The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុម​យុវជន​​បង្កើត​ការ​ជួបជុំ ចែក​រំលែក​​ពី​​​​ស្ទីល​ស្លៀកពាក់​បន្ថយ​ភាព​រើសអើង




ក្រុម​យុវជន​​បង្កើត​ការ​ជួបជុំ ចែក​រំលែក​​ពី​​​​ស្ទីល​ស្លៀកពាក់​បន្ថយ​ភាព​រើសអើង

Content image - Phnom Penh Post
ក្រុម​យុវជន​ខ្មែរ​បង្កើតការជួបជុំគ្នា​ ចែករំលែក និង​ផ្លាស់ប្តូរបទ​ពិសោធពី​ស្ទីល​​ស្លៀក​ពាក់រៀងខ្លួន។ សហ​ការី

ក្រុម​យុវជន​​បង្កើត​ការ​ជួបជុំ ចែក​រំលែក​​ពី​​​​ស្ទីល​ស្លៀកពាក់​បន្ថយ​ភាព​រើសអើង

ភ្នំពេញ៖​ ការ​ជួប​ជុំជជែក​គ្នា​ និង​​ចែក​រំលែក​ពី​បទពិសោធន៍ ស្តីពី​ការ​លេង​ស្ទីល​ម៉ូដ​សម្លៀក​បំពាក់ ​(Fashion) គ្រប់​ទម្រង់​ឈ្មោះ​​​ «Dress To Express​ ​ឬ​ស្ទីល​ស្លៀក​ពាក់​​រៀង​ខ្លួន​​តាម​ទីសាធារណៈ»​ ធ្វើ​ឡើង​​​ក្នុង​​បំណង​​លើក​ទឹក​ចិត្ត និង​ជួយ​កាត់​​បន្ថយ​ទៅ​លើ​ការ​រើស​អើង​ ជា​ពិសេស​ការ​ប្រមាថ​មើល​ងាយ​ពី​របៀប​នៃ​ការ​​ស្លៀក​​ពាក់​ រើស​​អើង​ពូជ​សាសន៍ ពណ៌​សម្បុរ​ និង​ការ​បែង​ចែក​ភេទ​ជា​ដើម។ ​

នេះ​គឺ​ជា​ការ​បង្កើត​ឡើង​​ដោយ​​​យុវជន​ស័្មគ្រ​ចិត្ត​កម្ពុជា ​១ ក្រុម ​បាន​រួម​គំនិត និង​បង្កើត​​​ពិធី​ជួបជុំ​គ្នា​ ដើម្បី​​​​​លើក​កម្ពស់​ចែក​រំលែក និង​ផ្លាស់​ប្តូរ​បទពិសោធ​ពី​ស្ទីល​ស្លៀកពាក់​​របស់​ខ្លួន​នៅ​ទី​សាធារណៈ​​ក្នុង​​​រាជធានី​ភ្នំពេញ កាល​ពី​រសៀល​ថ្ងៃទី ២៦ ខែ ​កញ្ញា ឆ្នាំ ​២០២០​ កន្លង​មក​នេះ។ ​​អ្នក​​បង្កើត​​​កម្មវិធី​មាន​​ប្រមាណ​ជាង​ ១០ នាក់ ដែល​​ជា​សិស្ស និស្សិត​ បុគ្គលិក​​ក្រុមហ៊ុន​ អ្នក​សិល្បៈ ​បុគ្គលិក​​​អង្គការ បុគ្គលិក​​​​​ការងារ​ឯករាជ្យ ​និង​​​​​យុវវ័យ​គ្រប់​ស្រទាប់​​ជាន់​ថ្នាក់​ចូលរួម​ដោយ​ស្ម័គ្រ​ចិត្ត។

លោក បូ សកលកិត្យា ជា​បុគ្គ​លិកឯករាជ្យ ​និង​ម្នាក់​ក្នុង​ចំណោម​អ្នក​បង្កើត​ការ​ជួប​ជុំ​នេះ​ បាន​លើក​ឡើង​​ថា៖ «​នៅ​ប្រទេស​កម្ពុជា​ វប្បធម៌​​​នៃ​ការ​​ស្លៀក​ពាក់​មួយ​ចំនួន​ មិន​ត្រូវ​បាន​ផ្តល់​នូវ​តម្លៃ​ទៅ​តាម​ការ​ច្នៃ​ម៉ូដ​សម្លៀក​​បំពាក់​របស់​អ្នក​ច្នៃ​ខ្លួន​ឯង​នោះ​ទេ ដោយ​ហេតុ​ថា វា​មាន​លក្ខណៈ​ខុស​​ប្លែក​ពី​អ្នក​ដទៃ និង​មិន​​មាន​​​ភាព​​​ជឿជាក់​​ដើរ​តាម​​​ទី​សាធារណៈ​»​។ ​

លោក​​បន្ត​ថា៖ «ខ្ញុំ​សង្ឃឹម​ថា​ការ​ជួប​ជជែក​គ្នា​លើក​នេះ អាច​ជា​​ការ​លើក​ទឹក​ចិត្ត និង​ជា​គំនិត​​​​តិច​​តួច ជំរុញ​​​​ដល់​អ្នក​​ដែល​បាន​​គិត​ស្រមៃ និង​កំពុង​តែ​​គិត​ច្នៃ​នូវ​អ្វី ដែល​​​បង្ហាញ​ជា​ខ្លួន​ឯង និង​ជា​ឱកាស​សម្រាប់​​មនុស្ស​​គ្រប់​រូប​នៅ​​ក្នុង​​ការ​ចូលរួម​គាំទ្រ​លើ​ការ​ស្លៀក​​​​ពាក់​បែប ​Fashion របស់​​​បុគ្គល»។​

Content image - Phnom Penh Post
ស្ទីលស្លៀកពាក់​ដោយ​ភាពជឿជាក់​របស់យុវតីសម័យថ្មី​។ រូប សហ​ការី

បន្ទាប់​ពី​ជួបជុំ​ថតរូប​ពិភាក្សា​​គ្នា​រវាង​អ្នក​ជំនាញ និង​​អ្នក​ចូលរួម​ទូទៅ និង​បាន​ផ្លាស់ប្តូរ​បទពិសោធ​ពី​ការ​យល់​​ឃើញ​ក្រោម​​ប្រធានបទ​ «សុវត្ថិភាព​​​​នៃ​​​ការ​ស្លៀកពាក់» ​ឃើញ​​​​​ថា ​​អ្នក​ចូលរួម​​ទំាង​អស់​បាន​ស្នើ​ឱ្យ​មាន​​ការ​រៀបចំ​បែប​នេះ​បន្ថែម​ ​ដើម្បី​បង្ហាញ​ពី​ភាព​ខ្លួន​ឯង​។

ផ្ទុយ​ទៅ​វិញ​ការ​បង្ហាញ​ស្ទីល​​ស្លៀក​ពាក់​របស់​ខ្លួន​ឯង​ជា​កត្តា​ចាំ​បាច់​ ដើម្បី​បង្ហាញ​ពី​ខ្លួន​ឯង​ និង​​​ជា​គំរូ​ដល់​អ្នក ​ដែល​មាន​ស្ទីល​ផ្ទាល់​ខ្លួន ដែល​មិន​មាន​​ភាព​​ប្រាស​ចាក​អំពី​ប្រពៃណី​វប្បធម៌​ខ្លួន​នោះ​ឡើយ​។

អ្នក​ចូលរួម​​កម្មវិធី​ភាគ​ច្រើន​ បង្ហាញ​​ភាព​រីករាយ​សម្រាប់​វត្តមាន​ និង​​បង្ហាញ​​ពី​ស្ទីល​​ស្លៀកពាក់​រៀងៗ​​ខ្លួន​ ​ដើម្បី​បង្ហាញ​ពី​ខ្លួន​​ឯង​តាមរយៈ​ការ​ថត​រូប​លេង ​​ពិភាក្សា​​ពី​បទពិសោធ​​​ជីវិត ​និង​​បញ្ហា​ផ្សេងៗ​​ទៀត​ដែល​​​ជា​បទពិសោធ​សង្គម​ជាមួយ​​​​មនុស្ស​ក្នុង​សង្គម​បាន​ជួប​ប្រាស្រ័យ​ទាក់ទង​គ្នា​។

ដោយសារ​មាន​គំនិត​វិជ្ជមាន​ស្រប​​​​គ្នា​ច្រើន​មក​នោះ មើល​​ទៅ​​​ទិដ្ឋភាព​ជួបជុំ​គ្នា​ ដែល​ជា​ឱកាស​នៃ​ការ​​បង្ហាញ​​ពី​ស្ទី​ល​​​​ស្លៀក​ពាក់​ឱ្យ​មាន​ «​ភាព​ជឿជាក់​តាម​​ការ​ស្លៀក​ពាក់​នៅ​តាម​​ទីសាធារណៈ ​Dress to Express» អាច​នឹង​មាន​ការ​រៀបចំ​ជា​បន្ត​​បន្ទាប់​​​ទៀត​នៅ​ទីតាំង​​ផ្សេងៗ​គ្នា​ ក្នុង​​ប្រទេស​កម្ពុជា បន្ទាប់​ពី​ការ​ជួបជុំ​គ្នា​ និង​​ពង្រឹង​ភាព​ជឿជាក់​ក្នុង​ការ​ស្លៀកពាក់​បែប​ Fashion របស់​បុគ្គល​​ម្នាក់ៗ​ ទៅ​តាម​ទីសាធារណៈ​ដំបូង​នេះ​ មាន​ផល​វិជ្ជមាន​មក​នោះ​៕​​

អត្ថបទគួរចាប់អារម្មណ៍