សៀមរាប: ៥ ម៉ោងក្នុងមួយថ្ងៃ និង ៧ ថ្ងៃក្នុងមួយសប្ដាហ៍ កាលពីឆ្នាំមុន ក្រុមរាំ Street-Dance ដែលមានសមាជិក ៩ នាក់ Polarixcrew បានខិតខំបង្កើតក្បាច់រាំផ្ទាល់ខ្លួននិងដាក់ឈ្មោះក្បាច់នីមួយៗសម្រាប់ក្រុមទាំងមូល។
កាលពីចុងសប្ដាហ៍មុន ទស្សនិកជនបានឃើញនូវការបង្ហាញក្បាច់រាំដ៏អស្ចារ្យ ខណៈសមាជិកក្រុម ៦ នាក់បានធ្វើដំណើរទៅកាន់ក្រុងបាងកក ដែលពួកគេអាចជាក្រុមរាំ Street-Dance កម្ពុជាដំបូងបំផុតចេញទៅប្រកួតលក្ខណៈអន្ដរជាតិ។
Asia Hip Hop Jam ២០១៦ ដែលប្រារឰខួប ១០ ឆ្នាំ គ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី ៩ ខែកញ្ញា រហូតដល់ថ្ងៃទី ១១ ខែកញ្ញា នៅផ្សារទំនើប Seacon Square ក្រុងបាងកក។
ដោយមានការចូលរួមពីក្រុមរាំកូរ៉េខាងត្បូង តៃវ៉ាន់ ហ្វីលីពីន ឡាវវៀតណាម ថៃ និងបច្ចុប្បន្នកម្ពុជាថ្ងៃប្រកួតផ្ដាច់ព្រ័ត្រនឹងផ្សាយតាមទូរទស្សន៍ថៃ។ ប្រាក់រង្វាន់ ១០ ម៉ឺនបាត (២៨៩០ ដុល្លារ) សម្រាប់ក្រុមជយលាភី ៧ ម៉ឺនបាត (២០២០ ដុល្លារ) ក្រុមលេខ ២ និង ៥ ម៉ឺនបាត (១៤៤០ ដុល្លារ) ក្រុមលេខ ៣។
សួរ រដ្ឋា កញ្ញានាយិការង CSA និយាយថា ក្រុមរាំដែលមានអាយុពី ១៧ ទៅ ២៤ ឆ្នាំត្រូវបានបង្វឹកក្បាច់រាំនៅសាលារាំ Cambodia Stars Academy (CSA) ក្នុងទឹកដីខេត្ដសៀមរាប ក្រោមការបង្ហាត់បង្រៀនរបស់គ្រូជនជាតិជប៉ុន។

កញ្ញាបន្ដថា៖ «ពួកគេមានសាវតារខុសៗគ្នា តែពួកគេចែករំលែកនិងមានចំណាប់អារម្មណ៍ដូចគ្នាចំពោះការលើកស្ទួយក្បាច់រាំ»។ សរុបមកចំពោះពួកគេភាគច្រើន នេះគឺជាលើកដំបូងក្នុងឆាកជីវិតដែលបានចេញទៅប្រកួតអន្ដរជាតិ ដោយសមាជិក ៣ នាក់ប្រឈមឧបសគ្គមិនអាចធ្វើដំណើរបានដោយសារពួកគេមិនមានលិខិតឆ្លងដែន។
ក្នុងចំណោមពួកគេ ផល ភាព អាយុ ២៤ ឆ្នាំ ដែលចេញពីកំពង់ស្ពឺក្រោយពីបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ និងមកសៀមរាប លោកមិនទាន់បានប្រាប់ឪពុកម្ដាយពីការចូលរួមជាមួយ CSA នៅឡើយទេ ខណៈសមាជិកដទៃក៏ហាក់មិនសូវបានការគាំទ្រពីក្រុមគ្រួសារសម្រាប់អាជីពរាំនេះដែរ។
ទោះបីជាយ៉ាងណាក្ដី លោកបានថ្លែងថា៖ «បើពួកគាត់ចង់ជីកឫសគល់អំពីបញ្ហានេះ វាមិនថ្វីនោះទេ ពីព្រោះខ្ញុំមិនមែនក្មេងទៀតទេ ហើយខ្ញុំនឹងប្រាប់ពួកគាត់ពីអារម្មណ៍រីករាយរបស់ខ្ញុំនៅពេលខ្ញុំ និងក្រុមបានសម្ដែងលើឆាកអន្ដរជាតិ និងប្រកួតប្រជែងជាមួយបេក្ខជនអាស៊ីមកពី ១០ ប្រទេសផ្សេងទៀត។ ពួកគាត់គួរតែមានមោទនភាពចំពោះខ្ញុំ!»៕HR