ភ្នំពេញៈ ក្រោយ​ពី​ខិតខំ​ស្រាវជ្រាវ​បង្កើត​កម្មវិធី​ថ្មី​សម្រាប់​កុំព្យូទ័រ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា AI (Artificial intelligence) ជា​មូលដ្ឋាន​ដើម្បី​បង្កើត​កម្មវិធី​ជំនួយ​ពិសេស​មួយ​មាន​ឈ្មោះ​ថា NU Speech Assistance ឬ​ហៅ MENA មាន​តួនាទី​សំខាន់​ដែល​អាច​ស្គាល់​ពី​អារម្មណ៍​របស់​មនុស្ស និង​មាន​ភាព​ឈ្លាសវៃ​ក្នុង​ការបង្ក​ភាព​ងាយស្រួល​ច្រើន​ដល់​មនុស្ស​គ្រប់​ប្រភេទ​រួម​ទាំង​ជនពិការ​ផង​ដែរ​។

ក្រោម​ការជួយ​ឧបត្ថម្ភ​ពី​សាលា​លោក លុយ មិថុនា ជា​សាស្ត្រាចារ្យ​ដឹកនាំ​ក្រុម​និស្សិត​ខ្មែរ​ផ្នែក​ព័ត៌មានវិទ្យា​នៃ​សាកលវិទ្យាល័យ​ន័រតុន​ចំនួន ៦ គម្រោង​ទៅ​ចូល​កម្មវិធី​ប្រកួត​នៅឯ​ប្រទេស​ម៉ាឡេស៊ី​គឺ i-ENVEX 2018 កាលពី​ខែ​មេសា ឆ្នាំ​២០១៨ កន្លង​មក​ដែល​មាន ១៦ ប្រទេស​ចូលរួម​ហើយ​ជា​លទ្ធផល​បាន​រង្វាន់​ ២ មក​វិញ​។

លោក លុយ មិថុនា លើក​ឡើង​កាល​ពេល​ដឹកនាំ​ក្រុម​និស្សិត​ព័ត៌មានវិទ្យា​ឆ្នាំ​ទី​ ២ សាកលវិទ្យាល័យ​ន័រតុន​ចូលរួម​នោះ​ថា​៖ «​កម្មវិធី i-ENVEX 2018 មាន​ចំនួន​១ ប្រទេស ទូទាំង​ពិភពលោក និង​មាន​ ៤០៨ ​គម្រោង​នៃ​សមិទ្ធផល​របស់​និស្សិត ខណៈ​កម្ពុជា​យើង​ដែល​ខ្ញុំ​ដឹកនាំ​ទៅ​នោះ​មាន​ចំនួន ៦ គម្រោង​។ ជា​ចុង​ក្រោយ​ក្រុម​និស្សិត​យើង​បាន​រង្វាន់ ២ ចំពោះ​កម្មវិធី MENA ដែល​បង្កើត​ឡើង​និស្សិត​ប្រុស​ឈ្មោះ សៀក ពិសិដ្ឋ និង​និស្សិត​ស្រី ស្រេន ណាស៊ីម៉ះ​»​។

សៀក ពិសិដ្ឋ និង ស្រេន ណាស៊ីម៉ះ ពេល​ស្រាវជ្រាវ​កម្មវិធី MENA​។ រូបថត សហការី

លោក​បន្ត​ថា​៖ «​កម្មវិធី MENA នេះ​អាច​យល់​ពី​អារម្មណ៍​មនុស្ស ហើយ​វា​អាច​ដើរតួ​ជា​ជំនួយការ​របស់​យើង​សម្រាប់​ការធ្វើ​ការងារ​ជាច្រើន​ទៀត ព្រោះ MENA អាច​ដំណើរការ​កុំព្យូទ័រ​បាន​ដោយ​ពុំ​ចាំបាច់​ប្រើ​លើ​ក្តារ​ចុច (Keyboard) ឬ Mouse នោះ​ឡើយ​។ វា​ក៏​អាច​ដំណើរការ​បាន​ដែរ​ដោយ​គ្រាន់តែ​ប្រាប់​ឈ្មោះ​កម្មវិធី​ដែល​យើង​ចង់​បើក​។ លើស​ពី​នេះ​​ទៅ​ទៀត​វា​អាច​អាន​សៀវភៅ​ឲ្យ​យើង​ស្តាប់​បាន​គ្រាន់​តែ​ដាក់​សៀវភៅ​នៅ​ពី​មុខ​កាមេរ៉ា​តែ​ប៉ុណ្ណោះ​»​។

កញ្ញា ស្រេន ណាស៊ីម៉ះ ជា​សហសា្ថបនិក​ដែល​បង្កើត​កម្មវិធី MENA ជាមួយ​នឹង សៀក ពិសិដ្ឋ រៀន​នៅឯ​សាកលវិទ្យាល័យ​ន័រតុន​នោះ​ប្រាប់​ពី​អារម្មណ៍​ផ្ទាល់​ខ្លួន​ចំពោះ​សមិទ្ធផល​ដែល​ទទួល​បាន​ពី​ការប្រកួត​នៅ​ប្រទេស​ម៉ាឡេស៊ី កន្លង​មក​ថា​៖ «​សប្បាយ​ចិត្ត​ខ្លាំង​ពេល​ឃើញ​មាន​លទ្ធផល​ល្អ​ដែល​កើត​ចេញ​ពី​ការ​ខំប្រឹង​ស្រាវជ្រាវ​របស់​ពួកយើង​ក្រោយ​ពី​ចំណាយ​ពេល​ជិត ១ ឆ្នាំ ខណៈ​មុន​ពេល​ប្រកួត​យើង​មិន​នឹក​ស្មាន​ថា​បាន​ផល​បែប​នេះ​នោះ​ឡើយ​»​។

ចំពោះ​កម្មវិធី MENA នេះ​គឺ​ទទួល​បាន​ពាន​រង្វាន់​ចំនួន​ ២ គឺ​ទី ១ ពានរង្វាន់ Award for Best International Invention ពី​ប្រទេស​ថៃ និង​រង្វាន់​ទី ២ Excellent and Creative Effort គឺជា​រង្វាន់​មេដាយមាស​ក្នុង​កម្មវិធី International Engineering Invention & Innovation Exhibition 2018 (i-ENVEX 2018) ពី​ប្រទេស​ម៉ាឡេស៊ី​៕