ក្រុង​បាត់ដំបង៖ នាពេល​​ថ្មីៗ​នេះ ​សង្កេត​ឃើញ​ថា​ តាម​បណ្តាញ​សង្គម​​ហ្វេសប៊ុក​កំពុង​តែ​នាំ​គ្នា​លើក​យក​រូប​ចម្លាក់​​​ឈើ​ ដែល​រំលេច​​រូប​​​​​ក្រុម​​កងទ័ព​ជើង​ទឹក​ខ្មែរ​​ដ៏​អង់អាច ដោយ​ការ​​​ប្រើប្រាស់​ទូក​​​ធ្វើ​ចម្បាំង​​ ទៅ​កម្ចាត់​​ខ្មាំង​សត្រូវ​​ នា​សម័យ​​អង្គរ​ ក្រោយ​ពី​លេច​ចេញ​រូបភាព​នេះ​ (ទូក​ធ្វើ​ចម្បាំង​​) នៅ​លើ​​​យន្តហោះ​​​ក្រុមហ៊ុន​​ហោះហើរ​មួយ​នៃ​ប្រទេស​ជិត​ខាង​កម្ពុជា​​​នោះ​។​​

ភាព​លេចធ្លោ​នៃ​បណ្តុំ​ចម្លាក់​ឈើ ​បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​នោះ គឺ​ជា​ស្នាដៃ​របស់​សិល្បករ​ចម្លាក់​វ័យ​​ ៤៥ ឆ្នាំ ​លោក​គ្រូ គឹម សិលា ​មាន​បទពិសោធ ​២០ ឆ្នាំ ​និង​បច្ចុប្បន្ន​ ជា​នាយក​រង​របស់​​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សិល្បៈ​​សូន​រូប​មត៌ក​​អង្គរ​ ​នៅ​ភូមិ​វត្ត​រំដួល ឃុំ​ចម្ការ​សំរោង ក្រុង​ និង​ខេត្ត​បាត់ដំបង​។​ នាពេល​សព្វ​​ថ្ងៃ​មជ្ឈមណ្ឌល​នេះ​កំពុង​ទទួល​បន្ទុក​​បណ្តុះបណ្តាល​សិស្ស​​ ២៥ នាក់ ដែល​មក​​រៀន​សូត្រ​ជំនាញ​ចម្លាក់​ចម្លាក់​​​ឈើ ដែល​លោក គឹម សិលា បាន​​បង្រៀន និង​ផ្តល់​ការងារ​មាន​ប្រាក់​ឈ្នួល​​ឲ្យ​សិស្ស​ទាំង​នោះ​ទៀត​ផង ទម្រាំ​ដល់​​ពួក​គេ​​អាច​មាន​ចំណេះ​ជំនាញ​ស្ទាត់​អាច​ប្រកប​ជា​អាជីវកម្ម​បាន​​​​ចន្លោះ​ពី ៣ ខែ ទៅ ​៦ ​ខែ​។

លោកគ្រូ​​ជំនាញ​ចម្លាក់​ឈើ​​មាន​វ័យ​ ៤៥ ​ឆ្នាំ​រូប​នេះ​​​ឲ្យ​ដឹង​ថា៖ «​ជំនាញ​​ចម្លាក់​ឈើ​នេះ ប្រសិន​បើ​សិស្ស​​គាត់​មាន​​ភាព ឆា្លត​វៃ​នោះ គឺ​អាច​ចំណាយ​​ពេល​​រៀន​សូត្រ​ចន្លោះ​​​ពេល​ពី​ ៣ ខែ​ អាច​​ចេះ​យក​ទៅ​ប្រកប​របរ​រក​ស៊ី​បាន​​ហើយ​ តែ​ចំពោះ​សិស្ស​​មិន​សូវ​ឆ្លាត​វិញ​​ទាល់​តែ​ចំណាយ​ពេល​កន្លះ​ឆ្នាំ​ ទើប​​អាច​ចេះ​យក​ជំនាញ​ទៅ​ប្រកប​ជា​មុខ​របរ​រកស៊ី​បាន​»​។

ចម្លាក់​​ឈើ ​ដែល​​​​​​លោក​​ គឹម សិលា ជា​​គ្រូ​នៃ​​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈសិល្បៈ​សូនរូប​មត៌ក​អង្គរ​ បាន​​ឆ្លាក់​​ក្បាច់​​​​ក្បូរ​ជា​​ច្រើន​​តាម​​ក្បួន​ខ្នាត​នៃ​​ចម្លាក់​ពី​បរម​បុរាណ​​ខ្មែរ​ ជា​ពិសេស​​​ចម្លាក់​ដក​ស្រង់​ចេញ​ពី​​ជញ្ជាំង​​នៃ​ប្រាង្គប្រាសាទ​​បុរាណ​​​ខ្មែរ​​​​​មាន​ដូចជា​ប្រាសាទ​បាយ័ន និង​ប្រាសាទ​អង្គរវត្ត​ ជា​ដើម​ដោយ​មាន​​រូប​​​​សត្វ មនុស្ស និង​ក្រុម​​កងទ័ព​ខ្មែរ​ ​នា​សម័យ​​អង្គរ​ និង​រូប​ចម្លាក់​ផ្សេងៗ​ទៀត ​កំពុង​តែ​​​​មាន​ភាព​លេច​ធ្លោ​ និង​បាន​​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​​មហាជន​​ខ្លាំង​ និង​បាន​កោត​​​សរសើរ​ពី​​​​​ទឹក​​ដៃ​ដ៏​ល្អ​​​​ប្រណីត​​នៃ​ក្បាច់​ក្បូរ​​នៃ​ចម្លាក់​​ពោរពេញ​​ដោយ​ទេពកោសល្យ​សិល្បៈ​ចម្លាក់​។​ ​​​របរ​​​​ចម្លាក់​​ឈើ​នេះ​ដែរ ​លោក​​​គ្រូ គឹម សិលា បាន​​ប្រកប​ជា​មុខ​​របរ​ចិញ្ចឹម​ជីវិត​​​អស់​រយៈពេល ​២០ ​ឆ្នាំ​មក​ហើយ​ដែរ​ តែ​ក៏​មិន​បាន​ធ្វើ​ឲ្យ​លោក​មាន​ជីវភាព​​ធូរធារ​​ឡើយ​​​​ ដោយសារ​ទទួល​បន្ទុក​​ចឹញ្ចឹម​​​កូន​បង្កើត​ចំនួន ​៤ នាក់​ផង និង​​សិស្ស​ ២៥ នាក់ មក​រៀន​ជំនាញ​​ មិន​ត្រឹម​​តែ​អត់​បង់​​ប្រាក់​ទេ​ និង​ថែម​ទាំង​​​​ផ្តល់​ប្រាក់​ឈ្នួល​ដល់​សិស្ស​ទាំង​នោះ​​ផង​ដែរ​ ខណៈ​ការ​ឆ្លាក់​ក្បាច់​ក្បូរ​​លើ​​​ឈើ​ក៏​មិន​​​​មាន​ភាព​ងាយ​ស្រួល​ទេ​ហើយ​​ត្រូវ​ប្រើ​​ពេល​វេលា​យូរ​ទៀត​ផង​​​។​

ក្បាច់​ចម្លាក់​រូប​ដ៏​ល្អ​ប្រណីត​នៃ​​ប្រាសាទ​បាយ័ន​នា​សម័យ​អង្គរ​ដ៏​រុងរឿង​។ រូបថត ហ្វេសប៊ុក​

លោក​ គឹម សិលា បាន​បន្ត​ឲ្យ​ដឹង​ថា​​៖ «​សម្រាប់​ផ្ទាំង​ឈើ​ខ្នាត​តូច​ ​ដែល​មាន​​​ប្រវែង​​ទទឹង​ទំហំ​ ០,៨ ម៉ែត្រ x បណ្តោយ​ ២ ម៉ែត្រ និង​កម្រាស់ ​១ តឹក​ យើង​​​ត្រូវ​ចំណាយ​កម្លាំង​​មនុស្ស​ធ្វើ​ការ​​ប្រមាណ ១២-១៦ នាក់ ក្នុង​ការ​ឆ្លាក់​ ដោយសារ​យើង​បែង​ចែក​​ការ​​​រចនា​ក្បាច់​ផ្សេងៗ​គ្នា​ជា​ក្រុម​ ហើយ​ត្រូវ​​​ចំណាយ​ពេល​ចំនួន​ ៣ ខែ​ កន្លះ​ឯ​ណោះ​​​​ទើប​រួច។ ឯ​តម្លៃ​ពលកម្ម​វិញ​ ប្រសិន​បើ​ភ្ញៀវ​មាន​ឈើ​ខ្លួន​ឯង​​មក​ធ្វើ​នោះ យើង​គិត​ប្រាក់​ឈ្នួល​ត្រឹម​តែ​ ៣ ៥០០ ដុល្លារ ខណៈ​ប្រសិន​បើ​​ភ្ញៀវ​​ទិញ​វិញ​តម្លៃ​ ៨ ៥០០ ដុល្លារ​។

ចំណែក​ផ្ទាំង​ឈើ​ខ្នាត​ធំ​ ដែល​មាន​ប្រវែង​ទទឹង​ ១ ម៉ែត្រ x បណ្តោយ​ ៣ ម៉ែត្រ​ និង​​មាន​​​​កម្រាស់​១,៥ តឹក វិញ​ត្រូវ​ប្រើ​ពេល​​កន្លះ​ឆ្នាំ​ ប្រសិន​បើ​ភ្ញៀវ​មាន​ឈើ​ខ្លួន​ឯង​មក​​ធ្វើ​​នោះ យើង​គិត​​ប្រា​ក់​​​​ឈ្នួល​​​ចន្លោះ​ប្រមាណ ៧ ០០០-៨ ០០០ ដុល្លារ ខណៈ​ប្រសិន​បើ​ភ្ញៀវ​គាត់​ទិញ​​វិញ​តម្លៃ​ ១៥ ០០០ ដុល្លារ។​ ចំពោះ​​ចម្លាក់​រូប​ភាព​ផ្សេងៗ​ទៀត ក៏-អាច​​​រចនា​បាន​​​ផង​ដែរ តាម​តម្រូវ​ការ​របស់​អតិថិជន​ ហើយ​មាន​ទាំង​ខ្នាត​តូច​​ទាំង​​​ខ្នាត​ធំ​ ហើយ​តម្លៃ​ឈ្នួលវិញ​គឺ​មាន​​​ចាប់​ពី ៣០ ដុល្លារ រហូត​ដល់ ម៉ឺន​​​ដុល្លារ​»៕​​

ក្បាច់​ចម្លាក់ដ៏​រស់​​រវើក​​នៃ​​ប្រាសាទ​អង្គរ និង​ចម្លាក់​អុំ​ទូក-ងខ្មែរ​​​ នា​សម័យ​កាល​បុរាណ​។ រូបថត ហ្វេសប៊ុក​