
បុគ្គលិកក្រុមហ៊ុនដឹកជញ្ជូន Dolphin Logistics International ជូនអំណោយមណ្ឌលកុមារកំព្រានៅខេត្តកំពង់ស្ពឺថ្ងៃកាន់បិណ្ឌ ១។ សហការី
ខេត្តកំពង់ស្ពឺ៖ អំណោយសប្បុរសធម៌ ជាគ្រឿងបរិភោគ និងឧបភោគរួមមានអង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ មី និងទឹកបរិសុទ្ធ នំប៉័ង ទឹកដោះគោ និងកញ្ចប់ថវិកា សរុបជាទឹកប្រាក់ជាង ១ពាន់ ដុល្លារ ដែលបានពីសមានចិត្តរបស់បុគ្គលិកជាង ៣០ នាក់ រួមនឹងក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិ Dolphin Logistics International បាននាំយកចែកជូនដល់មណ្ឌលកុមារកំព្រាភូមិខៃស៍ នៃអង្គការឧបត្ថម្ភកុមារកំព្រា ចំថ្ងៃកាន់បិណ្ឌទី ១ ដែលជារដូវកាលប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌប្រចាំឆ្នាំរបស់ប្រជាពលរដ្ឋខ្មែរ។
អ្នកស្រី ហាន់ ហ្វាទី ជាប្រធានរដ្ឋបាលក្រុមហ៊ុន Dolphin Logistics International បង្ហើបប្រាប់ពីគោលបំណងនៃការនាំយកនូវអំណោយសប្បុរសធម៌ ដែលកើតពីសមានចិត្តរបស់បុគ្គលិកក្រុមហ៊ុនថា៖ «ក្រោយពីយើងបានដំណឹងថា នៅតំបន់ក្បែររមណីយដ្ឋានគីរីរម្យ មានមណ្ឌលកុមារកំព្រានេះមក ក្រុមហ៊ុនយើងក៏បានរៀបចំជាកញ្ចប់អំណោយជាគ្រឿងបរិភោគ និងឧបភោគនានារួមមានអង្ករ ១០ បាវ (១ បាវស្មើ ៥០ គីឡូ) ទឹកត្រី ទឹកស៊ីអ៊ីវ មី ទឹកបរិសុទ្ធ នំប៉័ង និងទឹកដោះគោ ដោយគិតជាប្រាក់ប្រមាណ ៨០០ ដុល្លារ និងកញ្ចប់ថវិកា បានពីសមានចិត្តរបស់បុគ្គលិកជាង ៣០ នាក់ ចំនួន ៣០០ ដុល្លារ គឺសរុបទាំងអស់ទៅប្រមាណជាង ១ ពាន់ដុល្លារ យកទៅឧបត្ថម្ភដល់មណ្ឌលកុមារកំព្រាភូមិខៃស៍ ដែលនៅក្នុងខេត្តកំពង់ស្ពឺ»។

ក្រុមកុមារនៅមណ្ឌលកុមារកំព្រាភូមិខៃស៍ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។សហការី
អ្នកស្រី ហាន់ ហ្វាទី បន្តឲ្យដឹងពីឆន្ទៈនៃការធ្វើសកម្មភាពសប្បុរសធម៌របស់ក្រុមហ៊ុនខាងលើថា៖ «បើតាមគម្រោងនោះ គឺក្រុមហ៊ុនបានដាក់ជាគោលដៅសកម្មភាពសប្បុរសធម៌ប្រចាំឆ្នាំដែរ គឺចង់ចែករំលែកផលលំបាកខ្លះៗទៅដល់សហគមន៍ក្រីក្រនានាក្នុងប្រទេស កម្ពុជា តាមកម្លាំងសទ្ធារបស់ក្រុមហ៊ុន និងបុគ្គលិក។
ដូចឆ្នាំនេះ យើងនាំយកអំណោយទៅជួយមណ្ឌលកុមារកំព្រាភូមិខៃស៍ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ហើយបានឃើញផលលំបាករបស់មណ្ឌលនោះ ទើបក្រុមហ៊ុនក៏សម្រេចជួយឧបត្ថម្ភអង្ករចំនួន ១០ បាវ ប្រចាំខែ ជូនដល់មណ្ឌលកុមារកំព្រានេះទៀតផង ដោយចំនួនអង្ករ ១០ បាវនោះ មានតម្លៃស្មើ ២៥០ ដុល្លារ គឺគិតចាប់ពីខែកញ្ញា ឆ្នាំ ២០១៩ នេះតទៅ»។
គួរបញ្ជាក់ដែរថា មណ្ឌលកំព្រាភូមិខៃស៍ ស្ថិតក្នុងភូមិ ១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ឬចម្ងាយ ៨៧ គីឡូម៉ែត្រពីភ្នំពេញ ក្រោមការគ្រប់គ្រង និងផ្គត់ផ្គង់ពីអង្គការឧបត្ថម្ភកុមារកំព្រា ដែលមានទីស្នាក់ការក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បុគ្គលិកក្រុមហ៊ុនដឹកជញ្ជូន Dolphin Logistics International ជូនអំណោយមណ្ឌលកុមារកំព្រានៅខេត្តកំពង់ស្ពឺថ្ងៃកាន់បិណ្ឌ ១។សហការី
លោក សួង សន្តិភាព ហៅលោក សាន់នី ជាប្រធានអង្គការឧបត្ថម្ភកុមារកំព្រា (អង្គការខៃស៍ឃីតស៍-KaisKids) បានឲ្យដឹងពីការកកើតអង្គការ និងសកម្មភាពចម្បងរបស់អង្គការថា៖ «អង្គការនេះបានបង្កើតតាំងពីឆ្នាំ ២០០១ មក ហើយមានសកម្មភាពសំខាន់ជួយចិញ្ចឹមកុមារកំព្រាទាំងឡាយ ដែលភាគច្រើនជាកុមារពិការ ឬកុមារត្រូវបានមាតាបិតាក្រីក្រខ្វះលទ្ធភាពបោះបង់ចោលតាំងពីកុមារភាពមក។ កុមារភាគច្រើនមានពិការភាពដោយសារជំងឺរលាកខួរក្បាល ឬជំងឺធ្ងន់ៗផ្សេងទៀត ដែលពេទ្យតម្រូវឲ្យសម្រាកព្យាបាលរាប់ខែនៅមន្ទីរពេទ្យ។ ដោយខ្វះលទ្ធភាព និងភាពក្រីក្រ ក៏ដូចជាអស់សង្ឃឹមចំពោះកូនៗ ក៏បង្ខំចិត្តទុកកូនៗចោលនៅមន្ទីរពេទ្យ ភាគច្រើននៅមន្ទីរពេទ្យគន្ធបុប្ផា។
នាពេលបច្ចុប្បន្ន មណ្ឌលយើងមានកុមារាកុមារីកំព្រា ដែលមានវ័យចាប់ពី ១ ឆ្នាំ ដល់ ១៨ ឆ្នាំ មានចំនួនសរុប ៣៨ នាក់ ខណៈអង្គការជាអ្នកទទួលបន្ទុកលើការងារមួយនេះ»៕