ភ្នំពេញ៖ ជីវិត​គឺ​ជា​ការ​តស៊ូ​។​ ពី​អតីត​ក្មេង​ដើរ​រើស​អេតចាយ​នៅ​គំនរ​សំរាម​ស្ទឹងមានជ័យ​ជា​ថ្នូរ​នឹង​អាហារ​ចម្អែត​ក្រពះ យុវជន​​ក្រុម​តន្ដ្រី​​ឈ្មោះ «ដូច​ឆ្កែ» បាន​ដុះ​ពន្លក​ឡើង​។ «ដូចឆ្កែ​» ​​បង្កើត​ឡើង​​​ ​៥ ឆ្នាំ​​ហើយ​ក្រុម​ចម្រៀង​ដ៏​ចម្លែក​​​​នេះ បាន​បញ្ចេញ​​ចម្រៀង​​​ជាង ១០ ​បទ​។​​​ ​

ប៉ុន្ដែ​​​ចម្រៀង​មាន​ប្រជាប្រិយភាព​​​ច្រើន​នោះ​គឺ​ «ជីវិត​ដូច​ឆ្កែ​» និង «ខាំ​គ្នា​ដូច​ឆ្កែ​» ជា​​បទ​​នេះ​សុទ្ធ​តែ​និយាយ​ពី​ប្រវត្តិ​​​ពួក​គេ​រស់នៅ​យ៉ាង​លំបាក​​ដូច​សត្វ​ឆ្កែ​។ ​​នេះ​ក៏​ជា​មូលហេតុ​តែ​មួយ​ដែល​ពួក​គេ​យក​វា​ជា​ឈ្មោះ​ក្រុម​។

ថ្ងៃ​មួយ​មាន​អ្នក​កាសែត​ពី​​អាល្លឺម៉ង់​​ម្នាក់​​​មក​សុំ​ពួក​គេ​​សម្ភាស​ ​ដោយ​មិន​ច្បាស់​ថា អ្នក​កាសែត​បរទេស​រូប​នោះ​​ស្គាល់​​ក្រុម​ចម្រៀង​នេះ​​តាម​ណា​ទេ​។ ​ក្រោយ​​​ចុះ​ផ្សាយ​ពេល​នោះ មាន​ការ​ផ្ទុះ​ឡើង​នៅ​​អាល្លឺម៉ង់​​។ រហូត​ដល់​ពួក​គេ​ត្រូវ​បាន​អញ្ជើញ​ឱ្យ​មាន​ការ​ប្រគំ​តន្រ្តី​នៅ​លើ​ឆាក​អន្តរជាតិ​មួយ​ Wacken open air កាល​ពី​ឆ្នាំ ​២០១៨​។

កាល​នោះ​ពួក​គេ​បាន​ត្រៀម​លិខិត​ឆ្លង​ដែន​រួច​ជាស្រេច​​ ប៉ុន្តែ​បែរ​ជា​ធ្លាក់​ទិដ្ឋាការ​ ព្រោះ​ទូត​អាល្លឺម៉ង់​​ឃើញ​ពួក​គេ​ក្រ​ពេក​ខ្លាច​ទៅ​ហើយ​​​ធ្វើ​អំពើ​ខុស​ច្បាប់​​​​នៅ​ប្រទេស​គេ​។ ប៉ុន្តែ​ដោយ​​មាន​ការ​គាំទ្រ​ច្រើន​ គេ​បាន​ព្យាយាម​រក​មធ្យោបាយ​រហូត​ដល់​បាន​ជោគជ័យ​ឆ្នាំ​ ២០១៩​ ពួក​គេ​បាន​ទៅ​ដល់​លើ​ឆាក​អន្តរជាតិ​។

លោក សុខ វិជ័យ​ និង អ៊ុច ​ធារ៉ា​ ក្នុង​ចំណោម​សមាជិក​ក្រុម ៤ ​នាក់ បាន​រំឭក​​ថា​៖ «វា​ជា​ពេលវេលា​ដ៏​អស្ចារ្យ​មួយ​​ក្នុង​ជីវិត​។ យើង​មិន​នឹក​ស្មាន​​ថា​ មាន​មនុស្ស​កុះករ​មក​​គាំទ្រ​យើង​បែប​នេះ​។ ជាង​នេះ​ទៀត​ ​យើង​ទទួល​បាន​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​​ពី​សំណាក់​ពួក​គេ។ យើង​មាន​មោទនភាព​ណាស់​ដែល​អាច​យក​ទង់ជាតិ​​ខ្មែរ​ទៅ​លើ​​ឆាក​​អន្តរជាតិ​»។

ពួក​គេ​អះអាង​ថា​៖ «​យើង​ក៏​ធ្លាប់​​​ទៅ​ប្រទេស​វៀតណាម ​២ ​ដង​ដែរ​។ យើង​មិន​គិត​ទេ​ថា​ មាន​អ្នក​មក​មើល​តែ​ពេល​នោះ​មនុស្ស​​យ៉ាង​ច្រើន​​គេ​ថែម​ទាំង​ចេះ​និយាយ​ខ្មែរ​ពាក្យ​អរគុណ ​និង​ជម្រាប​សួរ​ទៀត​»។

ប៉ុន្តែ​ពេល​សួរ​ពី​មតិយោបល់​​​ប្រជាជន​ក្នុង​ស្រុក​វិញ​ លោក វិជ័យ​ និយាយ​យ៉ាង​ក្ដុកក្ដួល​​ថា​ ពួក​គេ​មិន​ទទួល​បាន​អ្វី​ក្រៅ​ពី​ពាក្យ​មើល​ងាយ​ទេ​។ តែ​​លោក​​ថា ​ពួក​គេ​មិន​បន្ទោស​​ទេ​ ព្រោះ​នេះ​ជា​មតិយោបល់​​មនុស្ស​ម្នាក់ៗ​ ហើយ​វា​ក៏​ជា​តន្ត្រី​ថ្មី​ដែល​​​ពិបាក​នឹង​ទទួល​យក​។

យុវជន វិជ័យ ​បាន​ប្រាប់​ថា ​ពួក​គេ​មិន​សូម​អ្វី​ច្រើន​ទេ​ សូម​ឱ្យ​​មហាជន​​បើក​ចិត្ត​ឱ្យ​ទូលាយ ​និង​ឱ្យ​តម្លៃ​ទៅ​លើ​ពួក​គេ​ដែល​ជា​​សិល្បករ និង​គ្រប់​ប្រភេទ​តន្ត្រី​ព្រោះ​គេ​ធ្វើ​ដោយ​ចេញ​ពី​ចិត្ត​ពិតៗ​។

ក្រុម​ចម្រៀង​ «​ដូចឆ្កែ» រៀប​រាប់​អំពី​ជីវិត​ពិត​របស់​ពួកគេ ដែល​រស់​នៅ​លើ​គំនរ​សំរាម​ស្ទឹង​មាន​ជ័យ​។ រូបថត សហ​ការី

ថ្វី​ដ្បិត​តែ​ពួក​គេ​​មិន​ធ្លាប់​ឆ្លង​កាត់​​ការ​រៀន​សូត្រ ​ឬ​សាលា​តូរ្យតន្ត្រី​​​ច្បាស់លាស់​យ៉ាង​ណា​ក៏​ដោយ ក៏​វា​​​​​មិន​អាច​​បញ្ឈប់​ទេពកោសល្យ​របស់​ក្រុម​ ដូច​ឆ្កែ ​នេះ​​រះ​លើ​វិថី​ចម្រៀង​បាន​​ទេ​។

លោក ​វិជ័យ​ ​បាន​​រៀប​រាប់​ពី​ចំណុច​​​នាំ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​ជីវិត​​ពួក​គេ​​ថា​៖ «​​ពួក​យើង​ជា​អ្នក​ជិត​ខាង​គ្នា​។ យើង​រស់នៅ​លើ​គំនរ​សំរាម​នេះ ព្រម​ទាំង​​តែង​រើស​អាហារ​ដែល​អាច​ញ៉ាំ​បាន និង​ខ្លះ​យក​លក់​»។

លោក​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍​ ថា​៖ «កាល​នោះ​ យូរ​ម្ដងៗ​​​មាន​ក្រុម​អង្គការ​ចុះ​ចែក​បាយ ហើយ​​​យើង​ក៏​បាន​ជួប​អង្គការ​ដែល​​ឈ្មោះ​​ Moms Against Poverty។ ពេល​នោះ​ហើយ​ដែល​យើង​បាន​ទៅ​អង្គការ​រៀន ​និង​ទទួល​ការ​ឧបត្ថម្ភ​»​។

សមាជិក​ខ្លះ​អាយុ​ច្រើន​ពេក ពិបាក​ចូល​រៀន​ឡើង​វិញ ពួក​គេ​ក៏​សម្រេច​ចិត្ដ​សុំ​អង្គការ​រៀន​ជំនាញ​ផ្នែក​តន្ដ្រី​ ខណៈ​សមាជិក ២ ​នាក់​ទៀត ​អាច​ចូលរៀន​បន្ដ​បាន​។ ការ​ផ្ដួច​ផ្ដើម​​​​បង្កើត​ក្រុម ​«ដូច​ឆ្កែ» កើត​ឡើង​​​​ពេល​អ្នក​គ្រប់គ្រង​​នៅ​អង្គការ​លោក ធីម៉ុន ស៊ីប៊ែល បាន​នាំ​ពួក​គេ​ទៅ​មើល​ក្រុម​ចម្រៀង ​SLITEN6IX ​សម្ដែង​ជា​ក្រុម​ ម៉េតថល​ (Metal) ទី១ នៅ​កម្ពុជា​។

​ការ​សម​ចម្រៀង​ជា​ក្រុម​។ រូបថត សហ​ការី

យុវជន​ វិជ័យ ​បាន​រៀបរាប់​ពី​អារម្មណ៍​​ថា​៖ «និយាយ​តាម​ត្រង់ ​ពេល​ឃើញ​ការ​សម្ដែង​នោះ យើង​និយាយ​​គ្នា​ថា​ ​​ក្រុម​ហ្នឹង​លេង​ភ្លេង​បទ​ស្អី​ ស្ដាប់​មិន​យល់​ លេង​ហ្គីតា​គ្រវីក្បាល​ឡើង​​ចង់​ជ្រុះ​ហើយ​»។

លោក​បន្ដ​ថា​៖ «ពេល​ត្រឡប់​មក​វិញ ទិដ្ឋភាព​នៃ​ការ​សម្ដែង​​​ចេះ​តែ​វិលវល់​ក្នុង​គំនិត​។ យើង​​ផ្ដើម​គិត​​ថា​ យើង​អាច​លេង​តន្រ្តី​​នេះ​បន្ធូរបន្ថយ​កំហឹង​យើង​​បាន ​ព្រោះ​កាល​នៅ​ក្មេង​យើង​ឆាប់​ខឹង​ និង​ឆាប់​ឆេវឆាវ​ណាស់​»។

ដោយ​គិត​ថា​ នេះ​​ជា​ឱកាស​​កម្រ​នៅ​កម្ពុជា​ លោក​ វិជ័យ ​​ប្រាប់​ថា ​ពួក​គេ​ចង់​ធ្វើ​ជា​ម្នាក់​ក្នុង​ចំណោម​អ្នក​ដំបូង​នោះ​។ ​ពួក​គេ​មាន​គេ​ចាប់​ផ្ដើម​ស្គាល់​ខ្លះ​ ហើយ​ត្រូវ​បាន​គេ​អញ្ជើញ​​ទៅ​លេង​នៅ​តាម​បារ៍​​ផ្សេងៗ​ ជាពិសេស​បារ៍​បរទេស​។

សមាជិក​ក្រុម​បាន​អរគុណ​ដល់អង្គការ Mom Against Poverty ថា៖ «យើង​ពិត​ជា​​​អរគុណ​ដល់​អង្គការ​​។ អរគុណ​ដែល​ធ្វើ​ឱ្យ​យើង​មាន​ក្ដី​សង្ឃឹម​ រក​ឃើញ​អ្វី​ដែល​យើង​ចង់​ធ្វើ​។ ​​ខ្ញុំ​សូម​ឱ្យ​ចិត្ត​ និង​បេះដូង​»៕