ក្រុង​បាត់ដំបង៖ ​ដោយសារ​តែ​​មាន​គោល​បំណង​ចង់​​លើក​ស្ទួយ និង​ថែរក្សា​​វប្បធម៌​ខ្មែរ​ ក៏​ដូចជា​ដើម្បី​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​​អាច​​ស្វែង​យល់​អំពី​សម្បត្តិ​​វប្បធម៌​របស់​ខ្លួន និង​អាច​​ទទួល​​ចំណេះដឹង​ទូទៅ ​ផ្នែក​​​សិល្បៈ​​ទាំង​បុរាណ និង​សម័យ​ ក្រុម​យុវជន​នៅ​ឯ​ខេត្ត​បាត់ដំបង​ ក៏​បាន​ផ្តួច​ផ្តើម​គំនិត​រៀបចំ​បើក​ពិព័រណ៍​​ដំបូង​​មួយ​​ ឈ្មោះ​ថា ​«ពិព័រណ៍​វប្បធម៌»​ ដែល​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃទី ​១៤-១៥ ខែ ធ្នូ​ ឆ្នាំ ​២០១៩​។​​

យុវជន​ សេង ពិទូរ អ្នក​គ្រប់គ្រង​នៃ​គម្រោង​រៀបចំ​កម្មវិធី​ពិព័រណ៍​វប្បធម៌​លើក​​ដំបូង​​នេះ ដែល​​ប្រារព្ធ​ធ្វើ​នៅ​​ក្នុង​បរិវេណ​​​​សាកល​​វិទ្យាល័យ​បាត់ដំបង​​នោះ​​​​ថា៖ «កម្មវិធី​ពិព័រណ៍​វប្បធម៌​នេះ​ ​គឺ​ជា​កម្មវិធី​ដ៏​​អស្ចារ្យ​​មួយ ​ដែល​បង្កើត​ឡើង​នៅ​ក្នុង​គោល​​​បំណង​​លើក​ស្ទួយ​វប្បធម៌​​ជាតិ​ខ្មែរ​​ និង​ថែរក្សា​​ ដើម្បី​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​មើល ​និង​ស្វែងយល់​ពី​សម្បត្តិ​វប្បធម៌​​ខ្លួន​​ ថែម​​ទាំង​ទទួល​​​បាន​ចំណេះ​​ដឹង​ទូទៅ​ទាំង​​សិល្បៈ​​បុរាណ​ និង​​សម័យ​ ដែល​នឹង​​មាន​រូបរាង​ទ្បើង​​តាមរយៈ​​​​ពិព័រណ៍»។

យុវជន​ សេង ពិទូរ​ បន្ត​ឲ្យ​ដឹង​ពី​ ទម្រង់​នៃ​ការ​រៀបចំ​ពិព័រណ៍​វប្បធម៌​នេះ​ទៀត​ថា៖ «ឧបករណ៍​ភ្លេង​បុរាណ​​ សម្លៀក​​បំពាក់​ប្រពៃណី​​ ទំនៀម​ទម្លាប់​​ សាសនា ​គំនូរ​បុរាណ​ គំនូរ​សម័យ​ ការ​តាំង​ស្នាដៃ​ច្នៃ​ប្រឌិត​ គំនូរ​ប្រេង​ គំនូរ​ពណ៌​ទឹក​ គំនូរ​ខ្មៅដៃ​ ​សិល្បៈ​កែច្នៃ​​ និង​​សិល្បៈ​​ចម្រុះ​ជា​ច្រើន​ទៀត​នឹង​ត្រូវ​បាន​យក​​មក​តាំង​បង្ហាញ​​ជា​ផ្ទាំង​ទស្សនីយភាព​ ប្លែក​ភ្នែក​ដែល​អ្នក​ទាំង​អស់​គ្នា​ ធ្លាប់​ប៉ង​ប្រាថ្នា​ចង់​ឲ្យ​មាន​កម្មវិធី​នេះ​​កើត​ទ្បើង​។​ ជា​ពិសេស​ទៅ​ទៀត​នោះ​ ពិព័រណ៍​វប្បធម៌​នេះ ​​ក៏​មាន​​​ទស្សនីយភាព​លើ​ឆាក​​​​​ដូចជា​​របាំ​​​ប្រពៃណី​ល្ខោនយីកេ​ បន្ថែម​ជាមួយ​​​​​ការ​ប្រគំ​តន្រ្តី​​​កំដរ​អារម្មណ៍​​ផង​​ដែរ»។​

គំរូ​តាំង​ស្នាដៃ​គំនូរ​នៃ​កម្ម​វិធី​ពិព័រណ៍​វប្បធម៌​​​ ដែល​នឹង​ប្រារព្ធធ្វើ​នៅ​ខែ​ធ្នូ​ ឆ្នាំ​២០១៩ នេះ​​។ រូបថត ហ្វេសប៊ុក​

កម្មវិធី​ពិព័រណ៍​​វប្បធម៌ ​ក្រោម​ប្រធានបទ​ថា «វប្បធម៌ និង​ការ​បង្កើត​ថ្មី»​ ​នឹង​រៀបចំ​ធ្វើ​ចំនួន ​២​ ថ្ងៃ ​គឺ​នៅ​ថ្ងៃទី​ ​១៤-១៥ ខែ ​ធ្នូ ឆ្នាំ ​២០១៩ ​ដោយ​​យក​ទីតាំង​​​​​បរិវេណ​នៃ​​សាកលវិទ្យាល័យ​បាត់ដំបង​​ ខណៈ​ក្រុម​អ្នក​​រៀបចំ​ដែល​​ជា​ក្រុម​​យុវជន​ជា​និស្សិត និង​សិស្ស​​វិទ្យាល័យ​នានា​ នៅ​ខេត្ត​បាត់ដំបង និង​មាន​​ការ​សហការ​​ពី​សំណាក់​​សាកល​​វិទ្យាល័យ​បញ្ញាសាស្រ្ត និង​សាលា​​​ហ្វារ​ពន្លឺ​សិល្បៈ​​ផង​ដែរ​។យុវជន សេង ពិទូរ បាន​​បង្ហើប​ថា៖ «ពួក​យើង ​គឺ​សុទ្ធ​តែ​ជា​និស្សិត និង​សិស្ស​ ដែល​មាន​​គ្នា​​ចំនួន ​២៤ នាក់ ក្នុង​​នោះ​​​មាន​និស្សិត និង​សិស្ស​ស្រី​ចំនួន​ ១០ នាក់ ដោយ​ពួក​យើង​ស្ម័គ្រ​ចិត្ត​ និង​តាំង​ចិត្ត​រៀបចំ​កម្មវិធី​នេះ​​ឲ្យ​ដំណើរ​​ទៅ​បាន​ និង​បន្ត​សម្រាប់​លើក​ក្រោយៗ​ទៀត​ផង​»។​

ដោយ​ឡែក​ដោយសារ​​ការ​រៀបចំ​នេះ​ជា​ការ​ធ្វើ​ឡើង​លើក​ដំបូង និង​មាន​សមាជិក​សុទ្ធ​តែ​ជា​និស្សិត​ និង​​សិស្ស​​​ ហើយ​មាន​ទំហំ​ធំ គឺ​ចាំបាច់​ត្រូវ​ចំណាយ​ច្រើន និង​ត្រូវ​ការ​ជំនួយ​ឧបត្ថម្ភ​ពី​ខាង​ក្រៅ​ផង​ដែរ ​ទើប​អាច​ជួយ​​ជំរុញ​ដំណើរ​ទៅ​តាម​គម្រោង​ការ​បាន​ដោយ​​រលូន​ទៅ​បាន​។​​

ខណៈ​អ្នក​គ្រប់គ្រង​​នៃ​​ការ​រៀបចំ​ពិព័រណ៍​វប្បធម៌​យុវជន​ សេង ពិទូរ ក៏​បង្ហាញ​ពី​ក្តី​បារម្ភ​ភ័យ​អរ​ចំពោះ​ដំណើរ​រៀបចំ​ពិព័រណ៍​វប្បធម៌​នេះ​​ផង​ដែរ​ថា៖ «ចាប់​តាំង​ពី​​បាន​ជូន​ដំណឹង​មក​ដល់​ពេល​នេះ ​យើង​ទទួល​បាន​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​ម្ចាស់​ស្ពនស័រ​ ឬ​សប្បុរសជន​នានា​ នៅ​ក្នុង​កម្រិត​តិច​តួច​ប៉ុណ្ណោះ ព្រោះ​ទំហំ​ការងារ​ធំ​ណាស់​។ ដូច្នេះ ប្រសិន​បើ​នៅ​មិន​ទាន់​មាន​ការ​ជួយ​ឧបត្ថម្ភ​បាន​គ្រប់គ្រាន់​ទេ​នោះ កម្មវិធី​ទំនង​ជា​អាច​នឹង​ត្រូវ​ប្តូរ​ពេល​ ឬ​ពន្យារ​ពេល​ផង​ដែរ​ ឬ​​អាច​បន្ថយ​ទំហំ​នៃ​ការ​រៀបចំ​នេះ​ផង​ក៏​មិន​ដឹង​។ តែ​យ៉ាង​ណា​យើង​ក៏​មិន​ចង់​ប្តូរ​ពេល​ឡើយ​ គឺ​រឹត​តែ​មិន​ចង់​ឲ្យ​អ្នក​ទន្ទឹង​រង់ចាំ​មាន​ការ​ខក​ចិត្ត​ទៀត​ផង​»។

ដោយ​​សម្រាប់​ការ​ទំនាក់ទំនង​ឧបត្ថម្ភ​គាំទ្រ​ក្រុម​រៀបចំ​កម្មវិធី​ពិព័រណ៍​វប្បធម៌​នេះ តាមរយៈ​លេខ​ទូរស័ព្ទ ​៣ ​ខ្សែ ​មាន​ 096 905 3332/ 011 971 791/ 081 419 393 និង​តាមរយៈ​​​សារ​អេឡិចត្រូនិក​: wapatoaexhibition19@gmail.com និង​អាច​​ចូល​​តាម​គេហទំព័រ​​ឈ្មោះ​ថា ពិព័រណ៍​វប្បធម៌-Wapatoa ExhibitionLike Page៕​