ភ្នំពេញៈ បន្ទាប់ពី​មាន​ចំណាត់ការ​លើ​ករណី​លួច​ចម្លង​ស្នាដៃ​បទចម្រៀង​របស់​កវី​ម្ចាស់​ដងស្ទឹង​សង្កែ​លោក គង្គ ប៊ុនឈឿន និង​មាន​ការគាំទ្រ​ជាច្រើន​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​ នាពេល​នេះ​ក្រសួង​វប្បធម៌​កំពុង​រៀបចំ​ដំណើរការ​ក្នុង​ការកោះហៅ​គ្រប់​បណ្តា​ផលិតកម្ម​ទាំងអស់​មក​អប់រំ​ណែនាំ​ពី​តម្លៃ​នៃ​សិល្បៈ​ខ្មែរ​ក៏​ដូចជា​បញ្ឈប់​ជាបន្ទាន់​នូវ​ការចម្លង​ស្នាដៃ​មរតក​ដើម​ដោយ​ការកែប្រែ​ខ្លឹមសារ​ដើម និង​គ្មាន​ការអនុញ្ញាត​។

លោក ស៊ឹម សត្តា ប្រធាន​នាយកដ្ឋាន​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់​ប្រហែល​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ឲ្យ​ដឹង​ថា​៖ «​ជា​ជំហាន​ដំបូង​នេះ​បើ​ទទួល​បាន​ការឯកភាព​ពី​ថ្នាក់ដឹកនាំ យើង​នឹង​កោះហៅ​រាល់​ផលិតកម្ម​ទាំងអស់​មក​អប់រំ​ឲ្យ​ពួកគាត់​ចូលរួម​ការអនុវត្ត​ឲ្យ​យល់​ថា នរណា​ជា​ម្ចាស់​សិទ្ធិ នរណា​ជា​អ្នកនិពន្ធ​ក្នុង​ក្របខ័ណ្ឌ​។ ការប្រើប្រាស់​ពួកគាត់​ត្រូវ​សុំ​សិទ្ធិ​ពី​អ្នកនិពន្ធ​»​។

លោក​បញ្ជាក់​ថា​៖ «​ក្រសួង​នឹង​ឲ្យ​ពួកគាត់​សុំទោស​ជា​សាធារណៈ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​បន្ទាន់​នូវ​សកម្មភាព​រំលោភបំពាន​។ ជាពិសេស​គាត់​បាន​យក​ស្នាដៃ​ដែល​មាន​ម្ចាស់​យក​ទៅ​កែប្រែ​ខ្លឹមសារ​ដើម​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​កិត្តិយស​របស់​អ្នកនិពន្ធ​ក៏​ដូចជា​កេរ្តិ៍ឈ្មោះ​របស់​ស្ថាប័ន​ដែល​ជា​អ្នកគ្រប់គ្រង​»​។

ភរិយា​របស់​លោក គង្គ ប៊ុនឈឿន​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ទាក់ទង​នឹង​បញ្ហា​នេះ​កញ្ញា រឿន ម៉ាលិះ ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​យល់​ឃើញ​ថា​ការកោះហៅ​គ្រប់​បណ្តា​ផលិតកម្ម​មក​អប់រំ​កែប្រែ​គឺជា​រឿង​ល្អ​។

កញ្ញា​លើក​ហេតុផល​ថា​៖ «​ព្រោះ​នេះ​គឺជា​ការផ្តល់​តម្លៃ​ទៅ​ដល់​សិល្បៈ​ខ្មែរ​ដោយសារ​តែ​បទចម្រៀង​មរតក​ដើម​ទាំងអស់​អ្នកនិពន្ធ​បទភ្លេង និង​ទំនុកច្រៀង​បាន​ចំណាយ​ទាំង​កម្លាំងកាយ និង​កម្លាំងចិត្ត​ទម្រាំ​នឹង​សម្រេច​បាន​ផលិតផល​នីមួយៗ​»​។

រីឯ​យុវជន ស៊ឺម វាសនា ដែល​សិក្សា​ឧបករណ៍​តន្ត្រីបុរាណ​រនាតឯក​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​បាន​បញ្ជាក់​ថា​៖ «​ទោះបី​ខ្ញុំ​រៀន​ផ្នែក​បុរាណ​មែន តែ​ខ្ញុំ​អាច​និពន្ធ​បទសម័យ ហើយ​និង​និពន្ធ​បទបុរាណ​មួយ​ចំនួន​ដែរ​។ បើ​និពន្ធ​ចេញពី​បេះដូង​ខ្ញុំ​ផ្ទាល់​ហើយ ហើយ​បើ​មាន​ជន​ណាមួយ​ចម្លង​យក​ទៅ​ដោយ​មិន​មាន​សុំ​ការអនុញ្ញាត​ខ្ញុំ​ពិតជា​ឈឺចាប់​ខ្លាំង​ណាស់​»​។

លោក ស៊ឹម សត្តា បង្ហាញ​ជំហរ​ថា​៖ «​ដើម្បី​រួម​ចំណែក​ឲ្យ​ប្រទេសជាតិ​យើង​មាន​ការរីកចម្រើន​សម្បូរ​ទៅ​ដោយ​ស្នាដៃ​ថ្មី និង​ផលិតផល​ស្នាដៃ​ថ្មីៗ​ដាក់​លក់​នៅ​ទីផ្សារ​អន្តរជាតិ​ដែល​ផលិតផល​នោះ​តំណាង​ឲ្យ​អត្តសញ្ញាណ​ជាតិ មុខ​មាត់​ប្រទេសជាតិ យើង​ត្រូវ​តែ​ចាត់​វិធានការ​ឲ្យ​ក្តៅគគុក ដើម្បី​ឲ្យ​ច្បាប់​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល​មាន​ភាព​ល្អប្រសើរ​ទៅ​ថ្ងៃ​អនាគត​»៕

វីដេអូ