ក្រុង​សេអ៊ូល៖ នៅ​លើ​កម្រាល​ព្រំ​បៃតង​ដ៏​សន្ធឹងសន្ធៃ​នៃ​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​កូរ៉េ​ខាងត្បូង សត្វ​ក្រសារ​យក្ស ​១ ក្បាល ​រចនា​ឡើង​ពី​ដើម​សន្ទូង​ស្រូវ​ ដែល​លើក​ទឹក​ចិត្ដ​ឲ្យ​មាន «​ភាព​ស្រស់​បំព្រង​ឡើង​» ខណៈ​ប្រទេស​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​។

ពាក្យ​ស្លោក​ក្នុង​ក្រុង​ស៊ុនឈឺន ចម្ងាយ​ ៣២០ ​គីឡូម៉ែត្រ​ភាគ​ខាង​ត្បូង​ក្រុង​សេអ៊ូល ផ្គុំ​ឡើង​ពី​ដើម​ស្រូវ​ច្រើន​ប្រភេទ​ ដែល​ដាំ​ចេញ​ជា​រូប​រាង​អក្សរ​ ពេល​ទស្សនា​ពី​លើ​វេហាស៍​ ទោះបី​ជា​ទស្សនីយភាព​ដ៏​ស្រស់ស្អាត​មិន​អាច​មើល​ឃើញ​ពី​ដី​យ៉ាង​ណា​ក៏​ដោយ​។

រូបភាព​ជា​ច្រើន​សន្លឹក ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រចាំ​ឆ្នាំ ត្រូវ​បាន​រៀបចំ​ឡើង​ និង​ដាំ​ដោយ​កុមារ រួម​ទាំង​​​ប្រជាកសិករ​ក្នុង​​ស្រុក​ជា​ច្រើន​នាក់​។

អម​ជាមួយ​រូបភាព​សត្វ​ក្រសារ សត្វ​អណ្ដើក​មាស​​តំណាង​ឲ្យ​កសិកម្ម​បៃតង ជា​ចំនួន​សត្វ​ដែល​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង​ពេល​កសិករ​ប្រើ​ថ្នាំ​គីមី​ច្រើន​។

រូបភាព​ផ្សេង​ៗ រួម​មាន ក្រសារ ១ ក្បាល​ផ្សេង និង​ត្រី ​១ ​ក្បាល ដែល​ជា​សត្វ​តំណាង​អ្នក​ស្រុក ព្រម​ទាំង​រូប​កសិករ​ភ្ជួរ​ដី​ជាមួយ​គោ​ ១ នឹម​​។

ទីងមោង៥០០ ត្រូវ​បាន​ពង្រាយនៅជុំវិញស្រែ ដើម្បី​បង្អើល​សត្វបក្សី។ រូបថត AFP

ទីង​មោង​មិន​តិច​ជាង ៥០០​ គ្រង​ឈុត​ហានប៊ុក​​ប្រពៃណី​កូរ៉េ​ ​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ជុំវិញ​ស្រែ​ ដើម្បី​ទប់ទល់​នឹង​ការ​បំផ្លិចបំផ្លាញ​របស់​បក្សី​ស្រែក​ឃ្លាន​។

គម្រោង​នេះ​ត្រូវ​ចំណាយ​ពេល​ជា​ច្រើន​ខែ។ នេះ​បើ​យោងតាម​កសិករ​វ័យ ៦៣ ឆ្នាំ ឈ្មោះ យុន យ៉ាំង​ស៊ូ។

លោក​និយាយ​ថា​៖ «​សិស្ស​សាលា​បឋម​ និង​វិទ្យាល័យ ពលរដ្ឋ​រស់នៅ​ក្រុង រួម​ទាំង​ពាណិជ្ជករ​ជា​ច្រើន​រូប​ទៀត បាន​មក​ជួប​ជុំ​គ្នា​ចាប់​ផ្ដើម​រចនា​សួន​វាល​ស្រែ​តាំងពី​ដើម​រហូត​ដល់​បញ្ចប់​រដូវ​ប្រមូល​ផល​»៕ AFP/HR