ភ្នំពេញៈ នាពេលថ្មីៗនេះ បង្កការងឿងឆ្ងល់យ៉ាងខ្លាំងទាំងទស្សនិកជន និងលោក ជួង ជី ហៅនាយ កុយ ជាប្រធានក្រុមកំប្លែងដែលមានក្រុមសិល្បករចាស់ៗមានវ័យហាសិប និងហុកសិបប្លាយភាគច្រើននោះ ក្រោយពីក្រុមរបស់លោកលែងមានវត្តមានសម្តែងក្នុងកម្មវិធីកម្សាន្តមួយ នៅឯប៉ុស្តិ៍ទូរទស្សន៍ CTN ដូចកាលពីមុនទៀត។
ប្រិយមិត្តទស្សនិកជនច្បាស់មិនទាន់ភ្លេចឡើយ សម្រាប់កម្មវិធីកម្សាន្តនាពេលថ្ងៃត្រង់ឈ្មោះ «មន្តស្នេហ៍សំនៀង» នៅប៉ុស្តិ៍ទូរទស្សន៍ CTN ដែលនៅនាទីចុងក្រោយតែងមាន វត្តមានក្រុមកំប្លែងរបស់នាយកុយ តែនៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ ស្រាប់តែក្រុមកំប្លែងនាយកុយគេលែងឃើញមានការសម្តែងបន្តទៀតគួរឲ្យកើតនូវ ក្តីសង្ស័យមែនទែន។
ហេតុដូច្នេះហើយទើបមានការលើកឡើងពីសំណាក់នាយ កុយ ជាប្រធានក្រុមបង្ហាញពីការយល់ឃើញទំនងជាមានការអាក់អន់ស្រពន់ចិត្តខ្លាំងតែម្តងចំពោះការលុបចោលលែងទទួលក្រុមរបស់លោកទៅសម្តែងនៅក្នុងកម្មវិធីកម្សាន្តឈ្មោះ «មន្តស្នេហ៍សំនៀង» នោះទៀត។
លោក ជួង ជី ហៅនាយ កុយ ក៏បានបង្ហើបប្រាប់ហេតុផល ដែលក្រុមត្រូវបាត់មុខពីការសម្តែងក្នុងកម្មវិធី «មន្តស្នេហ៍សំនៀង» នៅឯប៉ុស្តិ៍ទូរទស្សន៍ CTN នោះឲ្យភ្នំពេញប៉ុស្តិ៍បានដឹងដែរថា៖ «សូម្បីតែខ្ញុំផ្ទាល់ ក៏មានការងឿងឆ្ងល់ដែរ ខណៈនាមួយរយៈពេលប៉ុន្មានខែចុងក្រោយនេះ ស្រាប់តែក្រុមកំប្លែងរបស់ខ្ញុំ ដែលធ្លាប់មានវត្តមានសម្តែងតាំងពីយូរយារមកហើយនោះ ត្រូវខាងអ្នករៀបចំកម្មវិធី ផ្តល់ដំណឹងថា ដោយសារខាងស្ពនស័រចង់បានក្រុមកំប្លែងមានអ្នកសម្តែងក្មេងៗ ទើបបានជាក្រុមរបស់ខ្ញុំត្រូវជំនួសដោយក្រុមកំប្លែងមានក្មេងៗសម្តែងរបស់នាយពែកមី វិញម្តង»។
បើតាមស្តាប់ការរៀបរាប់របស់នាយ កុយ ជាប្រធានក្រុមកំប្លែងជើងចាស់ ដែលមានសមាជិកជាង ១០ រូប ភាគច្រើនមានវ័យសុទ្ធតែជាងហាសិបឆ្នាំ ឬហុកសិបឆ្នាំប្លាយនោះ មិនបានយកបញ្ហាលុយកាក់បានពីសម្តែងនោះជាធំឡើយសម្រាប់ភាពអាក់អន់ស្រពន់ចិត្ត ដែលក្រុមលោកត្រូវបាត់មុខពីប៉ុស្តិ៍ទូរទស្សន៍មួយនេះ។
នាយ កុយ បានបញ្ជាក់ថា៖ «តាមពិតទៅ ក្រុមរបស់ខ្ញុំ ដែលមានសមាជិកជាង ១០ នាក់គឺមានរូបខ្ញុំ នាយ សាន ម៉ៅ តាចេក នាយក្រិន នាយកយ នាយ ហុងដា នាង ឃ្មិប នាងគ្រត នាងប្រិមប្រិយ ជាដើម គឺមិនបានគិតថា ស្តាយរឿងប្រាក់ បានពីការសម្តែងម្តងៗមានប្រហែលជាង ៣០០ ដុល្លារនោះឡើយ។ ប្រការសំខាន់ ពួកយើងសោកស្តាយ និងបារម្ភចំពោះការបាត់បង់វត្តមានពួកយើងពីក្រសែភ្នែកនៃទស្សនិកជនខ្មែរទូទាំងប្រទេស ដែលខំរក្សាសិល្បៈកំប្លែងដែលមានបញ្ជូលនូវទម្រង់សិល្បៈបុរាណនានាយូរយារមកហើយនោះ។ ម្យ៉ាងទៀត ពួកយើង សុខចិត្តឈប់ពីប៉ុស្តិ៍លេខ ៣ មកសម្តែងនៅ CTN តែពេលនេះត្រូវគេឈប់យក»៕