ភ្នំពេញ៖ ប្លែក​ពី​អលង្ការ​ត្បូង​ និង​លោហៈ​​មាន​តម្លៃ​ ក្រវិល​​រចនា​​ម៉ូដ​​ពី​ដីឥដ្ឋ​​ផូលីមើរ (Polymer) ស្នាដៃ​កញ្ញា​ នួន ម៉ូលីណា ​បាន​រំលេច​ពណ៌​ក្បូរ​ក្បាច់​រចនា ជា​ជម្រើស​ដល់​សុភាព​នារី​​​និយម​គ្រឿង​តែង​​កាយ​​សាមញ្ញ​តែ​ពោរពេញ​ដោយ​​ភាព​ច្នៃ​ប្រឌិត។

អ្នក​ច្នៃម៉ូដ​ដែល​​បញ្ចប់​ការ​សិក្សា​​ថ្នាក់​អនុបណ្ឌិត​​ពាណិជ្ជកម្ម​អន្តរជាតិ​​នៅ​ទីក្រុង​​សេអ៊ូល​ ប្រទេស​កូរ៉េ ​បាន​ប្រែ​ក្លាយ​សិល្បៈ​​​ច្នៃ​គ្រឿង​អលង្ការ​ដែល​ជា​ចំណូលចិត្ត​របស់​ខ្លួន​ទៅ​ជា​មុខ​របរ​អនឡាញ​លើ​​ទំព័រ​ហ្វេសប៊ុក​ ម៉ូណា​ ផាលេត​ (Mona Palette)។

កញ្ញា​បាន​រៀបរាប់​ប្រាប់​​ ​ភ្នំពេញ ប៉ុស្តិ៍​ ពី​ដំណើរ​ដើម​ទង​នៃ​ការ​ច្នៃ​ក្រវិល​ដីឥដ្ឋ​លក់​យ៉ាង​ដូច្នេះ​ថា​៖ «តាម​ពិត​ទៅ​វា​គ្រាន់​​តែ​ជា​ចំណង់​ចំណូល​ចិត្ត​ខ្ញុំ​ធម្មតា​ តែ​វា​បាន​ប្ដូរ​ទៅ​ជា​អាជីវកម្ម​។ នៅ​ថ្ងៃ​មួយ​ដែល​ខ្ញុំ​បាន​និយាយ​ជាមួយ​​មិត្ត​សម្លាញ់​ខ្ញុំ​ម្នាក់​ពេល​ដែល​គាត់​សួរ​ខ្ញុំ​ថា​ ខ្ញុំ​ចង់​ធ្វើ​អ្វី?»។​

កញ្ញា ម៉ូលីណា​ បាន​រំឭក​ថា៖ «ខ្ញុំ​​ប្រាប់​គាត់​ថា ​ខ្ញុំ​ចង់​បង្កើត​ជា​គ្រឿង​អលង្ការ​​​លក្ខណៈ​ទាន់​សម័យ​​ហើយ​អាច​បញ្ជាក់​ពី​អត្តសញ្ញាណ​ខ្មែរ»។

កញ្ញា​ក៏​ត្រូវ​បាន​​​មិត្តភក្ដិ​លើក​ទឹក​ចិត្ត​​ឱ្យ​ចាប់​ផ្ដើម​ធ្វើ​កិច្ចការ​ ដើម្បី​​រំលេច​ក្ដី​ស្រមៃ​នេះ​​ឱ្យ​ក្លាយជា​ការ​ពិត​។ កញ្ញា​​​បន្ត​ថា៖ «ពេល​នោះ​ហើយ​ដែល​ខ្ញុំ​ព្យាយាម​សិក្សា​ស្រាវជ្រាវ​​​ហើយ​ក៏​ប្រទះ​នឹង​ដីឥដ្ឋ​ផូលីមើរ​នេះ​»។

កញ្ញា​ ម៉ូលីណា​ បាន​រៀន​ធ្វើ​ក្រវិល​ដីឥដ្ឋ​ផូលីមើរ​​​ពី​ YouTube​ និង​អ្នក​ធ្វើ​វីដេអូ​​អនឡាញ​ផ្សេង​ទៀត​។ បន្ថែម​ពី​បច្ចេកទេស​ធ្វើ​ក្រវិល​នេះ ​អ្វី​ដែល​​ទាក់ទាញ ​និង​ជា​​ភាព​ពិសេស​របស់​ម៉ូដ​ក្រវិល​​នេះ គឺ​គំនិត​បញ្ចូល​អត្តសញ្ញាណ​ខ្មែរ​ ក្បូរ​ក្បាច់​ប្លែក​ពី​គេ​ និង​ការ​បញ្ចូល​គំនិត​​ហ្វេសសិន​។

ក្រវិល​​គូ​នីមួយៗ​មាន​ពណ៌​ចម្រុះ​ និង​ត្រូវ​បាន​ច្នៃ​ចេញ​ជា​រូបរាង​ខុសៗ​គ្នា​ ស័ក្ដិសម​​នឹង​​អតិថិជន​គ្រប់វ័យ​។​ ក្នុង​ការ​ច្នៃ​ចេញ​ជា​ម៉ូដ​មួយៗ​កញ្ញា​ទទួល​បាន​ការ​បំផុស​គំនិត​ពី​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន​ ជាពិសេស​ស្ថាបត្យកម្ម​ និង​ម៉ូដ​ផ្ទះ​សាមញ្ញៗ​។

ក្រៅ​ពីទ​ម្រង់​ក្បូរ​ក្បាច់​ក្រវិល ភាព​លេច​ធ្លោ​​មួយ​ទៀត​គឺ​ ក្រឡា​​លាយ​​ពណ៌​ល្អិត​តូចៗ​​នៅ​លើ​គ្រឿង​លម្អ​ត្រចៀក​មួយ​នេះ​។ នៅ​ក្នុង​ការ​រចនា​ធ្វើ​​​ពណ៌​មួយៗ​ អ្នក​ច្នៃ​ក្រវិល​វ័យ​​ ៣៣ ​ឆ្នាំ​ រូប​នេះ​បាន​រៀបរាប់​​ថា​៖ «ដើម្បី​ឱ្យ​វា​ចេញ​មក​ជា​ពណ៌​ ដែល​យើង​ចង់​បាន​ យើង​ត្រូវ​លញ់​វា​ពី​​ ៣០ ​ទៅ​ ៥០ ​ដង​ឯណោះ។ ដំណើរការ​របស់​វា​ គឺ​ការ​លាយ​ពណ៌​នេះ​​យូរ​បំផុត»​។

កញ្ញា​ ម៉ូលីណា បញ្ជាក់​ថា៖ «ក្នុង​​ការ​បញ្ចប់​ម៉ូដ​មួយ​វា​អាច​ស៊ី​ពេល​ដល់​ទៅ​ ៣ ​ម៉ោង​ឡើង​»។

កញ្ញា​បាន​ដាក់​ឈ្មោះ​ម៉ូដ​ក្រវិល​នីមួយៗ​ទៅ​តាម​នាម​មនុស្ស​ ដែល​ជា​កម្លាំង​ចិត្ត​សម្រាប់​នាង​ ដូចជា​ ខត្តិយា​ ជា​ក្មួយស្រី​អាយុ​ ២ ឆ្នាំ​ របស់​នាង​ ហើយ​ភាសា​ខ្មែរ​មាន​ន័យ​ថា​ ម្ចាស់ក្សត្រី។​ ក្រវិល​មួយ​គូ​នេះ​ត្រូវ​បាន​ច្នៃ​ក្នុង​បំណង​ឱ្យ​អ្នក​ពាក់​វា អាច​​​​រំឭក​ពី​ភាព​ជា​ម្ចាស់ក្សត្រី​​ស្ថិត​នៅក្នុង​ខ្លួន​មនុស្ស​ម្នាក់ៗ​។

ម៉ូដ​ក្រវិល​ឈ្មោះ ពិសី​ ត្រូវ​បាន​ដាក់​តាម​ឈ្មោះ​មិត្តជិត​ស្និទ្ធ​របស់​កញ្ញា ​ម៉ូលីណា​។ ពិសី ​​ជា​មិត្ត​ដែល​យក​ចិត្ត​ទុក​ដាក់​ និង​ឱ្យ​មិត្តភក្តិ​នាង​ធ្វើ​ការ​​ជ្រើសរើស​ជានិច្ច​។ ​អ្នក​ដែល​បាន​ស្គាល់​នាង​សុទ្ធ​តែ​ជា​​​អ្នក​មាន​សំណាង​​។​ ហេតុ​នេះ​បាន​ជា​ ម៉ូលីណា ​ដាក់​ឈ្មោះ​នាង​ជា​តំណាង​ឱ្យ​ម៉ូដ​ក្រវិល​រូប​អង្គរវត្ត​ ដែល​បញ្ជាក់​ពី​មោទនភាព​ និង​ការប្ដូរ​ផ្ដាច់​របស់​ជាតិ​។

​​ក្រវិល​ដីឥដ្ឋ​ផូលីមើរ​​ ដែល​ធ្វើ​ដោយដៃ និង​ឆ្លង​កាត់​ដំណាក់​កាល​លញ់​លាយពណ៌​ ទទួល​បាន​ការ​ពេញនិយម​ពី​អតិថិជន​ខ្មែរ និង​បរទេស​។ រូបថត សហ​ការី

ចំពោះ​វត្ថុ​ធាតុ​ផ្សំ​ចម្បង ​កញ្ញា ម៉ូលីណា បាន​ឱ្យ​ដឹង​ថា​ ដី​ឥដ្ឋ​នេះ​ត្រូវ​បាន​នាំ​ចូល​មក​ពី​សហរដ្ឋ​អាមេរិក​។ កញ្ញា​អះអាង​ថា ​វា​មិន​ងាយ​បែកបាក់​ទេ​ ដោយសារ​តែ​​វា​ត្រូវ​បាន​ដុត​នៅក្នុង​ឡ​កម្ដៅ​ក្នុង​សីតុណ្ហភាព និង​ពេល​វេលា​​​មួយ​ដ៏​សមស្រប​។

ទង​ក្រវិល​ និង​កង​ មាន​ជម្រើស​​ពណ៌​ប្លាទីន​ និង​ប្រាក់​ ត្រូវ​បាន​នាំ​យក​មក​ពី​ចិន។ រីឯ​​​ទម្រ​រួម​ទាំង​ប្រអប់​ គឺ​ជា​ផលិតផល​​នៅ​ក្នុង​ស្រុក​។ តម្លៃ​របស់​ក្រវិល​ដីឥដ្ឋ​ផូលីមើរ​មួយ​គូ​​​ចាប់​ពី​ ៩​ ទៅ ​១៥ ​ដុល្លារ។

ការ​ដាក់​លក់​អនឡាញ​ និង​ផ្ញើ​គេ​លក់​នៅក្នុង​ហាង​កាហ្វេ​ម្តុំ​ទួលទំពូង​ ត្រូវ​​បាន​​ចាប់​ផ្ដើម​តាំង​ពី​ខែ​មេសា។ ​ម៉ូដ​ដែល​លក់​ដាច់​ជាង​គេ​នៅ​ពេល​នេះ​គឺ​ ក្រវិល​សោភា​ និង​ក្រវិល​ម៉ារី​ ដែល​ជា​ទី​ចាប់​អារម្មណ៍​របស់​ភ្ញៀវ​បរទេស​​ជា​ពិសេស។​ ​​ក្រវិល​រូប​អង្គរវត្ត​រឹត​តែ​ទទួល​បាន​ការ​ពេញ​​និយម​ជាវ​សម្រាប់​​ធ្វើ​ជា​កាដូ​ជូន​គ្នា​។

កញ្ញា​ ម៉ូលីណា​ បាន​ឱ្យ​ដឹង​ដែរ​ថា​ កន្លង​មក​កញ្ញា​ក៏​ទទួល​បាន​មតិយោបល់​​ជា​ការ​ពេញចិត្ត​​ពី​អតិថិជន​ជា​ច្រើន​ ហើយ​កញ្ញា​ក៏​​រំភើប​ចិត្ត​ដល់​ថ្នាក់​ស្រក់​​ទឹក​ភ្នែក​ក៏​មាន។

អ្នក​ច្នៃ​ក្រវិល​ដីឥដ្ឋ​រូប​នេះ​​បាន​លើក​យក​សម្ដី​អតិថិជន​ថា​៖ «មាន​ម្នាក់​គាត់​និយាយ​ថា​ ធម្មតា​គាត់​មិន​ចូល​ចិត្ត​ពាក់​ក្រវិល​ធំ​ទេ​ តែ​គាត់​ស្រឡាញ់​ការច្នៃ​របស់​ខ្ញុំ​​។ អ្នក​ខ្លះ​បាន​និយាយ​ថា​ គាត់​​​មាន​មោទនភាព​ចំពោះ​អ្នក​ដែល​ជា​កូន​ខ្មែរ​ដូច​គ្នា​ណាស់​ គាត់​សង្ឃឹម​​ថា​ វា​នឹង​ជា​គំរូ ជា​ការផ្ដល់​កម្លាំងចិត្ត​ដល់​យុវជន​ដទៃ​ទៀត​»។

កញ្ញា ម៉ូលីណា បន្ត​ថា៖​ «​អ្នក​ខ្លះ​ក៏​គាំទ្រ​រហូត​ដល់​គាត់​កម្មង់​ជា​រៀងរាល់​ខែ ​ដែល​យើង​មាន​ម៉ូដ​ថ្មី​សម្រាប់​ការ​ដាក់​​ជាមួយ​ហាង​របស់​គាត់​។ ខ្ញុំ​ពិត​ជា​អរគុណ​ដល់​ពួក​គាត់​ទាំង​អស់​គ្នា​ដែល​​​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​»។

ជោគជ័យ​ពី​ការ​ប្រែ​ក្លាយ​​ចំណូល​ចិត្ត​​ទៅ​ជា​អាជីវកម្ម​ច្នៃ​ប្រឌិត​ស្រូប​បាន​ការ​និយម​គាំទ្រ​ច្រើន ​​កញ្ញា​ក៏​មាន​​កម្លាំង​ចិត្ត​គិត​ដល់​គម្រោង​​​ច្នៃ​ជា​ម៉ូដ​ខ្សែក​បន្ថែម​ផង​ដែរ​។

កញ្ញា ម៉ូលីណា បាន​និយាយ​ថា​៖ «ខ្ញុំ​រីករាយ​ជាមួយ​គ្រប់​ដំណើរ​ដែល​ខ្ញុំ​ដើរ​ដល់​ចំណុច​មួយ​នេះ​។ ពេល​ខ្លះ​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ គឺ​គ្រាន់​តែ​ក្លាហាន​ឈាន​ជើង​ពី​មជ្ឈដា្ឋន​សុខស្រួល​របស់​​អ្នក​ ហើយ​ធ្វើអ្វី​ដែល​ខ្លួន​គិត​ចង់​ធ្វើ​កន្លង​មក​»។

ក្រវិល​ដីឥដ្ឋ​ Mona Palette មាន​លក់​នៅ​ទំព័រ​ហ្វេសប៊ុក​ អ៊ីនស្តាក្រាម និង​ហាង​កាហ្វេ Chit Chat Cafe ទួល​ទំពូង ផ្លូវ ៤៥០ និង ១៣៥៕