The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុម​ល្ខោនបាសាក់​ អុល សំអាង បារម្ភ​ពិបាក​បណ្តុះ​ផ្នែក​តួឯក

ក្រុម​ល្ខោនបាសាក់​ អុល សំអាង បារម្ភ​ពិបាក​បណ្តុះ​ផ្នែក​តួឯក

Content image - Phnom Penh Post
តួសម្តែង​ប្រុស​ស្រី​នៃ​ក្រុម​ល្ខោនបាសាក់​របស់​លោក​ អុល សំអាង នាពេល​សម្តែង​លើ​ឆាក​។ រូបថត សហការី

ក្រុម​ល្ខោនបាសាក់​ អុល សំអាង បារម្ភ​ពិបាក​បណ្តុះ​ផ្នែក​តួឯក

ភ្នំពេញៈ សម្រាប់​បរិបទ​សង្គម​នៃ​សម័យ​ទំនើប​នេះ បើ​មើល​ជាទូទៅ​នោះ​ឃើញ​ថា ទម្រង់​សិល្បៈ​បុរាណ​មួយ​ប្រភេទ​គឺ​ល្ខោនបាសាក់​នោះ​ហាក់បី​ដូចជា​កំពុង​តែ​ស្ថិត​នៅ​ឆ្ងាយ​ពី​ចំណាប់​អារម្មណ៍​របស់​យុវវ័យ​ខ្មែរ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ដែល​មាន​បុព្វហេតុ​ពាក់ព័ន្ធ​ប្រទាក់ក្រឡា​គ្នា​។

ជាក់ស្តែង​ក្រុម​សិល្បៈ​ល្ខោន​បាសាក់​ អុល សំអាង ដែល​មាន​មូលដ្ឋាន​នៅក្នុង​រាជធានី​ភ្នំពេញ បើ​ទោះបី​ជា​ក្រុម​ល្ខោន​មួយ​នេះ​កំពុង​តែ​ទទួល​បាន​ការគាំទ្រ​ពី​បងប្អូន​មហាជន​ខ្មែរ​តាម​ភូមិឋាន​ជនបទ​នានា​ដោយ​បាន​ពង្រីក​ខ្លួន​ឲ្យ​មាន​ ៣ ​ក្រុម​ប្រចាំ​ក្រុង និង​មាន​ក្រុម​សាខា​នៅ​តាម​ខេត្ត​ផង​ក្តី តែ​ក៏​កំពុង​រង​ភាព​ប្រឈម​នឹង​ការបាត់បង់​នូវ​ធនធាន​មួយ​ផ្នែក​ដែរ សម្រាប់​បន្ត​ស្នង​តទៅ​ជំនាន់​ក្រោយ​ក្នុង​វង់​ល្ខោន​បាសាក់​របស់​លោក​គឺ​ការបណ្តុះ​តួឯក​ទាំង​ប្រុស​ទាំងស្រី​តែម្តង​។

លោក អុល សំអាង វ័យ ៣៨ ឆ្នាំ ជា​ម្ចាស់​នៃ​ក្រុម​ល្ខោនបាសាក់​ អុល សំអាង ជា​គ្រូ​បណ្តុះបណ្តាល និង​ជា​តួឯក​សម្តែង​ក្នុង​ក្រុម​លោក​ផ្ទាល់​នោះ បង្ហើប​ប្រាប់​ពី​ផល​លំបាក​នៃ​ការ​បង្វឹក​រក​តួឯក​ថា​៖ «​បញ្ហា​ចម្បង​នៃ​ការបណ្តុះបណ្តាល​ពន្លក​តួឯក​ល្ខោន​បាសាក់​របស់​ខ្ញុំ​គឺ​ពិបាក​រក​អ្នក​ទឹកដម​សំឡេង​ធ្ងន់ ឲ្យ​សម​តាម​ទម្រង់​នៃ​សិល្បៈ​ល្ខោន​នេះ​ក្នុង​ការ​បង្ហើរ​សំនៀង​តែម្តង ខណៈ​រូបសម្បត្តិ​មិន​សូវ​ចោទ​ជា​បញ្ហា​ឡើយ​។ តែ​ចំពោះ​តួ​ផ្សេងៗ​ដូចជា​តួ​ត្លុក តួយក្ស និង តួរង​នានា​វិញ​គឺ​មាន​ភាពងាយស្រួល​ដោយសារ​ខ្ញុំ​បណ្តុះ​បាន​ច្រើន​នាក់​មក​ហើយ​សម្រាប់​ក្រុម​ល្ខោន​ខ្ញុំ​នោះ​»​។

នាពេល​បច្ចុប្បន្ន​នេះ​គេ​សង្កេត​ឃើញ​ថា ទម្រង់​សិល្បៈ​ល្ខោនបាសាក់ គឺ​សឹង​តែ​មិន​ស្ថិត​នៅ​ក្នុង​ចំណាប់​អារម្មណ៍​របស់​យុវវ័យ​ខ្មែរ​នោះ​ឡើយ​ដោយសារ​ទំនោរ​ចូលចិត្ត​ខុសគ្នា និង​កត្តា​អូសទាញ​នានា​របស់​សង្គម​សិល្បៈ​ខាង​ក្រៅ​ក៏ដូចជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​បន្ត​នៅ​មាន​កម្រិត​នៅ​ឡើយ​។

Content image - Phnom Penh Post
លោក អុល សំអាង សម្តែង​ជា​តួឯក​។ រូបថត សហការី

អតីត​ជា​សមាជិក​នៃ​ក្រុម​ល្ខោន​បាសាក់​ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម​ដែល​បាន​ប្រឡូក​ចូល​វិស័យ​សិល្បៈ​ល្ខោនបាសាក់​តាំងពី​ឆ្នាំ​ ២០០០ និង​បាន​បង្កើត​ក្រុម​ផ្ទាល់ខ្លួន​កាលពី​ឆ្នាំ​ ២០០៧ នោះ​លោក អុល សំអាង ក៏​បាន​ឲ្យ​ដឹង​អំពី​ឥទ្ធិពល​ខាង​ក្រៅ​ក៏​ដូចជា​សំណូមពរ​ចូលរួម​លើក​តម្កើង​ទម្រង់​សិល្បៈ​បុរាណ​ល្ខោនបាសាក់​នេះ​ថា​៖ «​ដោយសារ​ឥទ្ធិពល​នៃ​សិល្បៈ​បរទេស​នានា​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ច្រើន​ម៉ោង​ច្រើន​ប៉ុស្តិ៍​ទូរទស្សន៍ ហើយ​ក្មេងៗ​សម័យ​ឥឡូវ​នេះ​និយម​ចូលចិត្ត​អ្វី​ដែល​ពួកគេ​បាន​ទស្សនា និង​ឃើញ​ញឹកញាប់ ដូច្នេះ​ពួកគេ​មាន​ឱកាស​ស្គាល់​វា​ក៏ច្រើន​។ បើ​តាម​បទពិសេធ​ខ្ញុំ​ផ្ទាល់ មហាជន​ខ្មែរ​ទាំងចាស់​ទាំងក្មេង​នៅ​តែ​បន្ត​ការគាំទ្រ​សិល្បៈ​ល្ខោនបាសាក់​ដូច​មុន​ដដែល​ហ្នឹង ព្រោះ​ពេល​សម្តែង​ម្តងៗ​នៅ​តែ​មាន​ពួកគាត់​ចូលរួម​ទស្សនា​យ៉ាងច្រើន​កុះករ​។ ប្រការ​សំខាន់​គឺ​ការផ្សព្វផ្សាយ​តាម​កម្មវិធី​របស់​ប៉ុស្តិ៍​ទូរទស្សន៍​នានា​នៅ​មាន​កម្រិត​»​។

ក្រុម​ល្ខោនបាសាក់​ អុល សំអាង នាពេល​បច្ចុប្បន្ន​នេះ​មាន​ ៣ ​ក្រុម​ដោយ​ក្រុម​នីមួយៗ​ក៏​មាន​តម្លៃ​ខុស​គ្នា​ទៅ​តាម​ការនិយម​ពេញចិត្ត​ពី​មហាជន ខណៈ​តម្លៃ​ជួល ១ ​យប់​មាន​ចន្លោះ​ពី​​ ១ ​ពាន់​ដុល្លារ ទៅ ២ ​ពាន់ ដុល្លារ ហើយ ១ ​ក្រុម​មាន​អ្នក​សម្តែង​ពី ៣០ ទៅ ៤០ ​នាក់​ឯណោះ​៕

Content image - Phnom Penh Post
លោក អុល សំអាង ក៏​ជា​អ្នក​បណ្តុះបណ្តាល​ដែរ ក្រៅពី​ដើរតួ​ខ្លួនឯង​។ រូបថត សហការី

អត្ថបទគួរចាប់អារម្មណ៍