ក្រុង​ញូវដែលី៖ ក្រុម​គ្រូពេទ្យ​ផ្នែក​វះ​កាត់​ឥណ្ឌា បាន​កាត់​ក្រលៀន​ទម្ងន់​ប៉ុន​​បាល់​ប៊ូលីង​ចេញ​ពី​បុរស​ម្នាក់​ដែល​កើត​ជំងឺ​ហ្ស៊ែន​ដ៏​គំរាម​កំហែង​ដល់​ជីវិត​។ នេះ​បើ​យោង​តាម​គ្រូ​ពេទ្យ​វះ​កាត់​ម្នាក់​ថ្លែង​ពី​ដើម​សប្ដាហ៍​។

ក្រលៀន​ទម្ងន់ ៧,៤​ គីឡូក្រាម គឺ​ជា​ដុំ​សាច់​ត្រូវ​បាន​វះ​កាត់​ចេញ​ពី​ពោះ​ដ៏​ធំ​បំផុត​ពុំ​ធ្លាប់​មាន​។

សាឈីន កាធូរីយ៉ា ជា​សមាជិក​ក្រុម​វះ​កាត់​ម្នាក់​បាន​ប្រាប់ AFP ថា៖ «​វាជា​ដុំ​សាច់​ដ៏​ធំ​មួយ​ ដែល​មាន​ទំហំ​ស្ទើរ​តែ​ពាក់​កណ្ដាល​ពោះ​របស់​គាត់​ទៅ​ហើយ​។ យើង​បាន​ដឹង​ថា វា​ជា​ក្រលៀន​ដ៏ធំ​ ដែល​មិន​ធ្លាប់​មាន​ទំហំ​ធំ​ប៉ុណ្ណឹង​ឡើយ​»។

អ្នក​ជំងឺ​វ័យ ៥៦ ឆ្នាំ ដែល​រងគ្រោះ​ពី​ជំងឺ​ក្រលៀន​ដុះ​សាច់​បាន​ធ្វើ​ការ​វះ​កាត់​រយៈពេល ២ ម៉ោង ​នៅ​មន្ទីរ​ពេទ្យ​ស៊ីហ្គាញ៉ារ៉ាម ក្នុង​ក្រុង​ញូវដែលី កាល​ពី​ខែ​មុន​។ ក្រលៀន​ធម្មតា​មាន​ទម្ងន់​ចន្លោះ​ពី ១២០ ទៅ ១៥០ ក្រាម​ និង​មាន​ប្រវែង ១២ សង់ទីម៉ែត្រ​។

តាធូរីយ៉ា បាន​និយាយ​ថា ក្រលៀន​កាត់​ចេញ​ពី​បុរស​ម្នាក់​នោះ​មាន​ប្រវែង​ជិត​កន្លះ​ម៉ែត្រ​។ សៀវភៅ​កំណត់ត្រា​ហ្គីណេស​ពិភព​លោក​ បាន​បង្ហាញ​ថា ក្រលៀន​វះ​កាត់​ចេញ​ធំ​បំផុត​គឺ ទម្ងន់ ៤,២៥ គីឡូក្រាម ​ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ញូវដែលី​ ឆ្នាំ ​២០១៧​។

វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​ញូវដែលី​បាន​ឲ្យ​ដឹង​ថា​ យ៉ាង​ណាមិញ ពួក​គេ​បាន​ពិនិត្យ​ឃើញ​តាម​ផ្នែក​វេជ្ជសាស្ដ្រ​បង្ហាញ​ពី​ក្រលៀន​ទម្ងន់​ ៩ គីឡូក្រាម ​វះ​កាត់​ចេញ​ពី​ពោះ​មនុស្ស​។

ជំងឺ​កើត​លើ​បុរស​មិន​ត្រូវ​បាន​បង្ហាញ​អត្ដសញ្ញាណ​នោះ បង្ក​ឲ្យ​មាន​ការ​រីក​​ប៉ោង​ទឹក​​​ចេញ​ពេញ​ក្រលៀន​។ វេជ្ជបណ្ឌិត តាធូរីយ៉ា បាន​បន្ថែម​ថា បុរស​រូប​នោះ ពេល​នេះ មាន​សុខភាព​ល្អ​ និង​រង់ចាំ​ការ​វះ​កាត់​បន្សាំ​ក្រលៀន​ថ្មី​​៕ AFP/HR