ភ្នំពេញៈ កំហឹងនៅលើដងផ្លូវ (Road Rage) អំឡុងពេលបើកបរជាបញ្ហាចោទគួរឲ្យព្រួយបារម្ភដែលអាចនាំឲ្យមានការធ្វេសប្រហែសមិនទទួលខុសត្រូវ និងមិនយកច្បាប់មកធ្វើជាគោលក្នុងការធ្វើដំណើរ។
យោងតាមអនុបណ្ឌិតចិត្តសាស្ត្រលោក ហឿ សេធុល បញ្ហានេះផ្ដើមចេញពីបញ្ហាស្ទះចរាចរណ៍រយៈពេលយូរដែលប៉ះពាល់ដល់អារម្មណ៍បុគ្គល អ្នកបើកបរអាចចាប់ផ្ដើមខឹងមួម៉ៅ និងច្របូកច្របល់។
អ្នកជំនាញចិត្តសាស្ត្រកម្ពុជារូបនេះបានពន្យល់ពីបញ្ហាកើតមានកំហឹងក្នុងការបើកបរនៅលើដងផ្លូវឲ្យដឹងថា៖ «អ៊ីចឹងនៅពេលដែលផ្លូវចាប់ផ្តើមឈប់ស្ទះ បុគ្គលដែលបើករថយន្ត ឬក៏ម៉ូតូគាត់ចាប់ផ្តើមបើកលឿនយកតែម្តង លែងគ្រប់គ្រងខ្លួនឯងបានល្អ។ ចំណុចនេះគឺជាការសិក្សាមួយដែលគេបានបង្ហាញ ហើយចំណុចនេះហើយដែលអាចបណ្តាលឲ្យប្រឈមនឹងគ្រោះថ្នាក់វាកើនឡើង»។
លោកសម្គាល់ឃើញដែរថា កំហឹងនៅលើដងផ្លូវនៅកម្ពុជាមានការកើនឡើង ស្របនឹងកំណើនការប្រើប្រាស់រថយន្តដែលជាមូលហេតុធ្វើឲ្យមនុស្សកាន់តែមានអារម្មណ៍ពុះកញ្ជ្រោលមានកំហឹងនៅលើដងផ្លូវ និងបើកបរគ្មានការប្រុងប្រយ័ត្ន។
លោក ហឿ សេធុល បានបន្តទៀតថា៖ «ទាក់ទងជាមួយកត្តាសង្គមរបស់យើងដែលចង់និយាយពីរបៀបនៃការបើកបររបស់ប្រជាជនយើងនៅខ្វះសណ្តាប់ធ្នាប់ ការយល់ដឹងផ្នែកច្បាប់។ អ៊ីចឹងក៏ធ្វើឲ្យពួកគាត់ទៅជាអនាធិបតេយ្យច្រើនហើយការដែលធ្វើអនាធិបតេយ្យច្រើនក៏ធ្វើឲ្យការកកស្ទះកាន់តែច្រើន ហើយនៅពេលដែលមានរឿងកើតឡើងពួកគាត់បានគិតថាយកលុយជាអាង។ អ៊ីចឹងកាន់តែធ្វើឲ្យពួកគាត់លែងខ្វល់ពីបញ្ហាអស់ទាំងនេះ ហើយក៏មានកត្តាផ្សេងៗជាច្រើនទៀត»។
អ្នកជំនាញផ្នែកចិត្តសាស្ត្របញ្ចប់ការសិក្សាមកពីប្រទេសហ្វីលីពីនរូបនេះ ក៏បានលើកឡើងពីចំណុចដែលអាចរួមចំណែកបំបាត់បញ្ហានៅលើដងផ្លូវនេះដែរ ដោយលោកថា៖ «ការចែងច្បាប់ និងក្រឹត្យក្រមរបស់យើងមានហើយ ប៉ុន្តែយើងក៏ត្រូវមានការពង្រឹងឲ្យមានការអនុវត្តខ្ពស់ជាងនេះ។ ជួនកាលក៏មិនត្រូវបន្ទោសទៅលើផ្នែកច្បាប់មួយមុខ ដែលវាទាក់ទងជាមួយការសិក្សា ការអប់រំរបស់បុគ្គលដូចគ្នា។ ពួកគាត់គួរតែចូលសាលាបង្រៀនបើកបរឲ្យច្បាស់លាស់ មិនមែនយកលុយទៅទិញសិទ្ធិក្នុងការបើកបរដោយគ្មានវិជ្ជាជីវៈនោះទេ ហើយក្មេងដែលមិនទាន់គ្រប់អាយុក៏មិនគួរបណ្តោយឲ្យបើកបរនៅដងផ្លូវសាធារណៈដូចគ្នា»។
កំហឹងលើដងផ្លូវប៉ះពាល់ទៅលើសង្គមច្រើនដោយដើមហេតុអាចកើតមកពីបុគ្គលគ្មានសណ្តាប់ធ្នាប់ ចាប់ផ្តើមចេញពីការរៀបចំផ្ទះជាដើម។ បើសិនជាបុគ្គលបែបនេះចេញមកប្រឡូកការងារខាងក្រៅ ហើយក៏នៅតែមិនមានសណ្តាប់ធ្នាប់ វាអាចប៉ះពាល់ដល់ផ្នែកផ្សេងទៀតនៅក្នុងសង្គម។
លោក ហឿ សេធុល ក៏បានបន្ថែមដែរថា៖ «ខ្ញុំចង់សំណូមពរដល់រាជរដ្ឋាភិបាលជួយសិក្សាស្រាវជ្រាវផ្នែក Road Rage ឲ្យបានច្រើន និងច្បាស់លាស់ ដើម្បីយើងកែលម្អសង្គមយើងជាផ្នែកមួយសំខាន់បំផុត និងជួយពង្រឹងផ្នែកច្បាប់ឲ្យកាន់តែមានប្រសិទ្ធភាព។ បើសិនជាអ្នកខុសបានទទួលទោសតាមច្បាប់គ្រប់គ្នា ខ្ញុំជឿថាប្រជាជនពិតជាមានទំនុកចិត្តមកលើផ្នែកច្បាប់ និងលែងមានអំពើហិង្សានៅលើដងផ្លូវជាប្រាកដ»៕