The Phnom Penh Post Search

Search form

ក្រមា​សូត្រ​ បន្ទាយមានជ័យ ​ល្បី​នៅ​ឯ​ក្រៅ​ស្រុក​ជាង​ក្នុង​ស្រុក

Content image - Phnom Penh Post
សកម្មភាព​ក្រុម​ស្រ្តី​ខ្មែរ​នៅ​ឃុំ​បន្ទាយឆ្មារ​ខាង​លិច​ ខេត្តបន្ទាយមានជ័យ ​ត្បាញ​ក្រមាសូត្រ​។ ផា លីណា

ក្រមា​សូត្រ​ បន្ទាយមានជ័យ ​ល្បី​នៅ​ឯ​ក្រៅ​ស្រុក​ជាង​ក្នុង​ស្រុក

បន្ទាយមានជ័យៈ ជាទូទៅ​ប្រសិន​បើ​និយាយ​ពី​ស្នាដៃ​នៃ​សិប្បកម្ម​តម្បាញ​ក្រមា​សូត្រ ឬ​ហូល​ផាមួង នោះ មនុស្ស​ភាគ​ច្រើន​ច្បាស់​ជា​នឹក​ឃើញ​កន្លែង​ផលិត​ភ្លាម​គឺ​មាន​តែ​នៅ​តំបន់​ក្បែរ​រាជធានី​ភ្នំពេញ​ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​កោះដាច់​នៃ​ខណ្ឌ​ជ្រោយ​ចង្វារ តែ​ប៉ុណ្ណោះ។

តាមពិតទៅ​សកម្មភាព​នៃ​សិល្បៈ​សិប្បកម្ម​តម្បាញ​ក្រមា​សូត្រ ជា​គ្រឿង​វត្ថុ​អនុស្សាវរីយ៍ នៃ​ស្នាដៃ​របស់​ស្ត្រី​ខ្មែរ​ក៏​មាន​នៅ​តំបន់​ក្បែរ​ប្រាសាទ​បុរាណ​បន្ទាយ​ឆ្មារ ខេត្ត​បន្ទាយ​មានជ័យ ជាប់់​ព្រំដែន​ខ្មែរ-ថៃ ប៉ែក​ខាង​លិច​ដែរ​ដោយ​បាន​កកើត​មាន​ជិត ២០ ឆ្នាំ​មក​ហើយ ហើយ​ក៏​ល្បី​ឈ្មោះ​នៅ​ឯ​បរទេស​ខ្លាំង​ជាង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទៅ​ទៀត។

Content image - Phnom Penh Post
ស្រ្តី​អ្នកតម្បាញ​នៅ​ភូមិបន្ទាយឆ្មារ​ខាងលិច​ផ្ចង់​ស្មារតី​​ចាក់ក្រឡា​សូត្រ​នា​​ពេល​ត្បាញ​។ ផា លីណា

ការរៀប​កី​តម្បាញ​ជាជួរៗចំនួន ១៥ កី ស្ថិតនៅ​ក្នុងភូមិ​បន្ទាយ​ឆ្មារ​ខាងលិច ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ក្នុង​ខេត្ត​បន្ទាយ​មានជ័យ ស្ត្រី​ជា​ម្ចាស់​ភូមិ​អ្នកស្រី ផង់ ចិន្តា ដែល​បាន​ប្រកបរ​បរ​ជា​អ្នក​ត្បាញ​ក្រមា​សូត្រ​ខ្មែរ​នេះ​ប្រមាណ ១៨ ឆ្នាំ មក​ហើយ​នោះ បង្ហើប​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ទាំង​ដៃ​មមាញឹក​ថា៖ «តាម ពិ​តទៅ​អ្នក​ភូមិ​យើង​មាន​របរ​តម្បាញ​ក្រមា​សូត្រ​នេះ ជា​កេរ​ដូនតា​មក​ម្ល៉េះ គ្រាន់តែ​ពីមុន​មាន​នៅ​តាម​ផ្ទះ​ឯណេះ​មួយ ឯណោះ​មួយ។ ហើយ​ចាប់​តាំង​ពី​ឆ្នាំ ២០០០ មក ភូមិ​យើង​នេះ​ក៏​អង្គការ Enfant បារាំង មក​បណ្តុះ​បណ្តាល​ពី​បច្ចេកទេស​តម្បាញ​នេះ ហើយ​ក៏បាន​បង្កើត​ជា​សហគមន៍​តម្បាញ​រួមគ្នា​មួយ។ តែ​ចាប់​ពី​ឆ្នាំ ២០០៩ មក​អង្គការ Enfant ក៏​ឈប់​ជួយ ហើយ​បន្ត​ឲ្យ​ក្រុមហ៊ុន The Soieries du Mekong ដែល​បាន​បណ្តុះ​បណ្តាល​បុគ្គលិក​ស្ត្រី​ខ្មែរ​ឲ្យ​មាន​អាជីព​ជា​អ្នក​ត្បាញ​ចំនួន ៨០ នាក់ ដោយ​គិត​ទាំង​ផ្នែក​ត្បាញ ផ្នែក​រវៃសូត្រ និង​ផ្នែក​ជ្រលក់​ពណ៌​ល័ខ​សូត្រ​ផង​ដែរ»។

Content image - Phnom Penh Post
ស្រ្តី​អ្នក​ត្បាញក្រមាសូត្រ​ នៅ​បន្ទាយ​មានជ័យ ទាញ​សូត្រ​ពណ៌ខៀវ ចេញ​ពីត្រល់។ ផា លីណា

អ្នកស្រី ផង់ ចិន្តា ប្រកប​របរ​តម្បាញ​ចិញ្ចឹមជីវិត ដោយ​មួយថ្ងៃ​ធ្វើការ ៨ ម៉ោង ហើយ ៥ ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ដែល​មិន​ធ្លាប់​គិត​ប្រាថ្នា​ចង់​ទៅ​ធ្វើ​ការងារ​ផ្សេង​ទេ ព្រោះ​តម្បាញ​ក៏​អាច​រក​កម្រៃ​ចិញ្ចឹម​ជីវិត​បាន​នោះ ក៏បាន​លើក​ឡើង​ពី​ទីផ្សារ​នៃ​ការ​នាំ​ចេញ​ក្រមា​សូត្រ​របស់ The Soieries du Mekong ដែរ​ថា៖ «សព្វ​ថ្ងៃ​នេះ ផលិត​ផល​តម្បាញ​ក្រមា​សូត្រ​នៅ​ក្រុមហ៊ុន​នាង​ខ្ញុំ ច្រើន​តែ​មាន​ការ​បញ្ជា​ទិញ​ពី​បណ្តា​ក្រុមហ៊ុន​ទេសចរណ៍​នៅ​ក្រៅ​ប្រទេស​មាន​ដូចជា​បារាំង អាល្លឺម៉ង់ អាមេរិក ជប៉ុន និង​ប្រទេស​ផ្សេងៗ​ទៀត​បាន​កុម្ម៉ង់​រាល់​ឆ្នាំ ខណៈ​ស្រុក​ខ្មែរ​វិញ​ច្រើន​មាន​នៅ​កន្លែង​លក់​វត្ថុ​អនុស្សាវរីយ៍​ធំៗ​នៅ​ខេត្ត​សៀមរាប និង​លក់​នៅ​ទីស្នាក់ការ​ក្រុមហ៊ុន ក្បែរ​តំបន់​ប្រាសាទ​បន្ទាយឆ្មារ នេះ​តែ​ម្តង។ ភ្ញៀវទេសចរ​ភាគ​ច្រើន​ជា​ជន​បរទេស​បាន​មក​ជា​​ច្រើន​ជាង​ភ្ញៀវ​ក្នុង​ស្រុក»៕

អត្ថបទគួរចាប់អារម្មណ៍