ក្រុងឡុងដ៍: វិទ្យុ​ដើរ​ដោយ​ថាមពល​ខ្យល់ រូប​ថត​ពណ៌​ធម្មជាតិ​ប៉ុន្មាន​សន្លឹក និង​សៀវភៅ​រលោងៗ​ប៉ុន្មាន​ក្បាល ទាំង​នេះ​គឺ​ជា​ទិដ្ឋភាព​ ដែល​កញ្ញា​ ម៉ាហ្គារ៉េត ហ្គាល់​ឡាហ្គ័រ​ បន្សល់​​ទុក​ដល់​សម័យ​ទំនើប​នេះ​។

ពេញ​មួយ​ជីវិត ៧៧ ឆ្នាំ កញ្ញា ហ្គាល់ឡាហ្គ័រ រស់នៅ​ក្នុង​ខ្ទម​ស្បូវ​ចំណាស់ ២០០ ឆ្នាំ នៅ​អៀរឡង់​ខាង​ជើង ដោយ​អត់​មាន​ទឹក​ម៉ាស៊ីន និង​អគ្គិសនី ប្រើប្រាស់​ក្នុង​ផ្ទះ​ឡើយ​។

វា​ជា​ការ​រស់នៅ​ផ្ទុយ​ពី​ជីវិត​សម័យ​ទំនើប តែ​​កញ្ញា ហ្គាល់​ឡាហ្គ័រ បាន​និយាយ​ពេល​កញ្ញា​បង្ហោះ​ថ្ម​ភ្នំ​ពណ៌​ស​ថា​៖ «​ខ្ញុំ​អត់​ដឹង​ពី​អ្វី​ទាំង​អស់​ ក្រៅ​ពី​អ្វី​ដែល​ជីវភាព​ខ្ញុំ​​កំពុង​រស់នៅ​ពេល​​នេះ​។ ដូច្នេះ អ្នក​មិន​នឹក​នា​ដល់​អ្វី​ដែល​អ្នក​មិន​ធ្លាប់​ឃើញ​ឡើយ​»។

ក្រុម​គ្រួសារ​ដ៏​ជិត​ដិត​បំផុត​របស់​កញ្ញា រស់នៅ​ទីនេះ​តាំង​ពី​ជីតា​កញ្ញា​មក​ពី​​ទឹក​ដី​អាមេរិក​ក្នុង​ឆ្នាំ ​១៨៨៧។

កញ្ញា ម៉ាហ្គារ៉េត អាយុ៧៧ឆ្នាំ ដាំ​ផ្កា និ​ង​បន្លែបង្ការ នៅ​មុខ​ខ្ទម​របស់​ខ្លួន​​​។ រូបថត AFP

ស្ថិត​នៅ​ទី​ជនបទ​នៃ​តំបន់ County Fermanagh ខ្ទម​ទំហំ ១៣ គុណ ៧ ម៉ែត្រ ត្រូវ​បាន​បែង​ចែក​ជា ៣ បរិវេណ​ គឺ​បន្ទប់​ដេក ២ និង​​ផ្ទះ​បាយ​ ១​។ មិន​ថា​មាន​រឿង​អ្វី​កើត​​ឡើង​ ផ្ទះ​ខ្ទម​ទាំង​មូល​ត្រូវ​បាន​ផ្ដល់​កម្ដៅ​ដោយ​ចង្ក្រាន​ឡសង់​ឡើង​ពី​ឥដ្ឋ​ បង្ហុយ​ផ្សែង​តាម​បំពង់​ពណ៌​ខៀវ​។

រៀងរាល់​ព្រឹក កញ្ញា​ត្រូវ​បាន​ដាស់​​ឲ្យ​ភ្ញាក់​នៅ​ម៉ោង ៥ ដោយ​សំឡេង​បក្សី​ ដែល​នាំ​គ្នា​មក​ទំលើ​គែម​មាត់​បង្អួច​ដើម្បី​រង់ចាំ​ស៊ី​ចំណី​។

កញ្ញា​វ័យ​ជិត ៨០ ឆ្នាំ ​រូប​នេះ​​បាន​ប្រាប់​ថា​៖ «​សំណាង​ណាស់ ខ្ញុំ​មិនមែន​ជា​អ្នក​ពូកែ​ដេក​»។

បន្ទាប់​មក ស្ដ្រី​ចំណាស់​រូប​នេះ ចាប់​ផ្ដើម​សកម្មភាព​ប្រចាំ​ថ្ងៃ ដោយ​ទៅ​ដង​ទឹក​ពី​អណ្ដូង​ក្បែរ​ខាង ពុះ​អុស និង​ប្រើ​រុក្ខជាតិ​ងាប់​រលួយ​ជំនួស​ប្រេង ព្រម​ទាំង​ចម្អិន​អាហារ​មួយ​ថ្ងៃ ៣ ពេល​​​លើ​ឡ​កម្ដៅ​​ពី​បរមបុរាណ​ ដែល​ផ្ដល់​ភ្លើង​បំភ្លឺ​ក្នុង​ផ្ទះ​បន្ថែម​លើ​ពន្លឺ​ចង្កៀង​ប្រេង និង​ទៀន​។

ក្រោយ​ចំណាយ​ពេល​មួយ​ព្រឹក​ដុត​នំ​ កញ្ញា​បាន​បន្ត​ថា​៖ «​នេះ​ជា​ការ​រស់នៅ​របស់​ខ្ញុំ​។ ខ្ញុំ​រីករាយ​នឹង​ជីវិត​បែប​នេះ​»។ កញ្ញា ហ្គាល់​ឡាហ្គ័រ អត់​ធ្លាប់​បាន​រៀប​ការ តែ​មិន​មែន​​មាន​ន័យ​ថា កញ្ញា​ជា​មនុស្ស​ឯកោ​នោះ​ទេ​។

កញ្ញា​បាន​បញ្ជាក់​ថា​៖ «វា​មាន​លក្ខណៈ​ខុស​គ្នា​ស្រឡះ​រវាង​រស់នៅ​ឯកោ​ និង​រស់នៅ​តែ​ឯង​។ ខ្ញុំ​នៅតែ​ឯង តែ​ខ្ញុំ​មិន​ឯកោ​ទេ​»៕ AFP/HR