ភ្នំពេញ៖ ស្ថិត​ក្នុង​កែវ​ថ្លា​មូល​ទ្រវែង ពន្លឺ​អំពូល​ភ្លើង​ចែងចាំង​រំលេច​កូន​ខ្មុក​ល្ខោន​ខោល​តូចៗ​រូប​ហនុមាន យក្ស​ទសកណ្ឌ និង​លោកតា​ឥសី ស្អាត​ប្លែក​ភ្នែក​គួរ​ឱ្យ​គយគន់ ខុស​ពី​មុខ​ខ្មុក​ធំៗ ដែល​ត្រូវ​បាន​ពាក់​សម្ដែង​លើ​ឆាក​ទស្សនីយភាព​សិល្បៈ​ល្ខោនខោល​នានា។

ស្នាដៃ​ច្នៃ​ខ្មុក​ល្ខោនខោល​ជា​រូបតូចៗ សម្រាប់​តាំង​លម្អ​លើក​ស្ទួយ​សិល្បៈ​វប្បធម៌​ខ្មែរ​នេះ គឺ​ជា​គំនិត​ច្នៃប្រឌិត​របស់​សមាជិក​ក្រុម​របាំ​ខ្មែរ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ជាង​កន្លះ​ទសវត្សរ៍​មក​ហើយ ក្នុង​ចក្ខុវិស័យ​ផ្ដោត​ទៅ​លើ​ការ​ថែរក្សា ការ​ការពារ​លើ​វិស័យ​សិល្បៈ​គ្រប់​ទម្រង់ ព្រម​ទាំង​ចូលរួម​អភិវឌ្ឍ​មាន​ទាំង​ភ្លេង​បុរាណ សម័យ ចម្រៀង និង​របាំ។

លោក ស៊ូ វណ្ណៈ អ្នក​ដឹកនាំ​ក្រុម​របាំ​ខ្មែរ និង​ជា​អតីត​សិល្បករ​របាំ​ប្រពៃណី​ខ្មែរ​ផង​ដែរ រំឭក​ប្រាប់​ពី​ការ​កកើត​ក្រុម​ថា៖ «ក្រុម​របាំ​ខ្មែរ​យើង​កើត​ឡើង​ក្នុង​ឆ្នាំ ២០១៥ ក្នុង​នោះ​យើង​មាន​សមាជិក ១៨ នាក់។ ក្រុម​របស់​យើង​មាន​ប្រភព​កើត​ចេញ​ពី​សមាគម​ចលនា​វប្បធម៌ជា​តិ ដែល​មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​មហាផ្ទៃ ក្រសួង​វប្បធម៌​វិចិត្រសិល្បៈ និង​សាលា​រាជធានី​ភ្នំពេញ។ សមាជិក​របស់​យើង​មួយៗ​សុទ្ធ​តែ​បាន​ឆ្លង​កាត់​ការ​បណ្ដុះបណ្ដាល​ខាង​សមាគម​ដូចៗ​គ្នា»។

ខ្មុក​ដែល​ក្រុម​របាំ​ខ្មែរ​បាន​ធ្វើ និង​ដាក់​ឱ្យ​អតិថិជន​ជាវ​មាន​រូប ហនុមាន យក្ស​ទស​កណ្ឌ និង​លោកតា​ឥសី ព្រះរាម ព្រះលក្សណ៍ ព្រះនាងសីតា យក្ស​រាមសូ ស្វាសុគ្រីព ស្វាមហាជម្ពូ យក្ស​ក្រុង​រាពណ៍ និង​តួអង្គ​ដទៃ​ទៀត ដោយ​ត្រូវ​បាន​រចនា​គួរ​ជាទី​ទាក់ទាញ។

ការ​បង្កើត​ខ្មុក​នេះ​ត្រូវ​បាន​លោក វណ្ណៈ បាន​ប្រាប់​ពី​គោល​បំណង​ថា៖ «យើង​មាន​គោល​គំនិត​ធំៗ​ចំនួន។ ទី១ គឺ​យើង​ផ្ដោត​ទៅ​លើ​ការ​ថែរក្សា ​និង​ផ្សព្វផ្សាយ យើង​ចង់​ឱ្យ​ទូលំទូលាយ​ទៅ​លើ​ការ​ផ្សព្វផ្សាយ​ល្ខោនខោល»។

ខ្មុករូបតា​ឥសី ​​រំលេចសោភណភាព​ក្នុងកែវ​​​តាំង​លម្អ​។ រូបថត សហ​ការី

ខ្មុកធំ​ដែលអាចពាក់​បាន ជាស្នាដៃ​អ្នកជំនាញ​សិល្បៈនៃ​​ក្រុម​របាំ​ខ្មែរ (Robam Khmer)។ រូបថត សហ​ការី

អ្នក​ដឹកនាំ​ក្រុម​វ័យ ៣២ ឆ្នាំ រូប​នេះ​បាន​បន្ត​ទៀត​ថា៖ «ខ្មុក​មាន​ប្រភព​មក​ពី​ល្ខោន​ខោល​មាន​មុខ​ធំៗ​តែ​យើង​ធ្វើ​តូច ​ដើម្បី​ឱ្យ​មាន​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​ទុក​ដាក់​ឬក៏​ស្រួល​ក្នុង​ការ​ដឹកជញ្ជូន និង​មើល​ទៅ​គួរ​ឱ្យ​ស្រឡាញ់​សម្រាប់​មនុស្ស​គ្រប់​វ័យ។ ទី២ គឺ​គាត់​អាច​យក​ជូន​ជា​កាដូ​ទៅ​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដើម្បី​ឱ្យ​គេ​ស្គាល់​ពី​អត្តសញ្ញាណ​ជាតិ និង​ទី៣ គឺ​គាត់​អាច​យក​ទៅ​ធ្វើ​ជា​ទី​សក្ការៈ ​ឬ​ក៏​យក​ដាក់​តាំង​ក្នុង​ផ្ទះ ឬ​ក្នុង​ការិយាល័យ»។

លោក វណ្ណៈ បាន​ឱ្យ​ដឹង​ថា ដំណើរ​ការ​ធ្វើ​ខ្មុក​បាន​ចាប់​ផ្ដើម​យូរ​ដែរ​ហើយ តែ​សម្ទុះ​គាំទ្រ​ទើប​តែ​កើន​ឡើង​កាល​ពី​ចុង​ឆ្នាំ ២០១៩។

គិត​ត្រឹម​ដើម​ខែ​កុម្ភៈ ក្រុម​របាំ​ខ្មែរ​ទទួល​បាន​ការ​ជាវ ៦២ ខ្មុក ដែល​នេះ​មិន​ទាន់​រាប់​បញ្ចូល​អ្នក​មិន​ទាន់​បាន​កក់​ប្រាក់ និង​អ្នក​កុម្ម៉ង់​ក្នុង​ផេច​ជា​បន្តបន្ទាប់។

ខ្មុក​ស្នាដៃ​ក្រុម​របាំ​ខ្មែរ​មាន ២ ទំហំ គឺ​ទំហំ​តូច​សម្រាប់​ដាក់​លម្អ និង​ទំហំ​ធំ​អាច​ពាក់​បាន។

ខ្មុក​តូចៗ អ្នក​ចូលរួម​ធ្វើ​ចំនួន ៣ នាក់ ហើយ​សមាជិក​ក្រុម​លោក​គ្រាន់​តែ​បាន​ទៅ​មើល​រៀមច្បង​ធ្វើ​ខ្លះៗ គួបផ្សំ​នឹង​ទេពកោសល្យ និង​គំនិត​ច្នៃ​ប្រឌិត ដោយ​មិន​បាន​រៀន​ជំនាញ​នេះ​តែ​ម្ដង​ទេ។

អតីត​សិល្បករ​របាំ​ប្រពៃណី​ដែល​ទទូច​ឱ្យ​អ្នក​ជំនាញ និង​អ្នក​មិន​ជំនាញ​ក្នុង​វិស័យ​សិល្បៈ​ចេះ​គាំទ្រ ឱ្យ​តម្លៃ ជួយ​ស្ថាបនា និង​សិក្សា​ស្វែងយល់​ពី​គ្នា ជាជាង​ធ្វើការ​ប្រៀបធៀប​នោះ បាន​រៀបរាប់​ថា៖ «សម្រាប់​ទំហំ​តូច​វា​មាន​ទំហំ​ប៉ុន​ទូរស័ព្ទ​អាយហ្វូន​ប៉ុណ្ណោះ វា​ត្រូវ​បាន​ដាក់​ក្នុង​ក្រឡ​ថ្លា​ដ៏​ស្អាត​រួម​ទាំង​មាន​ភ្លើង​ផង​ដែរ។ រាល់​ការ​កុម្ម៉ង់​ខាង​យើង​នឹង​កំណត់​រយៈពេល ១ ខែ មិន​ថា​គាត់​កុម្ម៉ង់​តិច ឬ​ច្រើន»។

លោក​បន្ត​ថា៖ «សម្រាប់​តម្លៃ​ខ្មុក​គិត​ទៅ​តាម​ទំហំ​ក៏​ដូចជា​ភាព​ពិបាក​នៃ​រូប។ ខ្មុក​ធម្មតា ​ឬ​រូប​ដែល​មាន​ភាព​ងាយ​ស្រួល​ធ្វើ​ដូចជា​ព្រះរាម ព្រះ​លក្សណ៍ ​គឺ​តម្លៃ ៦០ ដុល្លារ សម្រាប់​តួអង្គ​យក្ស ឬ​តួអង្គ​តាឥសី គឺ​គិត​ចាប់ពី ៨០ ដុល្លារ​ឡើង​ទៅ»។

ក្រៅ​ពី​ខ្មុក ក្រុម​របាំ​ខ្មែរ​ក៏​មាន​រចនា​សម្លៀក​បំពាក់ និង​ទម្រង់​សិល្បៈ​ផ្សេងៗ​ប្រកប​ដោយ​គុណភាព និង​ប្រណីតភាព​ដ៏​គួរ​ឱ្យ​ស្ញប់ស្ញែង​ផង​ដែរ។

លោក វណ្ណៈ បាន​រៀប​រាប់​ពី​ស្នាដៃ​សម្លៀកបំពាក់​ក្រុម​លោក​ថា៖ «យើង​មិន​មាន​ច្នៃ​ម៉ូដ​ទេ យើង​ប្រើប្រាស់​ទម្រង់​ដើម ប្រើ​ប្រណីតភាព​ដើម្បី​ឱ្យ​វា​នៅ​តែ​ថ្មី។ យើង​ប្រើ​មកុដ​មាស​ឱ្យ​មាន​ពន្លឺ សំពត់​យើង​ប្រើ​សំពត់​សូត្រ ស្បៃ​យើង​ប្រើ​ប៉ាក់​ឌិន​រំស័រ។ របាំ​ប្រពៃណី របាំ​បុរាណ​ផ្សេងៗ​យើង​គ្រាន់តែ​ធ្វើ​ការ​អាប់ឌែត​ខ្លះ»។

លោក​បាន​បន្ត​ថា៖ «យើង​បាន​ច្នៃ​ម៉ូដ​ឈុត​តំណាង​ជាតិ​ទម្រង់​បុរាណ​សម្រាប់​ការ​ថត​ហ្វេសសិន ហើយ​បច្ចុប្បន្ន​យើង​ទើប​តែ​ទទួល​បាន​ជយលាភី​លេខ ១ ហើយ​យើង​នឹង​បាន​យក​ឈុត​ទៅ​បង្ហាញ​វត្តមាន​នៅ​លើ​ឆាក​អន្តរជាតិ​នៅ​ក្នុង​កម្មវិធី Miss World 2021 នាពេល​ខាង​មុខ​នេះ»។

ទន្ទឹម​នឹង​ការ​គាំទ្រ​ច្រើន​ពី​ប្រិយមិត្ត ក្រុម​របាំ​ខ្មែរ​ក៏​ទទួល​បាន​ទាំង​ការ​សរសើរ និង​មតិ​រិះគន់ តែ​លោក​រីករាយ​នឹង​ទទួល​គ្រប់​មតិយោបល់ ​ដើម្បី​ជា​ទុន​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន។

អ្នក​ដឹកនាំ​ក្រុម​របាំ​ខ្មែរ​រូប​នេះ​បាន​លើក​ឡើង​ថា៖ «ដោយ​មាន​ការ​ផ្ដល់​មតិ​យោបល់​ពី​អតិថិជន​ពេល​នេះ​យើង​បាន​ដាក់​រូប​ទង់ជាតិ​អម​សង​ខាង​អត្ថន័យ​របស់​តួអង្គ​មួយៗ ដែល​ជា​អត្តសញ្ញាណ​ជាតិ​ខ្មែរ។ នៅ​ថ្ងៃ​អនាគត​យើង​មាន​គម្រោង​បោះត្រា Made in Cambodia លើ​ក្រឡ​ក៏​ដូចជា​លើ​ខ្មុក​តែ​ម្ដង»។

ព័ត៌មាន​បន្ថែម​ពី​ស្នាដៃ​នានា​របស់​ក្រុម​របាំ​ខ្មែរ​អាច​ទាក់ទង​តាម​គេហទំព័រ​ហ្វេសប៊ុក @MyCountryMyCulture៕