ក្រុង​រីយ៉ូ៖ បំណង​ទប់​ស្កាត់​កូវីដ ​១៩ អភិបាល​ក្រុង​រីយ៉ូ​ បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ថា ​ក្រុង​​ឆ្នេរ​និមិត្ត​រូប​ប្រេស៊ីល​ នឹង​តម្រូវ​ឲ្យ​អ្នក​ដេក​សំដិល​ថ្ងៃ​រក្សា​គម្លាត​សុវត្ថិភាព​ និង​កក់​ចន្លោះ​បរិវេណ​រវាង​គ្នា​នៅ​លើ​ឆ្នេរ​ជា​មុន​តាមរយៈ​កម្មវិធី​ទូរស័ព្ទ​។

លោក​ ម៉ាសេឡូ គ្រីវេលឡា ​និយាយ​ថា ឆ្នេរ​ល្បី​ៗ​លំដាប់​ពិភព​លោក​របស់​​​ទីក្រុង​រីយ៉ូ អាច​​ត្រូវ​បើក​ដំណើរ​ការ​ពេញ​លេញ​ឡើង​វិញ​បាន​ លុះត្រា​តែ​ទីកម្សាន្ដ​ទាំង​នេះ មាន​ការ​បែងចែក​ភ្ញៀវ​ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​គ្នា​។

ប៉ុន្ដែ​ការ​អនុវត្ដ​វិធានការ​អាច​បង្ក​ការ​​លំបាក​ក្នុង​ទីក្រុង​ដែល​ឆ្នេរ​​ធ្លាប់​ពោរ​ពេញ​ដោយ​ក្រុម​​មនុស្ស​នា​​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​ ទោះ​មាន​ការ​គំរាម​ពិន័យ​ប្រាក់​ ២០ ដុល្លារ​​​ក្ដី។

លោក គ្រីវេលឡា ​​ថ្លែង​ក្នុង​សន្និសីទ​កាសែត​ថា​៖ «​មនុស្ស​ម្នា​នឹង​អាច​មក​លេង​តំបន់​នោះ​ ដោយ​អាស្រ័យ​លើ​ពេល​វេលា​ដែល​បាន​កក់​ទុក​តាមរយៈ​កម្មវិធី​ទូរស័ព្ទ​។ យើង​អាច​រៀបចំ​ឲ្យ​​កាន់​តែ​មាន​សុវត្ថិភាព​»។

អាជ្ញាធរ​ក្រុង​រីយ៉ូ បាន​បិទ​ឆ្នេរ​នានា​កាល​ពី​ខែ​មិនា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​​នឹង​ការ​រីក​រាលដាល​នៃ​វីរុស​កូរ៉ូណា ដែល​បាន​សម្លាប់​មនុស្ស​ជាង ១០ ម៉ឺន​នាក់​ ក្នុង​ប្រទេស​ប្រេស៊ីល ជា​អត្រា​ស្លាប់​ច្រើន​បំផុត​លំដាប់​ទី២ បន្ទាប់​ពី​អាមេរិក។

ទិដ្ឋភាព​ភ្ញៀវ​មក​លេងឆ្នេរ​អុីប៉ាណេម៉ា ក្រុងរីយ៉ូ កាលពី​ខែ​ធ្នូ ឆ្នាំ​ ២០១៩​។ រូបថត AFP

អភិបាល​រដ្ឋ រីយ៉ូ លោក វីលសុន វីតហ្សេល បាន​សារភាព​ថា វិធានការ​សុវត្ថិភាព​នេះ​បាន​ប្រឆាំង​នឹង​ក្រុម​អ្នក​ស្រឡាញ់​ឆ្នេរ​។ ជាមួយ​អត្រា​មរណៈ​ជាង ១៤ ០០០ នាក់ រដ្ឋ​រីយ៉ូ បាន​រង​នូវ​ផល​ប៉ះពាល់​ខ្លាំង​ពី​វីរុស​ច្រើន​ជាង​តំបន់​ផ្សេងៗ​ លើក​លែង​តែ​ក្រុង​សៅប៉ូឡូ​។ កាល​ពី​ថ្ងៃទី ​៣១ ខែ​កក្កដា លោក គ្រីវេលឡា ​បើក​មហា​សមុទ្រ​រីយ៉ូ​ឡើង​វិញ​សម្រាប់​អ្នក​និយម​​ហែល​ទឹក តែ​ការ​អង្គុយ​លើ​ឆ្នេរ​ត្រូវ​​មាន​កំណត់​។

ទោះ​យ៉ាង​ណា មនុស្ស​ម្នា​ជា​ច្រើន​នាំ​គ្នា​សម្រុក​មក​ឆ្នេរ​នានា ដូចជា ឆ្នេរ កូប៉ាកាបាណា និង​អ៊ីប៉ាណេម៉ា ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ បំណង​ដេក​សំដិល​ថ្ងៃ​ និង​ទស្សនា​ភ្នំ​បៃតង​ចាំង​ឆ្លុះ​ផ្ទៃ​សមុទ្រ​ខៀវ​ខ្ចី​។

លោក​មិន​បាន​កំណត់​កាល​បរិច្ឆេទ​បើក​ទទួល​ភ្ញៀវ​ឡើង​វិញ​​ឡើយ​ ដោយ​​និយាយ​ថា ​​មន្ដ្រី​នឹង​ផ្ដល់​ព័ត៌មាន​លម្អិត​បន្ថែម​។ ​ខែ​កក្កដា អភិបាល​ក្រុង​​​ឲ្យ​ដឹង​ថា លោក​អនុញ្ញាត​ឲ្យ​តែ​ភ្ញៀវ​មក​លេង​ឆ្នេរ​នេះ​វិញ​ពេល​មាន​វ៉ាក់សាំង​ប៉ុណ្ណោះ។

គោលដៅ​ឆ្នេរ​​​ធ្វើ​ពិសោធ​ជាមួយ​បច្ចេកវិទ្យា​ដើម្បី​បើក​ដំណើរការ​​​វិញ​​។ អេស្ប៉ាញ​​កំពុង​ប្រើ​ដ្រូន​ បែលហ្ស៊ិក​ ប្រើ​សេនស័រ និង​ប្រព័ន្ធ​តាម​ដាន​ទីតាំង​ទូរស័ព្ទ ហើយ​​ប្រទេស​​ផ្សេងៗ​ទៀត​​​ស្នើ​ឲ្យ​ទេសចរ​​កក់​កន្លែង​តាម​វេបសាយ​ ឬ​កម្មវិធី​ទូរស័ព្ទ​៕ AFP/HR

ឪពុក​មាន​កូនស្លាប់ដោយសារកូវីដ រៀបចំកម្មវិធីកាន់ទុក្ខលើឆ្នេរ។ AFP