សៀមរាប៖ ដាក់​ជណ្ដើរ​ដែក​គង​លើ​​កំពូល​​ប្រាសាទ​អង្គរវត្ដ លោក ឈឿម ទ្រី កំពុង​ព្យាយាម​ឡើង​បោច​រុក្ខជាតិ​តូចៗ​មុន​ពេល​ពួកវា​ចាក់​ឫស​បំបែក​សិលា​ប្រាសាទ​បុរាណ​។

បុរស​អាយុ ៥០ ​ឆ្នាំ​រូប​នេះ ជា​ផ្នែក​មួយ​នៃ​ក្រុម​អ្នក​ថែ​សួន​ដែល​ធានា​ថែរក្សា​ការពារ​តំបន់​បេតិកភណ្ឌ​ដ៏​មាន​តម្លៃ​បំផុត​របស់​កម្ពុជា និង​ពិភព​លោក ដោយ​មិន​បណ្ដោយ​ឲ្យ​មាន​រុក្ខជាតិ​ដុះ​លើ​តួ​នៃ​ប្រាង្គ​ប្រាសាទ​។

អស់​រយៈពេល ២ ​ទសវត្សរ៍​ លោក ឈឿម ទ្រី តែងតែ​ឡើង​កំពូល​ប្រាសាទ​​ដោយ​ប្រើ​ជើង​ទទេ​ ដែល​មាន​កម្ពស់​រហូត​​ដល់ ៦៥ ​ម៉ែត្រ​លើ​បរិវេណ​ខឿន​នៃ​​តួ​ប្រាសាទ​ស្ថិត​នៅ​ភាគ​ខាង​ជើង​ក្រុង​សៀមរាប​។

លោក​បាន​ប្រាប់​ AFP ក្រោយ​ចុះ​មក​ដល់​ដី​វិញ​ថា​៖ «​បើ​ថ្លោះ​ធ្លោយ​តែ​បន្ដិច យើង​ដឹង​តែ​​មិន​រស់​ឡើយ​»។

ប៉ុន្ដែ​លោក​នៅ​តែ​បន្ដ​ភារកិច្ច​នេះ ដោយ​​ដឹង​ថា កិច្ចការ​កម្ចាត់​ឫស​រុក្ខជាតិ​ដ៏​លំបាក​នេះ​ត្រូវ​តែ​ធ្វើ​ជាប់​ជានិច្ច​។

លោក​បាន​លើក​ឡើង​ថា​៖ «​ពេល​ដើម​ឈើ​ដុះ​លូត​ធំ​ ឫស​​វា​ច្បាស់​​ជា​​ចាក់​ជ្រៅ និង​ធ្វើ​ឲ្យ​ផ្ទាំង​ថ្ម​ប្រេះ​បែក​»។

កិច្ចការ​អភិរក្ស​ប្រាង្គប្រាសាទ​នៅ​ឧទ្យានអង្គរ គឺ​ជា​​ការងារ​វិលជុំ​ ដែល​ប្រើ​កម្លាំង​ទាំង​អស់ ៣០ ​នាក់​។ តំបន់​បេតិកភណ្ឌ​ពិភព​លោក​មាន​ប្រាង្គ​ប្រាសាទ​ ដែល​មាន​កំណើត​តាំង​ពី​សតវត្សរ៍​ទី៩ រហូត​ដល់​ទី១៥ និង​ជា​គោលដៅ​ទេសចរណ៍​ដ៏​ល្បីល្បាញ​បំផុត​របស់​កម្ពុជា​។

ក្រុមការងារ​សម្អាត​ប្រាសាទ ឡើង​បោច​រុក្ខជាតិ​កុំ​ឲ្យដុះ​ចាក់​ឫសបំផ្លាញ​សំណង់បុរាណ​​។ រូបថត AFP

លោក ឈឿម ទ្រី បាន​និយាយ​ថា៖ «​យើង​ចូលចិត្ដ និង​ចង់​អភិរក្ស​ប្រាសាទ​។ បើ​យើង​មិន​ធ្វើ​កិច្ចការ​នេះ ក្មេង​​ជំនាន់​ក្រោយ​នឹង​លែង​បាន​ឃើញ​​ទៀត​ហើយ​»។

ដោយ​ពាក់​តែ​មួក​ជ័រ​ពណ៌​ខៀវ​ម្នាក់​មួយ​​ជា​សម្ភារ​សុវត្ថិភាព​តែ​មួយ​មុខ​គត់ ក្រុម​ថែ​សួន​ស៊ាំ​នឹង​កិច្ចការ​របស់​​ខ្លួន​ក្រោម​ក្រសែ​ភ្នែក​របស់​ភ្ញៀវ​ទេសចរ​ទៅ​ហើយ​។

លោក ងិន ធី ជា​ប្រធាន​ក្រុម​បាន​និយាយ​ថា​៖ «​ពេល​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ ឃើញ​យើង​ឡើង​កំពូល​ប្រាសាទ វា​ហាក់​ដូចជា​ធ្វើ​ឲ្យ​ពួក​គេ​ភ័យ​ស្ញើប​ ​​និង​​គិត​ថា​ខ្វះ​បច្ចេកទេស​»។

ប៉ុន្ដែ​ការ​ប្រើប្រាស់​ខ្សែ​ពួរ ឬ​ឧបករណ៍​នានា​មិន​អាច​ធ្វើ​ទៅ​បាន​ឡើយ ដោយសារ​វា​អាច​ប៉ះពាល់​ដល់​ក្បាច់​រចនា​របស់​តួ​ប្រាសាទ ខណៈ​រន្ទា​​ដែក​អាច​ត្រូវ​ការ​ពេល​ដំឡើង និង​ទម្លាក់​ចុះ​​ជា​ច្រើន​សប្ដាហ៍​។ លោក ងិន ធី បន្ត​ថា​៖ «​វា​អាច​បង្ក​បញ្ហា​ដល់​​​ប្រាសាទ​ទៅ​វិញ​ទេ។ វា​មាន​សុវត្ថិភាព​ជាង​ពេល​ពួក​គេ​កាន់​តែ​កន្រៃ្ត​រួច​ឡើង​កាត់​រុក្ខជាតិ​តូចៗ​​ផ្ទាល់​តែ​ម្ដង​»។

ប្រាង្គ​ប្រាសាទ​ខ្លះ​មាន​បរិវេណ​តូច​ចង្អៀត​ ដែល​តម្រូវ​ឲ្យ​ក្រុម​ការងារ​លូន​ក្រាប និង​រំលង​លើ​ចម្លាក់​​​​ទាំង​ពួក​គេ​មិន​ចង់​​​ប៉ះពារ​ដល់​ក្បាច់​ចម្លាក់​។

លោក ឈឿម ទ្រី​ បាន​និយាយ​រំឭក​អំពី​​ហេតុការណ៍​ដ៏​ប្រហោង​ពោះ​កើត​ឡើង​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន នៅ​ពេល​ឥដ្ឋ​​មួយ​ដុំ​បាន​ធ្លាក់​ចំ​ក្បាល​ ដែល​ធ្វើ​ឲ្យ​​បែក​មួក​ជា ​២ បំណែក​ថា​៖ «​ការងារ​នៅ​តាម​ជញ្ជាំង​​ប្រាសាទ​ វា​កាន់​តែ​លំបាក​​ថែម​ទៀត​»។

ភ្ញៀវ​ទេសចរ​ជាតិ និង​ព្រះសង្ឃ​បាន​នាំ​គ្នា​សម្លឹង​មើល​ក្រុម​ការងារ​ឡើង​កំពូល​​ប្រាសាទ​យ៉ាង​យក​ចិត្ដ​ទុក​ដាក់​។

ទោះ​មិនប្រើឧបករណ៍​ខ្សែពួរក៏​​ក្រុមការងារ​នៅតែ​ពុះពារ​ឡើង​សម្អាតដល់​​កំពូលប្រាសាទ​។ រូបថត AFP​​

លោក រ័ត្ន វាសនា ជា​ភ្ញៀវ​ទេសចរ​ បាន​និយាយ​ទាំង​ខំ​អត់​ដង្ហើម​ពេល​ឃើញ​ក្រុម​ការងារ​ម្នាក់​ឡើង​ជណ្ដើរ​ដោយ​មិត្ដភក្ដិ​ម្នាក់​ទៀត​ទប់​ជណ្ដើរ​ឲ្យ​ថា​៖ «​ពួក​គាត់​ពិត​ជា​ក្លាហាន​មែន​»។

ការ​​ទុក​ឲ្យ​ប្រាសាទ​រង​ការ​បំពាន​ពី​ធម្មជាតិ បី​ដូចជា​ទស្សនីយភាព​តាំង​ពី​សម័យ​ធម្មជាតិ​វិទូ​បារាំង និង​ជា​អ្នក​រុក​រក​ ហេនរី មូហុត ធ្លាប់​បាន​ឃើញ​​ក្នុង​ទសវត្សរ៍​ឆ្នាំ ​១៨៦០ នៅ​ពេល​លោក​បាន​ប្រទះ​ឃើញ​ឧទ្យាន​អង្គរ​ហ៊ុមព័ទ្ធ​ដោយ​រុក្ខជាតិ​ស៊ប់ទ្រុប​ដោយ​ចៃដន្យ​។ កាល​នោះ ​ប្រាង្គប្រាសាទ​បុរាណ​​ត្រូវ​បាន​បោះ​បង់​ចោល​អស់​ពេល​ជា​ច្រើន​សតវត្សរ៍ ដោយ​ថ្ម​បុរាណ និង​ចម្លាក់​ត្រូវ​បាន​បាំង​បិទ​ដោយ​រុក្ខជាតិ​តូច​ធំ​។

លោក មូហុត បាន​សរសេរ​នៅ​ក្នុង​កំណត់​ហេតុ​ផ្សង​ព្រេង​របស់​ខ្លួន ដែល​ត្រូវ​បាន​បស្ចិម​ប្រទេស​ចាត់​ទុក​ជា​តំបន់​បុរាណ​វត្ថុ​ដ៏​មាន​តម្លៃ​ថា​៖ «លើស​ពី​ភាព​អស្ចារ្យ​ ​ជាង​ដូនតា​យើង​​បាន​បន្សល់​ទុក​​ឲ្យ​យើង​តាំង​ពីសម័យ​ក្រិក និង​រ៉ូម៉ាំង​ទៅ​ទៀត​»។

បច្ចុប្បន្ន មន្ដ្រី​អាជ្ញាធរជាតិ​​អប្សរា​ បាន​ឲ្យ​ដឹង​ថា ពួក​គេ​កំពុង​ស្រាវជ្រាវ​រក​សារធាតុ​ទឹក​ម្យ៉ាង​ ដែល​កម្ចាត់​ឫស​​រុក្ខជាតិ​ ជា​បច្ចេកទេស​ជួយ​សម្រាល​​​ហានិភ័យ​ដល់​ក្រុម​អ្នក​ថែ​សួន​​។

លោក គឹម សុធិន អគ្គនាយករង​នៃ​អាជ្ញាធរជាតិ​អប្សរា​បាន​និយាយ​ថា​៖ «​ប៉ុន្ដែ​យើង​ត្រូវ​ការ​ពេល​វេលា​ពិសោធ​សិន ពី​ព្រោះ​យើង​បារម្ភ​ថា វា​ក៏​អាច​ប៉ះពាល់​ដល់​ថ្ម​ប្រាសាទ​ ពេល​យើង​ចាក់​ស្រោច​លើ​រុក្ខជាតិ​។ បើ​យើង​អាច​ប្រើ​វា​បាន យើង​នឹង​កាត់​បន្ថយ​បន្ទុក​ដល់​ក្រុម​ថែ​សួន​»។

រហូត​ដល់​ពេល​នេះ កិច្ចការ​សម្អាត​​​នៅ​តែ​ត្រូវ​ការ​ក្រុម​ការងារ​ថែសួន​ឡើង​កំពូល​ប្រាសាទ​​ដោយ​ប្រើ​ជើង​ទទេ ​ដើម្បី​អភិរក្ស​ឧទ្យាន​អង្គរ​។

លោក អឿម អមតៈ អាយុ ២១ ​ឆ្នាំ ដែល​បាន​ចូលរួម​ក្រុម​ថែ​សួន ​១ ​ឆ្នាំ​មុន បាន​និយាយ​ថា​៖ «​អ្នក​ផ្សេង​ទៀត​មិន​ចង់​ធ្វើ​កិច្ចការ​នេះ​ឡើយ​ ពីព្រោះ​វា​ប្រឈម​គ្រោះ​ថ្នាក់​»។

ជា​អ្នក​មាន​បទពិសោធ​ថ្មី​ថ្មោង​ម្នាក់ លោក​នៅ​​មិន​ទាន់​ហ៊ាន​ឡើង​គ្រប់​ប្រាសាទ​​នោះ​ទេ ហើយ​ជំនាញ​របស់​លោក​កំពុង​តែ​អភិវឌ្ឍ​បន្ដិច​ម្ដងៗ​ក្រោម​ការ​ឃ្លាំ​មើល​របស់​រៀម​ច្បង​។

លោក អមតៈ បាន​និយាយ​​ថា​៖ «យើង​ត្រូវ​តែ​ស្រឡាញ់​​​កិច្ចការ​នេះ។ វា​​​ជា​ការងារ​​ដែល​មិនមែន​​​នរណា​ក៏​ធ្វើ​បាន​នោះទេ»៕ AFP/HR