ក្រុងគីនសាសា: ស្ទើរតែ​គ្រប់​ក្រុង​សុទ្ធតែ​ជួប​បញ្ហា​ការដឹកជញ្ជូន​។ តែ​ការធ្វើ​ដំណើរ​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​ទីក្រុង​គីនសាសា​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ ទំនង​ជា​អាច​គ្រង​តំណែង​ក្រុង​ដឹកជញ្ជូន​ដ៏អាក្រក់​បំផុត​ក្នុង​លោក​។

ក្នុង​ទីក្រុង​ដែល​មាន​ប្រជាជន ១៣ លាន​នាក់​ការធ្វើ​ដំណើរ​ទៅ​បំពេញ​ការងារ​គឺជា​កិច្ចការ​ដ៏ស្មុគស្មាញ​មួយ​ដោយ​ពួកគេ​ត្រូវ​ជម្នះ​លើ​ដង​វិថី​រន្ធ​បាយខុម និង​ការកកស្ទះ​ពី​សំណាក់​ឡានក្រុង រថយន្ដ​តាក់ស៊ី​ពណ៌​លឿង និង​ម៉ូតូ​ឆ្វេកឆ្វាច រួមទាំង​សំឡេង​ស៊ីផ្លេ​កង​រំពង បរិស្ថាន​កខ្វក់ និង​គ្រោះថ្នាក់​ដ៏ញឹកញយ​។

សរុបមក​វា​ជា​នរក​នៃ​ការដឹកជញ្ជូន និង​ស្ថិត​ក្នុង​ឡក​ម្ដៅ​។ ពេល​ស្ទះ​ខ្លាំង អ្នកដំណើរ​ថាំចិត្ដ​នឹង​ជិះឡាន​ក្រុង និង​ឡាន​តាក់ស៊ី​ពណ៌​លឿង​ដែល​ប្រជ្រៀត​គ្នា និង​ហិតក្លិន​ខ្លួន​គ្នា​ពេញ​ឡាន​។

និស្សិត​ច្បាប់ អេស្ពេរ៉េន កាសាម៉ា បាន​និយាយ​ថា​៖ «​រៀងរាល់​ថ្ងៃ​យើង​ប្រជ្រៀត​គ្នា​សំប៉ែត​ដូច​សាំងវីច​។ គ្រាន់តែ​ធ្វើ​ដំណើរ​ហត់​ចង់​ដាច់ខ្យល់​»​។ នៅ​ម៉ោង​មមាញឹក​បំផុត រថយន្ដ​លើ​ដង​វិថី​មិន​អាច​បង្កើន​ល្បឿន​លើសពី ១០ គីឡូម៉ែត្រ​ក្នុង​ ១ ​ម៉ោង​ឡើយ​។

មិន​ខុស​ពី​ទីក្រុង​ធំ​របស់​ប្រទេស​អាហ្វ្រិក​ ២ ​ទៀត គែរ និង​ឡាហ្គូស ទីក្រុង​គីនសាសា មិន​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំង​ ២ គឺ​កំណើន​ប្រជាជន និង​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏អន់ខ្សោយ​។

កិច្ចការ​នេះ​កាន់តែ​លំបាក​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ អំឡុង​ឆ្នាំ​ ២០៣០ ក្រុង​គីនសាសា​នឹង​ក្លាយ​ជា​ទីក្រុង​យ៉ាប់យ៉ឺន​បំផុត​ទី​ ១០ ក្នុង​លោក​។

កង្វះ​បណ្ដាញ​ប្រព័ន្ធ​រថភ្លើង ទីក្រុង​នេះ​ត្រូវ​ពឹង​អាស្រ័យ​លើផ្លូវ​ថ្នល់​ទាំងស្រុង​។ លោក​ប្រធានាធិបតី Felix Tshisekedi បាន​បង្ហាញ​គម្រោង​យក្ស​ចំពោះ​ការកសាង​ផ្លូវអាកាស​បណ្ដែត​លើ​ទន្លេ​កុងហ្គោ តែ​ប្រែ​ជា​រង​នូវ​ការរិះគន់​ដោយ​ចោទ​ពី​ការរំលោភ​សម្បត្ដិ​សាធារណៈ​៕ HR