ​កំពុង​បង្ហាញ​រាង​ចំពោះ​មុខ​គណៈកម្មការ​ទាំង​បួន​រូប​នៅក្នុង​វគ្គ​ជម្រុះ។ ហុង មិនា

កំពូល​តារា​បង្ហាញម៉ូដ​កម្ពុជា​នឹង​ចាប់ផ្តើម​ប្រកួតប្រជែង​គ្នា​យ៉ាង​ស្វិតស្វាញ

ភ្នំពេញៈ ទូរទស្សន៍ MyTV បាន​រៀបចំ​ការ​ប្រកួត​ជា​អន្តរជាតិ​លើក​ដំបូង​បង្អស់​សម្រាប់​នារី​វ័យក្មេង​នៅ​ទូទាំង​ប្រទេស​ដែល​មាន​ក្ដីសុបិន​ចង់​ក្លាយ​ជា​កំពូល​តារា​បង្ហាញម៉ូដ​ដើម្បី​ប្រកួតប្រជែង​គ្នា​ដណ្ដើម​ពាន​រង្វាន់​ដ៏​មាន​កិត្យានុភាព​គឺ​«​កំពូល​តារា​បង្ហាញម៉ូដ​កម្ពុជា» ហើយ​កម្មវិធី​នេះ​នឹង​ចាប់ផ្តើម​ការ​ផ្សាយ​របស់​ខ្លួន​ចាប់ពី​ថ្ងៃ​ទី​១៤ វិច្ឆិកា ឆ្នាំ​២០១៤​នេះ​។

បេក្ខនារី​រាប់ពាន់​នាក់​អាយុ​ចន្លោះ​ពី​១៨​ឆ្នាំ​ដល់​២៧​ឆ្នាំ និង​កម្ពស់​ចាប់ពី​១,៦៥​ម៉ែត្រ​ឡើង​ទៅ​មកពី​ទូទាំង​ប្រទេស ដែល​ដាក់​ពាក្យ​សុំ​ចូលរួម​ប្រកួត​ពី​ខែ​កុម្ភៈ ដល់​ខែ​មិថុនា ឆ្នាំ​២០១៤ ហើយ​ក្នុង​ចំណោម​រាប់​ពាន់​នាក់​នោះ​មាន​តែ​បេក្ខនារី​ដែល​មាន​សំណាង និង​សក្ដានុពល​៣៥​នាក់​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ជ្រើសរើស​មក​ប្រកួត​នៅ​វគ្គ​ជម្រុះ​រយៈពេល​២​ថ្ងៃ​គឺ​ថ្ងៃ​ទី​១៤-១៥ ខែ​មិថុនា ឆ្នាំ​២០១៤ នៅឯ​សណ្ឋាគារ កាំបូឌីយ៉ាណា ដើម្បី​ជ្រើសរើស​យក​តែ​១៥​នាក់​សម្រាប់​ការ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

តារា​បង្ហាញម៉ូដ​ទាំង​១៥​រូប​ចុងក្រោយ​ដែល​នឹង​ត្រូវ​ប្រកួត​គ្នា​ដណ្តើម​យក​ជ័យលាភី​លេខ​មួយ។
តារា​បង្ហាញម៉ូដ​ទាំង​១៥​រូប​ចុងក្រោយ​ដែល​នឹង​ត្រូវ​ប្រកួត​គ្នា​ដណ្តើម​យក​ជ័យលាភី​លេខ​មួយ។ ម៉ៃ វីរៈ

សម្រាប់​កម្មវិធី​នេះ នៅ​ទីបញ្ចប់​នៃ​ការ​ប្រកួត​ជ័យលាភី​តែ​មួយ​រូប​គត់​នឹង​ទទួល​បាន​ពាន​រង្វាន់​អម​ដោយ​ប្រាក់​រង្វាន់​សរុប ២០០០០ ដុល្លារ​អាមេរិក និង​ឱកាស​អាជីព​ដ៏​មាន​អនាគត​នៅក្នុង​វិស័យ​បង្ហាញ​ម៉ូដ​នេះ។

កម្មវិធី​ប្រឡង​ជ្រើសរើស​កំពូល​តារា​បង្ហាញម៉ូដ ដែល​រៀបចំ​ដោយ​ស្ថានីយ​ទូរទស្សន៍​ម៉ាយធីវី​នេះ មាន​អ្នកនាង យុគ ចិន្ដា ជា​ពិធីការិនី​ដ៏ល្បីល្បាញ​របស់​កម្ពុជា ជា​អ្នក​តាមដាន​ជីវិត​របស់​បេក្ខនារី​ទាំង​១៥​រូប​ដែល​រស់​នៅក្នុង​ផ្ទះ​របស់​កម្មវិធី «កំពូល​តារា​បង្ហាញម៉ូដ​កម្ពុជា​» ក្នុង​រយៈពេល​១៦​សប្ដាហ៍ ខណៈ​ដែល​ពួកគេ​នឹង​ត្រូវ​ប្រែ​ក្លាយ​ខ្លួន​ពី​នារី​ដែល​មាន​រូបសម្ផស្ស​ស្អាត​ធម្មតា​ទៅ​ជា​តារា​បង្ហាញម៉ូដ​អាជីព​តាមរយៈ​ការ​អនុវត្ត​កិច្ចការ និង​លំហាត់​បង្ហាញ​ម៉ូដ​ជាច្រើន។

កម្មវិធី​នេះ​បង្ហាញ​ជូន​នូវ​ឈុត​នានា​នៃ​ការ​បង្ហាត់​បង្រៀន​ការ​ដើរ​បង្ហាញ​ម៉ូដ និង​ជំនាញ​ទាន់​សម័យ​ដែល​ចែករំលែក​ដោយ​អ្នក​ជំនាញ និង​តារា​ជើងចាស់ ខណៈ​តារា​បង្ហាញម៉ូដ​នឹង​ត្រូវ​ធ្វើ​តេស្ត​តាមរយៈ​លំហាត់​ដ៏លំបាកៗ​ដើម្បី​ឈ្នះ​រង្វាន់​ប្រចាំ​សប្ដាហ៍​។ បន្ទាប់មក​បេក្ខនារី​ត្រូវ​ថត​រូបភាព ឬ​ថតស្ប៉ត​ពាណិជ្ជកម្ម​ទូរទស្សន៍​ដោយ​ផ្អែក​លើ​ប្រធានបទ និង​គោលគំនិត​ច្នៃប្រឌិត​ប្លែកៗ។ រៀងរាល់​សប្ដាហ៍​នីមួយៗ បេក្ខនារី​មួយ​រូប​នឹង​ត្រូវ​ជម្រុះ​ចេញ​ពី​កម្មវិធី​ដោយ​អាស្រ័យ​លើ​គុណភាព​រូបថត និង​ការ​អនុវត្ត​ទូទៅ​។

ក្នុង​គោលបំណង​ដើម្បី​លើក​កម្ពស់​វិស័យ​បង្ហាញ​ម៉ូដ​នៅ​កម្ពុជា និង​លើក​កម្ពស់​ចំណេះដឹង និង​ជំនាញ​ទាក់ទង​នឹង​ម៉ូដ​ទាន់​សម័យ ទាំង​បេក្ខនារី និង​ទាំង​អ្នក​ទស្សនាកម្មវិធី​នេះ​នឹង​ត្រូវ​ថត​នៅ​ទីតាំង​ខុសៗ​គ្នា​នៅ​ទូទាំង​ប្រទេស​កម្ពុជា។

ជាមួយ​គ្នា​នេះ​ដែរ​ដើម្បី​ត្រៀម​លក្ខណៈ​បេក្ខនារី​សម្រាប់​ការ​ដើរ​បង្ហាញ​ម៉ូដ​លើ​ឆាក​អន្តរជាតិ បេក្ខនារី​ឆ្នើម​មួយ​ចំនួន​នឹង​មាន​ឱកាស​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​ដើម្បី​បន្ត​ការ​ប្រកួត​បង្ហាញម៉ូដ​ផង​ដែរ។ កម្មវិធី​នេះ​ចាប់ផ្ដើម​ថត​នៅ​ខែ​មិថុនា​ឆ្នាំ​២០១៤ ហើយ​នឹង​ត្រូវ​ចាក់​ផ្សាយ​ចាប់ពី​ថ្ងៃ​សុក្រ​ទី​១៤ វិច្ឆិកា ឆ្នាំ​២០១៤​នេះ​តទៅ​នៅលើ​កញ្ចក់​ទូរទស្សន៍ MyTV។

លោក លី អុងម៉ារឌី សហផលិតករ​នៃ​កម្មវិធី​នេះ​បាន​និយាយ​អំពី​ការ​ប្រឡង​នេះ​ថា នេះ​មិនមែន​សម្រាប់​តែ​តារា​បង្ហាញម៉ូដ​ប៉ុណ្ណោះ​នោះ​ទេ។ បេក្ខនារី​ទាំងអស់ នឹង​ទទួល​បាន​អាជីព​ផ្សេងៗ​ដែល​មាន​សក្ដានុពល​នៅ​ចុងបញ្ចប់​នៃ​កម្មវិធី។

គណៈមេប្រយោគ​ដែល​រួមមាន​ពិធីករ យុគចិន្ដា អ្នក​រចនាម៉ូដ​ទាន់សម័យ​អន្តរជាតិ ហ៊ូរ រ៉េមី តារា​បង្ហាញម៉ូដ​ដ៏ល្បី​របស់​កម្ពុជា គួយ ច័ន្ទដានិច និង​អ្នកថតរូប​បង្ហាញ​ម៉ូដ និង​អ្នកដឹកនាំ​ការសម្ដែង​លោក ចែម វុឌ្ឍសុវិន្ទ នឹង​កំណត់​ថា តើ​បេក្ខនារី​ណា​ដែល​ត្រូវ​បន្ត​នៅ និង​បេក្ខនារី​ណា​ដែល​ត្រូវ​ចាកចេញ​ពី​ការ​ប្រឡង។

លោក ចែម វុឌ្ឍសុវិន្ទ មាន​ប្រសាសន៍​ថា៖ «​ការ​ប្រឡង​ជ្រើសរើស​កំពូល​តារា​បង្ហាញម៉ូដ​កម្ពុជា​នេះ​នឹង​ផ្ដល់​ឱកាស​ឲ្យ​បេក្ខនារី​ប្រឡង​បាន​ឃើញ​ពី​វិស័យ​បង្ហាញ​ម៉ូដ​ដែល​មាន​ស្តង់ដារ​ខ្ពស់​ពិតប្រាកដ ហើយ​ខ្ញុំ​ជឿជាក់​ថា បេក្ខនារី​យើង​នឹង​មាន​ភាព​ចាស់ទុំ​ក្នុង​អាជីព​បង្ហាញម៉ូដ​នេះ​តាមរយៈ​ការ​បង្ហាត់​បង្រៀន​ទាំងឡាយ​ដែល​ពួកគេ​នឹង​ចូលរួម ហើយ​រូប​ខ្ញុំ​ផ្ទាល់​ដែល​ជា​អ្នក​ថតរូប​ការ​បង្ហាញម៉ូដ និង​គណៈមេប្រយោគ​ដទៃ​ទៀត​ដែល​មាន​បទពិសោធ​ធ្វើការ​ជាមួយ​តារា​បង្ហាញម៉ូដ​ជាតិ និង​អន្តរជាតិ​នឹង​ផ្ដល់​មតិ​រិះគន់​ស្ថាបនា និង​ដំបូន្មាន​ដើម្បី​ធ្វើឲ្យ​បេក្ខនារី​ទាំងអស់​ក្លាយ​ជា​តារា​បង្ហាញ​ម៉ូដ​អាជីព​ដែល​មាន​ជោគជ័យ​ទៅ​ថ្ងៃ​មុខ​ទោះបី​ពួកគេ​ឈ្នះ ឬ​មិន​ឈ្នះ​នៅក្នុង​ការ​ប្រឡង​នេះ​ក្ដី»។

កម្មវិធី​ប្រឡង​ជ្រើសរើស​កំពូល​តារា​បង្ហាញម៉ូដ​កម្ពុជា​យក​លំនាំ​តាម​កម្មវិធី​កំពូល​តារា​បង្ហាញម៉ូដ​របស់​អាមេរិក​ដែល​ទទួល​ជោគជ័យ​នៅលើ​ពិភពលោក ដែល​ចាក់​ផ្សាយ​នៅក្នុង​ជាង​២០​ប្រទេស ជុំវិញ​ពិភពលោក។ កម្មវិធី​កំពូល​តារា​បង្ហាញម៉ូដ​នេះ​ផលិត​ដោយ​ពិធីការិនី និង​អតីត​កំពូល​តារា​បង្ហាញម៉ូដ​សហរដ្ឋអាមេរិក Tyra Banks៕

អត្ថបទគួរចាប់អារម្មណ៍