ភ្នំពេញ៖ អលង្ការ​​ពណ៌​មាស​ឆ្អិនឆ្អៅ​​​ចែងចាំង​លើ​ប្រាណ​​អ្នក​របាំ​មាឌ​ធំ ៦ នាក់ ​ ដែល​កំពុង​​ផ្អៀង​ផ្អង​ពត់ពេន​យ៉ាង​ល្វតល្វន់​ស្រុះ​គ្នា​​នៅ​លើ​ឆាក​​បំភ្លឺ​ដោយ​ពន្លឺ​ភ្លើង​ស្រទន់។ ជា​ក្រុម​របាំ​អប្សរា​ភេទ​ទី ៣ ដំបូង​បង្អស់​នៅ​កម្ពុជា ពួក​គេ​​បាន​ធ្វើ​ឲ្យ​កក្រើក​ពិភព​សិល្បៈ​បុរាណ ដែល​របាំ​អប្សរា​នេះ​ត្រូវ​បាន​សម្ដែង​ដោយ​នារី​ អស់​រយៈកាល​ជាង ​១ ពាន់​ឆ្នាំ​ហើយ។

កំពុង​តែ​ស្ថិត​ក្នុង​ការ​ហាត់​សម​នៅ​រាជធានី​ភ្នំពេញ​ ចាន់ សូរី បាន​និយាយ​​​​​ប្រាប់​ទីភ្នាក់ងារ​ AFP ថា៖ «អ្នក​ខ្លះ​ថា​ក្រុម LGBTQ ភេទ​ទី ៣ ​យើង​គឺ​ជា​ភេទ​មួយ​មិន​ប្រក្រតី ដូច្នេះ​គោល​បំណង​របស់​យើង ​គឺ​ប្រើប្រាស់​សិល្បៈ​ដើម្បី​​​ផ្លាស់​ប្ដូរ​ផ្នត់​គំនិត​​របស់​ពួក​គេ»។

សូរី  ជា​សមាជិក​​​នៃ​ក្រុម​របាំ​​អប្សរា «ឱក ព្រហ្មសុដន្ត្រៈ និង នាដ្យរស» ដែល​ព្យាយាម​​បញ្ជ្រាប​ទស្សនៈ​ ស្រី​ស្រឡាញ់​ស្រី ប្រុស​ស្រឡាញ់​ប្រុស អ្នក​ស្រឡាញ់​ភេទ ​២ ភេទ អ្នក​ប្ដូរ​យេនឌ័រ​ អ្នក​ប្ដូរភេទ និង​អ្នក​​មិន​ច្បាស់​ពី​ភេទ​របស់​ខ្លួន​ ដែល​​នៅ​រង​​ការ​រើសអើង»។

ក្រុមរបាំ​ភេទទី៣ ហ្វឹកហាត់សម​យ៉ាង​ផ្ចិត​ផ្ចង់ និង​យកចិត្ត​ទុកដាក់​​។ រូបថត AFP

គ្រង​​មកុដ​ភ្លឺ​ផ្លេក​ និង​សំពត់​ប្រពៃណី បុរស​​ចំហ​ដើម​ទ្រូង​ បញ្ចេញ​កាយវិការ​ទន់ភ្លន់​ទៅ​តាម​​​ក្បាច់​របាំ​ខ្មែរ ខណៈ​ម្រាម​ដៃ​ទាំង​ដប់​ពត់​​យ៉ាង​កោង ដូច​ទៅ​នឹង​នារី​របាំ​​ក្នុង​សម្លៀក​បំពាក់​ពណ៌​មាស។

សូរ​សំឡេង​តន្ត្រី​ប៉ុប​របស់​តារាច​ម្រៀង​អង់គ្លេស សេម ស្មីត បាន​បន្លឺ​ឡើង​​​លាយ​ឡំ​នឹង​តន្ត្រី​ប្រពៃណី​ខ្មែរ។

អប្សរា ​គឺ​ជា​ផ្នែក​ដ៏​អស្ចារ្យ​​នៃ​វប្បធម៌​ផូរផង់​របស់​​ខ្មែរ ជាមួយ​​ចម្លាក់​​​​​តាម​ប្រាង្គ​ប្រាសាទ​ដ៏​ច្រើន​អនេក​។

ស្ថាបនិក​​ក្រុម​របាំ​ភេទ​ទី ៣​ ព្រហ្មសុដន្ត្រៈ បាន​លើក​ឡើង​ថា ​មនុស្ស​មួយ​ចំនួន​មិន​ពេញ​ចិត្ត​នឹង​ក្រុម​របាំ​ភេទ​ទី ៣ ​ថា​ជា​ការ​ខុស​ឆ្គង​ទៅ​នឹង​​​ក្បួន​ខ្នាត​វប្បធម៌​ប្រពៃណី​ខ្មែរ​។

សកម្មភាព​តាក់តែង​កាយ មុន​នឹង​ឡើង​ឆាកសម្ដែង​​​​។ រូបថត AFP

អ្នក​ដឹកនាំ​របាំ​​ខ្មែរ​-អាមេរិក ​រូប​នេះ​បាន​ពន្យល់​ថា៖ «ប៉ុន្តែ​ក្រោយ​​ពី​ទស្សនិកជន​បាន​ឃើញ​​ពី​គុណភាព​​​ការ​សម្ដែង​​របស់​យើង ពួក​គេ​ពិត​ជា​អាច​មើល​ឃើញ​​ពី​ការ​ស្រឡាញ់ និង​ការ​លះបង់​​របស់​យើង ​ដើម្បី​ថែរក្សា​ប្រពៃណី​ខ្មែរ»។

ប្រទេស កម្ពុជា ​​ដែល​ប្រជាជន​​ភាគ​ច្រើន​ប្រណិប័តន៍​ពុទ្ធ​សាសនា មិន​មាន​ការ​ដាក់​ទោស​ទណ្ឌ​ដល់​​ទំនាក់​ទំនង​ភេទ​ដូច​គ្នា​ឡើយ ប៉ុន្តែ​ក្រុម​ការពារ​សិទ្ធិមនុស្ស​​​និយាយ​ថា សហគមន៍​ភេទ​ទី ៣ នៅ​តែ​ប្រឈម​ការ​រើសអើង ដោយ​ផ្សារ​ភ្ជាប់​ពួក​គេ​ទៅ​នឹង​មនុស្ស​សេព​គ្រឿង​ញៀន និង​រក​ស៊ី​ផ្លូវ​ភេទ។​ នៅ​លើ​កញ្ចក់​ទូរទស្សន៍​ភេទ​ទី ៣ តែង​តែ​ត្រូវ​បាន​​​គេ​យក​មក​និយាយ​កំប្លែង​​ត្រាប់​តាម និង​មាក់​ងាយ។

ស្ថានិក​ក្រុម​របាំ​ភេទទី​ ៣ ដែល​​​រូប​លោក​ផ្ទាល់​ក៏​ជា​ប្រុស​ស្រឡាញ់​ប្រុស​នោះ លោក​បាន​​​បញ្ជាក់​ថា៖ «គោលដៅ​របស់​ខ្ញុំ​គឺ​ផ្ដល់​ការ​ពិត​ដ៏​មាន​គុណ​តម្លៃ​ និង​ភាព​ថ្លៃ​ថ្នូរ​ដល់​សហគមន៍​ភេទ​ទី ៣ LGBTQ ហើយ​យើង​ត្រូវ​តែ​ធ្វើ​​សកម្មភាព​​​រហូត​ដល់​យើង​លែង​ត្រូវ​បាន​គេ​ចាត់​ថ្នាក់​បែង​ចែក​​ជា​ជន​ក្រៅ​ក្រុម»។

មាន​កំណើត កើត​ក្នុង​គ្រួសារ​ជា​​ជន​ភៀស​ខ្លួន​ពី​របប​ខ្មែរ​ក្រហម គ្រូ​របាំ​​ភេទ​ទី ៣ លោក ​ឱក ព្រហ្មសុដន្ត្រៈ ដែល​សព្វ​ថ្ងៃ​មាន​វ័យ ៣២ ឆ្នាំ​ បាន​ធំ​ធាត់​នៅ​រដ្ឋ​កាលីហ្វ័រនីញ៉ា សហរដ្ឋ​អាមេរិក។ លោក​បាន​ត្រឡប់​មក​​​កម្ពុជា នៅ​រាជធានី​ភ្នំពេញ​ក្នុង​ឆ្នាំ ២០១៥ ដើម្បី​ធ្វើ​ការ​ស្រាវជ្រាវ​គម្រោង​របាំ​ និង​ស្វែង​យល់​​ពី​តួនាទី​នៃ​ភេទ​ក្នុង​រចនា​សម្ព័ន្ធ​របាំ​អប្សរា។

ស្នាមញញឹម​រំភើប​ដែល​បាន​ស្លៀក​ឈុត​ប្រពៃណី​​ដ៏​ល្អប្រណីត​​​។ រូបថត AFP

ក្រុម​របាំ​របស់​លោក​ពិត​ជា​បាន​បង្កើត​ភាព​លេចធ្លោ​ក្នុង​វិស័យ​សិល្បៈ ក្រោយ​​ពី​ត្រូវ​បាន​ក្រសួង​វប្បធម៌​​​អញ្ជើញ​ឲ្យ​ទៅ​សម្ដែង។ ក្រុម​របាំ​ក៏​សង្ឃឹម​ថា ​​នេះ​ជា​សញ្ញា​វិជ្ជមាន​នៃ​ការ​ប្រែប្រួល​​​ពី​យុគសម័យ​រើសអើង​​ផង​ដែរ។

លោក ឱក ព្រហ្មសុដន្ត្រៈ បាន​​លើក​ឡើង​ថា៖ «ជា​ការ​ពិត​ណាស់ តាមរយៈ​ការ​អនុញ្ញាត​ឲ្យ​ពួក​យើង​ធ្វើ​​អ្វី​​តាម​ក្ដី​ប្រាថ្នា​របស់​ពួក​យើង នេះ​បី​ដូច​ជា​អំណោយ​​​មួយ​ដ៏​ថ្លៃថ្លា​រួច​ទៅ​ហើយ»។

សមាជិក​ក្រុម​ម្នាក់​ទៀត​ឈ្មោះ ឌី ពុទ្ធិ បាន​ប្រាប់ AFP ថា​ លោក​បាន​ចូលរួម​ក្រុម​របាំ ព្រោះ​តែ​ទឹក​ចិត្ត​ស្រឡាញ់​តាំង​ពី​កុមារ ប៉ុន្តែ​ពី​មុន​មក​លោក​​មិន​មាន​ឱកាស​​ហាត់​​សម្ដែង​​ទាល់​តែ​សោះ។

លោក​និយាយ​​ថា៖ «ជា​ទូទៅ ក្រុម​ LGBTQ យើង​ហាក់​ដូច​ជា​មិន​ត្រូវ​បាន​គេ​ផ្ដល់​តម្លៃ តែ​ពេល​នេះ​ខ្ញុំ​ទើប​តែ​ដឹង​ថា ខ្ញុំ​កំពុង​តែ​ធ្វើ​កិច្ចការ​ដ៏​សំខាន់​មួយ»៕ AFP

ការ​សម្ដែងពី​ក្រុម​ ឱក ព្រហ្មសុដន្ត្រៈ និងនាដ្យរស»​។ រូបថត AFP