ក្រុងម៉ូស្គូ៖ ខោខូវប៊យកាត់ឲ្យរហែក និងអាវយឺតដៃវែង អ្នកស្រី អាលីណា មូហ្ស៊ីឆេនកូ ងាយស្រួលសម្របខ្លួនទៅក្នុងហ្វូងមហាជននៅកណ្ដាលក្រុងម៉ូស្គូ។ ប៉ុន្ដែស្រោមជើងពណ៌ផ្កាឈូកខ្ចីរបស់អ្នកស្រីហាក់បង្ហាញភាពលេចធ្លោ ជាពណ៌សម្បុរដែលទាក់ចំណាប់អារម្មណ៍កងកម្លាំងប៉ូលិសបង្ក្រាបកុបកម្ម។
ស្ដ្រីវ័យ ៣៤ ឆ្នាំ បានបើកហាងឌីហ្សាញមួយជាមួយស្វាមីឈ្មោះ យេហ្គ័រ យេរេមេយេវ ស្ថិតក្នុងចំណោមយីហោល្បីផលិតសម្លៀកបំពាក់ដែលគាំទ្រដល់ចលនាតវ៉ារបស់រុស្ស៊ី។
លក់តាមអនឡាញ និងបណ្ដាហាងជាច្រើនទៀត ទំនោរម៉ូដម៉ាកប្លែកៗមានការកើនឡើងប្រជាប្រិយភាពចាប់តាំងពីមានបាតុកម្មក្នុងទីក្រុងម៉ូស្គូនារដូវក្ដៅ ដើម្បីឲ្យមានការបោះឆ្នោតយុត្ដិធម៌ ដែលនាំឲ្យប៉ូលិសបើកការបង្ក្រាប និងចាប់ខ្លួនមនុស្សរាប់ពាន់នាក់។
ក្នុងបន្ទប់ស្ទូឌីយោនៃផ្ទះល្វែងក្រុងម៉ូស្គូ អ្នកស្រី មូហ្ស៊ីឆេនកូ និងលោក យេរេមេយេវ អាយុ ៣២ ឆ្នាំ បានជ្រើសរើសបែងចែកប្រអប់អាវយឺត និងត្រៀមដាក់លក់។
អាវយឺតសេរីថ្មីបំផុតមួយរបស់ពួកគេបានបង្ហាញរូបភាពប៉ូលិសកុបកម្មដាក់ខ្នោះដៃលើស្ដ្រីវ័យក្មេងម្នាក់ ខណៈមន្ដ្រីប៉ូលិស ២ នាក់ទៀត ឈរកាន់ដំបងលើគ្រវី ដូចជាចង្កឹះវេទមន្ដ។ ពាក្យស្លោកលើអាវសរសេរថា «សេរីភាព និងក្ដីស្រឡាញ់»។
លោក យេរេមេយេវ បាននិយាយអំពីអាវយឺត ដែលលក់តាមអនឡាញក្នុងតម្លៃ ៣៩ ដុល្លារ ថា៖ «លក់ដាច់ទាំងអស់គ្រប់ពណ៌។ ដូច្នេះពលរដ្ឋមិនចាំបាច់ខ្លាចនឹងការដើរហើរ ជាមួយពាក្យស្លោកនោះផងដែរ»។
ប្ដីប្រពន្ធទាំង ២ បាននិយាយថា អាវយឺតដំបូងប្រមាណចន្លោះពី ៥០ ទៅ ១០០ បាច់ បានលក់ក្នុងខែសីហា និងលក់ដាច់អស់រយៈពេលតែប៉ុន្មានថ្ងៃក្រោយ។ អ្នកទាំង ២ បានបរិច្ចាគប្រាក់ពីការលក់ខោអាវដល់វេបសាយ Mediazona ដែលរាយការណ៍ពីបញ្ហារបស់ក្រុមអ្នកតវ៉ា។
តាមរយៈការលក់សម្លៀកបំពាក់នេះ ក្រុមស្ថាបនិក Kultrab ចាត់ទុកការស្លៀកពាក់ស្ទាវជាមធ្យោបាយអន្ទងចិត្ដយុវជនរួមចំណែកកិច្ចការសង្គម ផ្សព្វផ្សាយចំណេះដឹង និងសកម្មភាពផ្សេងៗ»៕ AFP/HR