ភ្នំពេញ: ហាងបោះដុំគ្រឿងសមុទ្រ L&F Seafood ដ៏ធំនៅលើផ្លូវលេខ៩៥ ដែលមានលក់គ្រឿងសមុទ្រគ្រប់ប្រភេទចាប់ពីក្ដាមរហូតដល់ត្រីតុកកែ។ នៅក្នុងអាង និងធុងស្ដុកនានា ត្រីសមុទ្រ កំពុងហែលឆ្វែលឆ្វាត់ ខណៈប្រភេទអណ្ដើកកន្ធាយរាប់សិបក្បាលបណ្ដែតខ្លួនឃើញស្នូកឡឹមៗ។
លោក វៃ វ៉ាត់ (Wei Vat) ជាបេឡាករបានពន្យល់ថា ទាំងនេះគឺជាប្រភេទកន្ធាយទឹកសាប ដែលលោកអាចលក់ដោយស្របច្បាប់។
អតិថិជនរបស់លោកភាគច្រើនជាជនជាតិខ្មែរ និងវៀតណាម ពេលខ្លះបានសួររកប្រភេទអណ្ដើកផ្សេងទៀត ជាពិសេស អណ្ដើកក្រមួន ដែលក្បួនឱសថចិនចែងថាអាចប៉ូវក្រលៀន។
លោកបានអះអាងថា៖ «ទេ! រដ្ឋបាលជលផលមកត្រួតពិនិត្យពី២ទៅ៣ដងក្នុងមួយឆ្នាំ ហើយពួកគេនឹងរឹបអូសយកទាំងអស់ក្រៅពីប្រភេទកន្ធាយចិញ្ចឹម»។
ការជួញដូរសត្វអណ្ដើកគឺជាទង្វើខុសច្បាប់ក្នុងប្រទេសកម្ពុជា ខណៈដែលអណ្ដើក៦ក្នុងចំណោម១៤ប្រភេទកំពុងប្រឈមនឹងការផុតពូជ។ ជម្រើសដ៏ល្អបំផុតដើម្បីសម្របទៅតាមច្បាប់គឺត្រូវនាំចូល ឬទិញពីអ្នកចិញ្ចឹមមានអាជ្ញាប័ណ្ណ។ ជំនួញដ៏កាក់កបដែលផ្ដើមលក់ពីភោជនីយដ្ឋានតូចៗក្នុងខេត្ដបន្ដទៅដល់ទីផ្សារត្រីនៅក្រុងហុងកុងបានធ្វើឲ្យសត្វល្មូនស្នូកទាំងនេះមានតម្លៃកាន់តែខ្ពស់។
អង្គការសង្គមអភិរក្សសត្វព្រៃ រួមជាមួយអាជ្ញាធរមូលដ្ឋាន ថ្មីៗនេះបានសង្គ្រោះអណ្ដើក២៣ក្បាលជិតផុតពូជក្នុងខេត្ដមណ្ឌលគិរី។
លោក អាឡិច ឌីមិន (Alex Diment) មន្ដ្រីសម្របសម្រួលបច្ចេកទេសជាន់ខ្ពស់ប្រចាំនៅអង្គការនេះបានថ្លែងថា៖ «អណ្ដើកទាំងនោះទំនងជាត្រូវបានគេបញ្ជូនទៅកាន់ប្រទេសវៀតណាម ពីព្រោះពួកវាត្រូវបានសង្គ្រោះនៅចម្ងាយប៉ុន្មានគីឡូម៉ែត្រពីព្រំដែនប៉ុណ្ណោះ»។
នៅក្នុងកសិដ្ឋានចិញ្ចឹមអណ្ដើកដែលមានទទួលអាជ្ញាប័ណ្ណ និងសិទ្ធិបង្កាត់ពូជកម្រមួយចំនួន សត្វខុសច្បាប់អាចត្រូវបានដាក់លក់បញ្ចូលគ្នាជាមួយសត្វចិញ្ចឹម។ បន្ទាប់មក ពួកវាត្រូវបានរត់ពន្ធយកទៅលក់នៅតាមបណ្ដាទីផ្សារនានាក្នុងទីក្រុងហុងកុង ចិនដីគោក និងប្រទេសផ្សេងៗក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
លោក ធីម ម៉ាក់ខ័រម៉ាក់ (Tim McCormack) មន្ដ្រីសម្របសម្រួលកម្មវិធីនៅអង្គការ Asia Turtle Programme ប្រចាំនៅទីក្រុងហាណូយ បាននិយាយថា៖ «ពួកគេប្រហែលជាអាចបង្កាត់ពូជអណ្ដើកស្របច្បាប់ក្នុងចំនួនតិចតួចបំផុត ប៉ុន្ដែមិនអាចផ្គត់ផ្គង់តម្រូវការទីផ្សារបានឡើយ»។
លោកបានបន្ដថា កង្វះចន្លោះនៃការផ្គត់ផ្គង់ត្រូវបានដោះស្រាយដោយការនេសាទខុសច្បាប់។
លោកបានបន្ថែមថា៖ «វាពិតជាពិបាកណាស់ក្នុងការអនុវត្តច្បាប់លើកសិដ្ឋានចិញ្ចឹមសត្វទាំងនេះពីព្រោះវាមិនងាយសម្គាល់លើសត្វនីមួយៗក្នុងកសិដ្ឋាននោះទេ លុះត្រាតែមានអ្នកស្គាល់ពីពូជអណ្ដើកច្បាស់»។
ដូច្នេះហើយលោកក៏បានបង្ហាញទស្សនៈថា៖ «គួរកុំបរិភោគអណ្ដើក ឬកន្ធាយគ្រប់ប្រភេទ។ បើមានការលក់ដូរសត្វទាំងនេះ មនុស្សអាចយល់ថា គ្រប់ពូជអណ្ដើក កន្ធាយទាំងអស់សុទ្ធតែអាចបរិភោគបាន»។
លោក ស៊ុន យឿង ប្រធានគម្រោងនៃអង្គការអភិរក្សអន្ដរជាតិ បានឲ្យដឹងថា បើទោះបីជាសត្វកន្ធាយអាស៊ីដែលលក់លើទីផ្សារមានចំនួនសន្ធឹកសន្ធាប់យ៉ាងណាក៏ដោយ ក៏យ៉ាងហោចណាស់ពូជប្រភេទនេះត្រូវបានបាត់បង់។ នៅមជ្ឈមណ្ឌលអភិរក្សសត្វអណ្ដើកទន្លេមេគង្គរបស់លោកក្នុងខេត្ដក្រចេះ លោក យឿង បានសហការជាមួយអារាមមួយដើម្បីសង្គ្រោះ និងលែងកន្ធាយ កង្កែប ដែលគេសន្និដ្ឋានថាបានផុតពូជពីកម្ពុជារហូតពួកវាត្រូវបានរកឃើញក្នុងឆ្នាំ២០០៧។
លោក ណៅ ធួក ប្រធានរដ្ឋបាលជលផល បានថ្លែងថា ការចាប់សត្វអណ្ដើកព្រៃអាចជាប់ទោសទណ្ឌរហូតដល់១ឆ្នាំ និងពិន័យជាប្រាក់ជាង៥លានរៀល។ យ៉ាងណាមិញ លោកទទួលស្គាល់ថា ច្បាប់ការពារសត្វទាំងនេះកម្រត្រូវបានអនុវត្ដណាស់។
ត្រឡប់ទៅកាន់ហាងលក់គ្រឿងសមុទ្រ L&F Seafood ឯភ្នំពេញវិញ លោក វ៉ាត បានបន្ដថា លោកតែងតែព្យាយាមចង្អុលបង្ហាញអតិថិជនពីកន្លែងចិញ្ចឹមផ្ទាល់នៅពេលពួកគេកុម្ម៉ង់សត្វខុសច្បាប់។
លោកបញ្ជាក់ថា៖ «នៅពេលភ្ញៀវមកសួររកទិញ ហើយខ្ញុំបានប្រាប់វិញថា យើងមានលក់តែកន្ធាយចិញ្ចឹមបែបធម្មជាតិប៉ុណ្ណោះ»៕ HR