ក្រុង​បាត់ដំបង៖ សិល្បករ-ការិនី​​ចំនួន​ប្រមាណ ៧០ រូប ​មាន​ច្រើន​​ជំនាន់ និង​ជំនាញ​​ នឹង​​ជួប​​​ជុំ​គ្នា​​​ដាក់​តាំង​ពិព័រណ៍​​ស្នាដៃ​សិល្បៈ​ខ្លួន ​ដើម្បី​បង្ហាញ​សាធារណជន​ចំនួន​ ២ ​ថ្ងៃ ដែល​​ប្រារព្ធ​ធ្វើ​នៅ​លើ​កំណាត់​​ផ្លូវ ​2.5 ​ នៃ​ក្រុង​បាត់ដំបង​ ខេត្ត​​បាត់ដំបង នា​​​​ចុង​សប្តាហ៍​នេះ គឺ​​ថ្ងៃទី ​២១-២២ ខែ ធ្នូ ឆ្នាំ ​២០១៩​​។

ដោយ​មាន​ការ​ជំរុញ និង​ជួយ​ផ្តួច​ផ្តើម​​ពី​សំណាក់​អង្គការ​​ហ្វារពន្លឺ​សិល្បៈ​ផង​​ដែរ​នោះ ​ទើប​បាន​​​ក្រុម​សិល្បករ-ការិនី​ជា​ច្រើន​ជំនាញ​រួម​មាន​​ដូចជា​ គំនូរ​ រូបថត​ ចម្លាក់​ គូរ​ហាន់ណា ផាត់​ដំបៅ ​របួស បង្ហាញ​ម៉ូដ​ សម្លៀក​បំពាក់​កែច្នៃ​ពី​សំរាម​​ប្លាស្ទិក អ្នក​រចនា​ម៉ូដ តារា​បង្ហាញ​ម៉ូដ​ស្នាដៃ​សិល្បៈ ក្រុម​​សម្តែង​សៀក​​រាំ Hip Hop​​ ជា​​ដើម​នោះ​ នឹង​នាំ​យក​ស្នាដៃ​សិល្បៈ​របស់​ខ្លួន​តាម​ជំនាញ និង​ចំណេះ​នៃ​សិល្បៈ​ខ្លួន​​​ជា​លក្ខណៈ​​ទ្រង់ទ្រាយ​ធំ​ ដែល​រៀបចំ​​ដោយ​ក្រុម​ការងារ​ខ្មែរ​ជា​​លើក​​ដំបូង​នោះ​។​

លោក ប៉ោយ ឈុនលី ជា​អ្នក​​រៀបចំ​នូវ​ព្រឹត្តិការណ៍​តាំង​ពិព័រណ៍​ចម្រុះ​​​លើក​​​ដំបូង​នេះ​​បង្ហើប​​ឲ្យ​ដឹង​ថា៖ «តាម​ពិត​ទៅ​ កាល​ពី​ ១-២ ឆ្នាំ​មុន យើង​ក៏​មាន​​ការ​រៀបចំ​​​បង្ហាញ​ស្នាដៃ​សិល្បៈ​ខ្លួន​ដែរ គឺ​ជា​ទ្រង់ទ្រាយ​​​មិន​ធំ ហើយ​មាន​បរទេស​ជា​អ្នក​ជួយ​រៀបចំ​ឲ្យ​។ តែ​ឆ្នាំ​នេះ លែង​​ធ្វើ​ឲ្យ​ទើប​យើង​សម្រេច​រួប​​រួម​គ្នា ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​អង្គការ​ហ្វារពន្លឺ​សិល្បៈ​ផង​នោះ ទើប​យើង​បាន​សម្រេច​រួម​គ្នា​ធ្វើ​កម្មវិធី​នេះ​ដោយ​​ក្រុម​សិល្បករ-ការិនី​ខ្មែរ​ខ្លួន​ឯង​ជា​លើក​ដំបូង​តែ​ម្តង​។ សម្រាប់​​ក្រុម​សិល្ប​ករ-ការិនី​ខ្មែរ​ ដែល​នឹង​ចូល​រួម​នោះ គិត​មក​​ដល់​ពេល​នេះ​ មាន​ចំនួន​ប្រមាណ​ ៧០ នាក់ ហើយ​បាន​ស្នើសុំ​ចូលរួម​នាំ​យក​ស្នាដៃ​ខ្លួន​មក​​ដាក់​តាំង​បង្ហាញ​សាធារណជន​​ទស្សនា​ និង​អាច​ជាវ​​បាន​ផង​​​ដែរ នៅ​​​​ថ្ងៃទី​ ២១-២២ ខែ ធ្នូ ឆ្នាំ​ ២០១៩​​​»។

លោក ប៉ោយ ឈុនលី ជាអ្នក​រៀបចំ​កម្ម​វិធី​បើក​ពិព័រណ៍​សិល្បករ-ការិនី​ចម្រុុះ​​​ជំនាញ​លើក​ដំបូង​នាចុងសប្តាហ៍នេះលើផ្លូវ 2.5។ រូបថត ហ្វេសប៊ុក​

អ្នក​រៀបចំ​​​ព្រឹត្តិការណ៍​តាំង​ពិព័រណ៍​ចម្រុះ​លោក ប៉ោយ ឈុនលី ដែល​អតីត​ជា​​គ្រូ​ផ្នែក​​​សិល្បៈ​​គំនូរ​ជីវចល​ ​នៅ​សាលា​ហ្វារ​ពន្លឺ​សិល្បៈ​ ខណៈ​លោក​​មាន​មុខ​មាត់​ស្រដៀង​គ្នា​​​នឹង​កីឡាករ​ប្រដាល់​ល្បី​លំដាប់​ពិភព​លោក​ជាតិ​​ហ្វីលីពីន​គឺ​ ម៉ានី ប៉ាកគីអៅ បាន​បន្ត​ឲ្យ​ដឹង​ទៀត​ផង​ដែរ​​ថា៖ ​«​ដោយសារ​​ចង់​ឲ្យ​មហាជន​ទូទៅ​​បាន​ចូលរួម​ទស្សនា​បាន​គ្រប់​ស្រទាប់​​ និង​ជា​ឱកាស​ល្អ​សម្រាប់​ក្រុម​សិល្បករ-ការិនី យើង​គ្រប់​ជំនាញ​​ អាច​បង្ហាញ​ស្នាដៃ និង​ទេព​កោសល្យ​ខ្លួន​ជូន​​​បងប្អូន​បាន​ឃើញ​ និង​ស្គាល់​​ផង​ដែរ​»៕​​​