ភ្នំពេញ៖ ទីបំផុតក្រុមនិស្សិត ៦ ក្រុម មានសមាជិកសរុបចំនួន ២៤ រូប នឹងត្រូវចេញទៅចូលរួមនៅក្នុងកម្មវិធីបណ្តាញផ្លាស់ប្តូរ និសិ្សត និងយុវជនរវាងប្រទេស ជប៉ុន និងបណ្តាប្រទេសអាស៊ីខាងកើតនៅឆ្នាំ ២០១៩ ឬកម្មវិធី JENESYS 2019 ក្រោយពីបានប្រកួតវគ្គផ្តាច់ព្រ័ត្រក្នុងប្រទេស កម្ពុជា កាលពីថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១៩ នៅឯមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។
ឆ្លងកាត់ការដាក់ពិន្ទុប្រកបដោយសុក្រឹតភាពរបស់គណកម្មការ និងផ្អែកលើភាពច្នៃប្រឌិត ទាក់ទាញ និងសាមគី្គភាពក្នុងក្រុម និសិ្សតចំនួន ៦ ក្រុមស្មើនឹង ២៤ រូប ត្រូវបានជ្រើសរើសសម្រាប់ជយលាភីពីកម្មវិធី JENESYS 2019 ក្រោមប្រធានបទរួមថា «ស្រុកកំណើតខ្ញុំ» សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដែលមានចំនួន ១២ ក្រុម ស្មើនឹងចំនួន ៤៨ រូប ខណៈបេក្ខជនបានដាក់ពាក់ចូលរួមប្រកួតដំបូងមានចំនួនសរុប ១២២ ក្រុម មកនោះ។
ក្រុមទាំង ៦ ជាជយលាភីនៃការប្រកួតកម្មវិធី JENESYS 2019 ដែលរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន កាលពីចុងសប្តាហ៍កន្លងមកនោះ គឺក្រុមជយលាភីលេខ ១ បានទៅក្រុមនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពញ និងក្រុមសាកលវិទ្យាល័យលីមកុកវីង មានសមាជិក ៤ រូប ដែលបានធ្វើបទបង្ហាញប្រធានបទ «ស្រុកខ្ញុំចម្លាក់ខ្ញុំ» ផ្តោតលើការប្រកបរបរជាងប្រាក់ស្ពាន់ ឬជាងចម្លាក់ខ្មែរពីបុរាណកាល កំពុងតែជិតអស់អ្នកបន្តវេននៅជំនាន់ក្រោយ។
ចំណែកឯក្រុម ជយលាភីលេខ ២ បានលើក្រុមនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពញ មានសមាជិក ៤ រូប ដែលបានធ្វើបទបង្ហាញប្រធានបទ «កេរដំណែលវប្បធម៌នៃខេត្តពោធិ៍សាត់» ដែលបានលើកយកពីរបាំបេះក្រវាញ ជាកេរដំណែលតពីដូនតារបស់អ្នកនៅខេត្តពោធិ៍សាត់ ខណៈឥឡូវលែងសូវមានអ្នកបានស្គាល់ហើយ ជាពិសេស គឺកូនខ្មែរនៅជំនាន់ក្រោយ។
ជយលាភីលេខ ៣ បានលើក្រុមនិស្សិតរួមគ្នាមាន ៣ សាលា គឺសាកលវិទ្យាល័យភូមិន្ទភ្នំពញ សាកលវិទ្យាល័យជាតិគ្រប់គ្រង និងសាកលវិទ្យាល័យកម្ពុជា មានសមាជិក ៤ រូប បានធ្វើបទបង្ហាញពីរឿងសត្វ «រពីង»។
ជយលាភីលេខ ៤ បានទៅលើក្រុមនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពញមានសមាជិក ៤ រូប ដែលបានធ្វើបទបង្ហាញប្រធានបទ «ព្រះវិហារស្រុកកំណើតខ្ញុំ/ដែនដីនៃមាសបៃតង» ខណៈក្រុមជយលាភីលេខ ៥ បានទៅលើក្រុមនិស្សិត ដែលមានសមាជិក ៤ រូប ធ្វើបទបង្ហាញប្រធានបទ «របាំបណ្តាំបាត់ដំបង» និងក្រុមជយលាភីលេខ ៦ បានលើក្រុមនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានសមាជិក ៤ រូប ដែលបានធ្វើបទបង្ហាញប្រធានបទ «ខេត្តរតនគិរីកន្លែង ដែលយើងហៅថាផ្ទះ»។
បើតាមសេចក្តីប្រកាស នាថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រឲ្យដឹងថា៖ «កម្មវិធី JENESYS គឺជាកម្មវិធីផ្លាស់ប្តូរយុវជន ដែលរៀបចំឡើងដោយក្រសួងការបរទេសនៃប្រទេស ជប៉ុន ដើម្បីជំរុញការយល់ដឹង និងកសាងទំនុកចិត្តគ្នាទៅវិញទៅមក នៅក្នុងចំណោមប្រជាជនជប៉ុន និងបណ្តាប្រទេសចូលរួម និងដើម្បីកសាងមូលដ្ឋានគ្រឹះនៃរបៀបធ្វើកិច្ចសហប្រតិបត្តិការ និងបង្កើតចំណងមិត្តភាពនាពេលអនាគត។
កម្មវិធីនេះ នឹងជួយជំរុញអ្នកចូលរួមឲ្យមានឱកាសយល់ដឹងកាន់តែស៊ីជម្រៅ អំពីប្រទេស ជប៉ុន ព្រមទាំងអាចកែរំលែកនូវបទពិសោធផ្ទាល់ខ្លួនឲ្យបានទូលំទូលាយទៅកាន់ប្រជាជនកម្ពុជាផងដែរ ក្រោយពីក្រុមនិស្សិតទាំង ២៤ រូបនេះ បានវិលត្រឡប់មកកាន់ទឹកដីមាតុភូមិរបស់ពួកគេវិញនោះ»៕