ក្រុងឡុងដ៍: ខ្យល់ ភ្លៀង និងទឹកកក បានរួមគ្នាឆ្លាក់ទម្រង់ថ្ម ប្រ៊ីមហាម អស់រយៈពេល ៣២០ លានឆ្នាំ។
វាបានក្លាយជាសម្បត្ដិជាតិ National Trust ដែលរំលេចនូវសម្រស់ធម្មជាតិដ៏ត្រកាល ដោយបានទាក់ទាញភ្ញៀវទេសចរមកលេងតំបន់ North Yorkshire ប្រទេសអង់គ្លេស។ យ៉ាងណាមិញ កាលពីដើមមិថុនានេះ យុវជនល្ពឹះដៃមួយក្រុមបានបំផ្លាញទម្រង់ថ្មរាប់លានឆ្នាំនេះខ្ទេចតែមួយប៉ព្រិចភ្នែក។
ប៉ូលិស North Yorkshire បានឲ្យដឹងថា៖ «ម៉ោង ៨:៤៥ យប់ថ្ងៃសុក្រ ទីមួយខែ មិថុនា យុវជន ៥ នាក់ត្រូវបានប្រទះឃើញរុញថ្មនៅលើថ្មត្រួតគ្នាមួយ។ ថ្មនៅលើគេនោះក៏រលំបាក់ខូចអស់ទ្រង់ទ្រាយធម្មជាតិ។ ការបំផ្លាញនេះមិនអាចជួសជុលបាន ហើយពេលនេះ វាស្ថិតក្នុងសភាពអន្ដរាយណាស់»។
ប៉ូលិសបានបន្ដថា៖ «ឧប្បត្ដិហេតុនេះមិនត្រឹមបង្កឲ្យខូចទាំងថ្ម និងទម្រង់ថ្មបណ្ដុបធម្មជាតិប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងជាអន្ដរាយ និងបង្កើតជាស្ថានភាពគ្រោះថ្នាក់ដល់ភ្ញៀវទេសចរទៅកាន់ទម្រង់ថ្មប្រ៊ីមហាម»។
ហេឡេន ក្លាក មកពីNational Trust បានបន្ថែមថា៖ «វាជាកន្លែងផ្ដល់ការកម្សាន្ដដល់ទេសចរខ្លះ។ តាមពិត វាជាមិនសំខាន់ និងមិនចាំបាច់អ្វីទាំងអស់»។
ខណៈមនុស្សគ្រប់រូបបង្ហាញនូវការខឹងសម្បាចំពោះក្រុមយុវជនលើបណ្ដាញសង្គម ប៉ូលិសកំពុងតែស្នើសុំជំនួយ។ ប៉ូលិសបានលើកឡើងថា៖ «បើអ្នកមានព័ត៌មានអំពីអត្ដសញ្ញាណជនទាំង ៥ នាក់នោះ សុំទាក់ទងមកលេង ១០១ ដោយជ្រើសរើសនូវជម្រើសពីរ និងសរសេរអំណះអំណាង 12180097959»៕ HR
ប្រភព boredpanda.com