ភ្នំពេញៈ ដើម្បី​ចូលរួម​ពិធីបុណ្យ​ផ្កាយ​ឆ្នាំ​ ២០១៩ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ភ្នំពេញ​ចន្លោះ​ថ្ងៃទី​ ១២-១៥ ខែ​កក្កដា ឆ្នាំ​ ២០១៩ មជ្ឈមណ្ឌល​អាស៊ី​នៃ​មូលនិធិ​ជប៉ុន (JFAC) ក៏​បាន​អញ្ជើញ​ក្រុម​ចម្រៀង និង​រាំ​ដ៏ល្បី​នៅ​ជប៉ុន​មាន​ឈ្មោះ​ថា TEMPURA KIDZ មក​ចូលរួម​សម្តែង​កម្មវិធី​នេះ​ផង​ដែរ​។

បើ​យោង​ទៅ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា​ដែល​ចេញ​ផ្សាយ​កាលពី​ចុង​សប្តាហ៍​កន្លង​មក​ឲ្យ​ដឹង​ពី​កម្មវិធី​ត្រួសៗ​របស់​បុណ្យ​ផ្កាយ​ឆ្នាំ​ ២០១៩ ចាប់ពី​ថ្ងៃទី​ ១៣-១៥ ខែ​កក្កដា​នេះ​ថា​៖ «​ការបើក​កម្មវិធី​បុណ្យ​ផ្កាយ​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​ ១៣ ខែ​កក្កដា​ចាប់ពី​ម៉ោង ៣ ​រសៀល​តទៅ​នៅឯ​សាល​អង្គរគីហ្សូណា​នៃ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន (CJCC)​។ ចំណែក​ថ្ងៃ​ទី​ ១៤ ខែ​កក្កដា​ជា​ការប្រគំ​តន្ត្រី​អ៊ីឈីតាន់​ផ្សាយ​បន្ត​ផ្ទាល់​នៅ​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ហង្សមាស​វេលា​ម៉ោង ១១ ​ព្រឹក​ដល់​ម៉ោង​ ១ រសៀល​។ ខណៈ​ថ្ងៃ​ដដែល​ចាប់ពី​ម៉ោង ៦ ​ល្ងាច ដល់ ម៉ោង ៧ ​យប់​ជា​ការប្រគំ​តន្ត្រី​ពិសេស​នៅ​សាល​អង្គរគីហ្សូណា​នៃ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន​។

ចំណែកឯ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​ ១៥ ខែ​កក្កដា ឆ្នាំ​ ២០១៩ គឺជា​កម្មវិធី​សិក្ខាសាលា​រួម​មួយ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ដោយ​មាន​វត្តមាន​នៃ​ក្រុម​ចម្រៀង និង​រាំ TEMPURA KIDZ ដ៏ពេញនិយម​របស់​ជប៉ុន​មាន​សមាជិក​ ៤ ​រូប​ស្រី ៣ រូប និង​ប្រុស ១ រូប​នោះ​ផង​ដែរ​»​។

ក្រុម​ចម្រៀង និង​រាំ​ដ៏ល្បី​ជប៉ុន​ TEMPURA KIDZ មាន​សមាជិក ៤ នាក់​។ សហការី

សេចក្តី​ប្រកាស​ដដែល​នេះ​បន្ត​ឲ្យ​ដឹង​ពី​ប្រវត្តិ​ក្រុម​ចម្រៀង និង​រាំ TEMPURA KIDZ ដែរ​ថា​៖ «​ក្រុម​នេះ​ត្រូវ​បាន​បង្កើតឡើង​នៅ​ឆ្នាំ​ ២០១២​។ ចំពោះ​ការសម្តែង​ពួកគេ​ប្រកប​ដោយ​ថាមពល និង​មាន​លក្ខណៈ​ថ្មី​ប្លែក​​អម​ទៅ​ដោយ​ក្បាច់​រាំ​ដ៏រស់រវើក​គួរ​ឲ្យ​ចាប់​អារម្មណ៍​។

ពួកគាត់​បាន​សម្តែង​ និង​រៀបចំ​សិក្ខាសាលា​យ៉ាង​សកម្ម​នៅលើ​ឆាក​អន្តរជាតិ​ជាច្រើន​រហូត​មក​ដល់​ពេល​នេះ​ពួកគាត់​សម្តែង​បាន ១៣ ប្រទេស​មាន​ចំនួន ១៧ ទីក្រុង​ដែល​ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​ផង​ដែរ ហើយ​ពួកគាត់​ធ្លាប់​បាន​មក​សម្តែង​លើក​ទី​ ១ ​នៅ​កម្ពុជា​កាលពី​ឆ្នាំ​ ២០១៧​។ ស្ថានទូត​ជប៉ុន​ក៏​មាន​សេចក្តី​សង្ឃឹម​ថា​ការមក​ដល់​សា​ជាថ្មី​ជា​លើក​ទី​ ២ ​របស់​ពួកគាត់​មក​កាន់​ប្រទេស​កម្ពុជា​ឆ្នាំ​ ២០១៩ ​នេះ​នឹង​នាំយក​នូវ​ការសម្តែង​រឹតតែ​អស្ចារ្យ​ជូន​ដល់​ទស្សនិកជន​ដែល​ទន្ទឹង​រង់ចាំ​ទស្សនា កម្សាន្ត ជាមួយ​នឹង​សំឡេង​ហ៊ោកញ្ជ្រៀវ​គាំទ្រ​ផង​ដែរ​»​។

គួរ​រំឭក​ដែរ​ថា កម្មវិធី​សំខាន់ៗ​ក្នុង​ពិធីបុណ្យ​ផ្កាយ​ឆ្នាំ​ ២០១៨ ​កន្លង​មក​មាន​ការច្រៀង​រួម​គ្នា​នូវ​បទចម្រៀង​តាណាបា​រៀន​សិល្បៈ​បត់ក្រដាស​ជប៉ុន «​អូរីហ្គាមី​» កាត់​ក្រដាស «​គីរិហ្គាមី​» និង​សរសេរ​បំណង​ប្រាថ្នា​ចង​ព្យួរ​នឹង​ដើម​ឫស្សី ការសរសេរ​អក្សរ​ជប៉ុន​បែប «​ស្យូដូ​» ជក់​ទឹក​ខ្មៅ ការ​ស្លៀក​សម្លៀកបំពាក់​ប្រពៃណី​ជប៉ុន សាកល្បង​ភ្លក្ស​រសជាតិ​តែ​ជប៉ុន​ដែល​ឆុង​ដោយ​អ្នក​ជំនាញ​ជប៉ុន ការសាកល្បង​ចម្អិន​នំ​ជប៉ុន «​ដូរ៉ាយ៉ាគី​» ការ​ភ្លក្ស​រសជាតិ​មីបង្ហូរ​តាម​បំពង់​ប្ញស្សី​ជប៉ុន​មាន​ឈ្មោះ​ថា «​ណាហ្គាស៊ិ សូមេន​» ពិធី​បណ្តែត​ប្រទីប​ពេល​រាត្រី ការ​ទស្សនា​ខ្សែភាពយន្ត​គំនូរជីវចល​ដ៏ល្បី​រឿង «One Piece» ការទស្សនា​កម្សាន្ត​ការសម្តែង របាំ​វប្បធម៌​កម្ពុជា-ជប៉ុន និង​ការ​ស្លៀក​សម្លៀកបំពាក់​របស់​ខ្មែរ​នាសម័យ​កាល​លង្វែក ដើម្បី​ស្វែងយល់​ពី​បទពិសោធ វប្បធម៌​ប្រពៃណី​ដ៏ផូរផង់​របស់​ប្រទេស​ជប៉ុន-កម្ពុជា​នៅក្នុង​កម្មវិធី​ប្រពៃណី​បែប​ជប៉ុន​គឺ​បុណ្យ​ផ្កាយ​តាណាបាតា​នេះ​៕