ភ្នំពេញ៖ ខណៈ​គេ​ឃើញ​មាន​ផុស​ចេញ​នូវ​ក្រុម​​​សប្បុរសជន​ខ្មែរ​ទាំង​វិស័យ​រដ្ឋ និង​ឯកជន ពី​រាស្រ្ត​សាមញ្ញ​ដល់​លំដាប់​មន្រ្តី និង​​ឧកញ៉ា មាន​ភាព​​សស្រោកសស្រាំ​សហការ​​ជួយ​ឧបត្ថម្ភ​​ប្រាក់​ទៅ​តាម​លទ្ធភាព​​​​ចូលរួម​​ជាមួយ​​​​រដ្ឋាភិបាល​ ដើម្បី​ទិញ​វ៉ាក់សាំង​​​ប្រឆាំង​កូវីដ ១៩ កើន​ចំនួន​ជា​ហូរហែ​​​នោះ ក្រុម​តារា​ចម្រៀង​ប្រុស​ស្រី​ខ្មែរ​ដែល​​មក​ពី​ផលិតកម្ម​ល្បី​ផ្សេង​ៗ​គ្នា​​​ ក៏​​បាន​ចូលរួម​យ៉ាង​​សកម្ម​ជួយ​ឧបត្ថម្ភ​​​​ប្រាក់​តាម​​​​ធនធាន​ផ្ទាល់​​ខ្លួន​ផង​ដែរ ​ក្រោម​បរិបទ​​​​ឆន្ទៈ​ស្មារតី​​​សាមគ្គីភាព​វប្បធម៌​នៃ​ការ​ចែក​រំលែក​​ក្នុង​​​ការ​ប្រយុទ្ធ​​ប្រឆាំង​​កូវីដ ១៩​។​​

គួរ​ឱ្យ​កត់​សម្គាល់​នា​ពេល​ថ្មីៗ​នេះ គេ​ក៏​ឃើញ​មាន​ក្រុម​តារា​ចម្រៀង​ប្រុស​ស្រី​​មក​ពី​ផលិតកម្ម​ធំ​ចំនួន ៣ បាន​ចូលរួម​បរិច្ចាគ​ប្រាក់​​ភ្លាមៗ តាម​សេចក្តី​ប្រកាស​ចូលរួម​របស់​រាជរដ្ឋាភិបាល​រួម​មាន​ដូចជា ​តារា​ចម្រៀង​ប្រចាំ​នៅ​ផលិតកម្ម​ហង្សមាស ផលិតកម្ម​​ហ្គាឡាក់ស៊ី និង​ផលិតកម្ម​សាន់ដេ។

បើ​តាម​​សារ​បង្ហោះ​ឱ្យ​​ដឹង​ពី​លោក ហេង ឡុង​ ​ជា​ក្រុម​ការងារ​របស់​សមាគម​​សិល្បៈ​​ស្ម័គ្រ​​​ចិត្ត​​ជួយ​សង្គម​ ដែល​មាន​​គូស្នេហ៍​ខ្លួន​ ​គឺ​​អ្នកនាង ចន ច័ន្ទលក្ខិណា ដែល​​ជា​ប្រធាន​សមាគម​បាន​បរិច្ចាគ​​ប្រាក់​ចំនួន ១ ០០០ ដុល្លារ​ផង​ដែរ​នោះ ក៏​បាន​​​បង្ហោះ​សារ​បង្ហើប​ឱ្យ​​ដឹង​​​​ឈ្មោះ​ របស់​ក្រុម​​តារា​ចម្រៀង​​ប្រុស​​ស្រី​ខ្មែរ​នៃ​ផលិតកម្ម​ចម្រៀង​​​ទាំង ​៣ ​​​ថា៖ «​តារា​ចម្រៀង លោក ព្រាប សុវត្ថិ បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ១០ លាន​រៀល​​ តារា​​​ចម្រៀង​លោក​​ ខេម​ ឧបត្ថម្ភ​ ១០​ លាន​រៀល កញ្ញា​ តន់ ចន្ទសីម៉ា ឧបត្ថម្ភ​​ថវិកា​ចំនួន​ ១០ លាន​​រៀល។​ តារា​​ចម្រៀង សួស វីហ្សា និង​​​គ្រួសារ​បាន​ឧបត្ថម្ភ ១ ០០០ ដុល្លារ តារា​ចម្រៀង ខេមរៈ សិរីមន្ត ឧបត្ថម្ភ ៤ លាន​រៀល កញ្ញា ឈិន ម៉ានិច្ច ឧបត្ថម្ភ ៥០០ ដុល្លារ កញ្ញា រតនៈ ពិសី ឧបត្ថម្ភ​ថវិកា​ចំនួន ១២៥ ដុល្លារ ខណៈ​​លោក ឆាយ វីរ:យុទ្ធ និង ភរិយា ​សែ ចាន់ឌី ព្រម​ទាំង​​កូន​​ស្រី ​ឧបត្ថម្ភ​ថវិកា​ចំនួន ១ ២៥០ ដុល្លារ កញ្ញា សុខ ពិសី ​ ឧបត្ថម្ភ​ថវិកា​ចំនួន ៣ ០០០ ដុល្លារ លោក ពែក មី ឧបត្ថម្ភ​ថវិកា​ចំនួន ១ ០០០ ដុល្លារ លោក នី រតនា ឧបត្ថម្ភ​ថវិកា​ចំនួន ១ ០០០ ដុល្លារ ជូន​​សម្ដេច​តេជោ ​ហ៊ុន សែន ដើម្បី​ទិញ​វ៉ាក់សាំង​​កូវីដ ​១៩ ចែក​​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ដោយ​ឥត​គិត​ថ្លៃ​»។​

តារា​​ចម្រៀងហ្គាឡាក់ស៊ី​លោក ​ខេម និង​​ តន់ ចន្ទសីម៉ា​ ម្នាក់ៗ​ឧបត្ថម្ភ ១០ លានរៀល​ និង​អ្នកនាង សួស វីសា តារា​ហង្សមាស​ ឧបត្ថម្ភ ១ ០០០ ដុល្លារ​។ រូបថត ហ្វេសប៊ុក​

លើស​ពី​​នេះ ​បើ​​​តាម​រយៈ​​គណនី​​ហ្វេសប៊ុក​លោក ហេង ឡុង​ ដដែល​នេះ​ក៏​មាន​​ឃើញ​​បង្ហើប​ឈ្មោះ ​​អ្នក​សិល្បៈ​ផ្សេងៗ​ ដែល​​មាន​​អាជីព​ជា​​តារា​សម្តែង អ្នក​និពន្ធ​ចម្រៀង​ និង​ពិធីករ​​វិទ្យុ​ ទូរទស្សន៍​ផង​​​ដែរ​ថា​៖ «លោក មុំ សាម៉េត (ពិធីករវិទ្យុ និង​ទូរទស្សន៍) ថវិកា ២២២ ដុល្លារ តារា​កំប្លែង​នាយ ក្រឹម ថវិកា​​ ១០០ ដុល្លារ ខណៈ​អ្នក​​នាង កាតុ និង​ស្វាមី បាន​ឧបត្ថម្ភ​​ថវិកា​ចំនួន ១០០ ដុល្លារ។ ចំណែក​​ឯ​​លោក ឧត្តមសេនីយ៍ត្រី ខេមរៈ ភារុន (អ្នក​និពន្ធ​​ទំនុក​ច្រៀង​) បង​ប្រុស​បង្កើត​លោក ខេមរៈ សិរីមន្ត បាន​​ឧបត្ថម្ភ​ថវិកា​​ចំនួន ១០០ ដុល្លារ​»។​

សម្រាប់​ដំណាក់​កាល​ជួយ​ឧបត្ថម្ភ​ប្រាក់​ ដើម្បី​​ទិញ​វ៉ាក់សាំង​កូវីដ ១៩ នេះ​ ក្រៅ​ពី​មាន​ក្រុម​អ្នក​​​សិល្បៈ​ ដែល​ជា​​តារា​មហាជន​បាន​ជួយ​ឧបត្ថម្ភ​នោះ គេ​​ក៏​ឃើញ​មាន​ក្រុម​តារា​​បណ្តាញ​សង្គម​នានា​ដែល​ផ្សាយ​ផ្ទាល់​​តាម​ហ្វេសប៊ុក​ ឬ​ផេច បាន​ចូល​រួម​ឧបត្ថម្ភ​ផង​ដែរ​។

ខណៈ​លោក ហេង ឡុង ក៏​បាន​បង្ហោះ​ឱ្យ​ដឹង​ឈ្មោះ​​អ្នក​ទាំង​នោះ​ដែរ​ ​ដូចជា​ក្រុមហ៊ុន Happy sweet ​Oshop បរិច្ចាគ ១ ពាន់ ដុល្លារ​ និង​​យាយ ស្រួយ Cambodia co.ltd បរិច្ចាគ ១ ពាន់​ដុល្លារ​៕​