The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុម​កំប្លែង​នាយ កុយ វិល​ទៅ​ផ្ដល់​សំណើច​ជាថ្មី​នៅ​ស៊ីធីអិន

ក្រុម​កំប្លែង​នាយ កុយ វិល​ទៅ​ផ្ដល់​សំណើច​ជាថ្មី​នៅ​ស៊ីធីអិន

Content image - Phnom Penh Post
តារាកំប្លែង​ជើ​ង​ចាស់ នាយ​ កុយ​​។ ហ្វេសប៊ុក

ក្រុម​កំប្លែង​នាយ កុយ វិល​ទៅ​ផ្ដល់​សំណើច​ជាថ្មី​នៅ​ស៊ីធីអិន

ភ្នំពេញៈ ក្រុម​កំប្លែង​ដែលមាន​ក្រុម​សិល្បករចាស់ៗ វ័យ​ហាសិប និង​ហុក​សិប​ប្លាយ​ភាគ​ច្រើន ដែល​ដឹកនាំ​ក្រុម​ដោយ​លោក ជួង ជី ហៅ​នាយ កុយ នឹង​នាំយក​ឈុត​ឆាក​សម្តែង​កំប្លែង​នានា ដើម្បី​បំពេ​អារម្មណ៍​ទស្សនិក​ជន​សប្បាយ​ចិត្ត​សា​ជា​ថ្មី​ម្តង​ទៀត នៅ​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍ ក្រោយ​ពី​បាត់​វត្តមាន​មួយ​រយៈ​មក​ដោយ​មូល​ហេតុ​ចុង​ក្រោយ​ថា ក្រុម​លោក​ខុស​ជម្រើស​របស់​ក្រុមហ៊ុន​ជា​ម្ចាស់​ស្ពនស័រ​នោះ។

តែថ្មីៗនេះ ក៏​ស្រាប់តែ​ធ្លាយ​ដំណឹង​ថា ក្រុមកំប្លែង​នាយ កុយ ត្រូវបាន​ខាង​ប៉ុស្តិ៍​ទូរទស្សន៍ ស៊ីធីអិន មាន​ពេល​វេលា​សម្រាប់​ក្រុម​កំប្លែង​នេះ​វិញ​ហើយ ដែល​បង្ក​ការ​ចាប់​អារម្មណ៍​ពី​មហាជន​សាជា​ថ្មី​ផង​ដែរ​ថា៖ «តើ​មាន​ហេតុផល​អ្វី​ដែរ​ឬទេ ដែល​ប៉ុស្តិ៍​នេះ​បាន​ផ្តល់​ពេល​វេលា​សម្តែង កំប្លែង​ដល់​ក្រុម​លោកពូ​កុយ​វិញ​នោះ?»។

បើតាម​ការឆ្លើយ​ប្រាប់​ពី​លោក ជួង ជី ហៅ​នាយ កុយ ដែល​បាន​ខកខាន​ដឹកនាំ​ក្រុម​កំប្លែង​សម្តែង​នៅ​ប៉ុស្តិ៍ ស៊ីធីអិន មួយរយៈ តែ​លោក​កំពុង​តែ​លេច​ធ្លោ​ខ្លាំង​ក្នុង​តំណែង​ជា​គណៈ​កម្មការ​ម្នាក់ នៃ​កម្មវិធី​លំដាប់​ពិភពលោក​របស់​ប៉ុស្តិ៍​ទូរទស្សន៍​ហង្សមាស​គឺ Cambodia's Got Talent បាន ២ រដូវ​កាល​មក​ហើយ​នោះ លោក​ក៏​មិន​បាន​ព្រលយ​ឲ្យ​ដឹង​ហេតុផល​ច្បាស់​ក្រោយ​ពី​ជូន​ដំណឹង​ល្អ​ទៅ​សម្តែង​កំប្លែង​វិញ​នោះ​ផង​ដែរ។

នាយ កុយ គ្រាន់តែ​បញ្ជាក់ថា៖ «ខ្ញុំ​ក៏​មិនបាន​សួរនាំ​ហេតុផល​អ្វី​ដែរ គ្រាន់តែ​បានឮ​ដំណឹង​ថា​ក្រុម​បាន​ទៅ​សម្តែង​កំប្លែង​វិញ​នោះ។ ក្រុម​យើង​នឹង​ត្រូវ​ទៅ​សម្តែង​ក្នុង​កម្មវិធី នា​ពេល​ថ្ងៃ​ត្រង់​ឈ្មោះ «មន្ត​ស្នេហ៍​សំនៀង» ប៉ុស្តិ៍​ទូរទស្សន៍ ស៊ីធីអិន នោះ​ដូច​លើក​មុន។ ហើយ​យើង​ក៏​កំពុង​តែ​ត្រៀម​រិះរក​សាច់​រឿង​កំប្លែង ដែល​ប្លែក​សម្រាប់​សម្តែង​ចែក​ជូន​ទស្សនិក​ជន​ផង​ដែរ នៅ​ថ្ងៃ​សៅរ៍ ទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៨ ចុង​សប្តាហ៍​នេះ ឡើង​វិញ​ហើយ»។

ប្រិយមិត្ត​ទស្សនិកជន​ច្បាស់​មិនទាន់​ភ្លេច​ឡើយ សម្រាប់​កម្មវិធី​កម្សាន្ត នាពេល​ថ្ងៃ​ត្រង់​ឈ្មោះ «មន្ត​ស្នេហ៍​សំនៀង» នៅ​ប៉ុស្តិ៍​ទូរទស្សន៍ ស៊ីធីអិន ដែល​នាទី​ចុង​ក្រោយ​តែង​តែ​មាន​ឆាក​កំប្លែង​ក្រុម​នាយ កុយ និង​សមាជិក​ក្រុម​មាន​នាយ សាន ម៉ៅ តា​ចេក នាយ​ក្រិន នាយ​កយ នាយ ហុងដា នាង ឃ្មិប នាងគ្រត នាង​ប្រិមប្រិយ ជាដើម តែ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ស្រាប់​តែ​ក្រុម​កំប្លែង​នេះ​លែង​ឃើញ​មាន​ការ​សម្តែង​បន្តទៀ​ត​គួរ​ឲ្យ​កើត​ក្តី​សង្ស័យ។

ហេតុដូច្នេះ​ហើយ​ទើប​មានការ​លើកឡើង​ពី​សំណាក់ នាយ កុយ ដែលជា​ប្រធាន​ក្រុម​បង្ហាញ​ពី​ការ​យល់​ឃើញ​បែប​អាក់​អន់​ស្រពន់​ចិត្ត ចំពោះ​ការ​លុប​ចោល​ការ​សម្ដែង​ក្រុម​របស់​លោក​ក្នុង​កម្មវិធី «មន្ត​ស្នេហ៍​សំនៀង» នោះ​ទៀត។

លោក ជួង ជី ហៅ​នាយ កុយ ក៏បាន​ធ្លាប់​បង្ហើប​ប្រាប់​ពី​ហេតុផល ដែល​ក្រុម​ត្រូវ​បាត់​មុខ​ពី​ឆាក​កម្មវិធី «មន្ត​ស្នេហ៍​សំនៀង» នៅ​ប៉ុស្តិ៍​ទូរទស្សន៍ ស៊ីធីអិន នោះ​ឲ្យ​ដឹង​ផង​ដែរ​ថា៖ «សូម្បី​តែ​ខ្ញុំ​ផ្ទាល់ ក៏មាន​ការ​ងឿង​ឆ្ងល់​ដែរ ខណៈ​នា​មួយ​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ស្រាប់​តែ​ក្រុម​កំប្លែង​របស់​ខ្ញុំ ដែល​ធ្លាប់​មាន​វត្តមាន​សម្តែង​តាំង​ពី​យូរយារ​មក​ហើយ​នោះ ត្រូវ​ខាង​អ្នក​រៀបចំ​កម្មវិធី ផ្តល់​ដំណឹង​ថា ដោយសារ​ខាង​ស្ពនស័រ​ចង់​បាន​ក្រុម​កំប្លែង​មាន​អ្នក​សម្តែង​ក្មេងៗ ទើប​បាន​ជា​ក្រុម​របស់​ខ្ញុំ​ត្រូវ​ជំនួស​ដោយ ក្រុម​កំប្លែង​មាន​ក្មេងៗ​សម្តែង​របស់​នាយ​ពែកមី វិញ​ម្តង»៕

អត្ថបទគួរចាប់អារម្មណ៍