The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុម​សិល្បៈ​យុវជន​ល្ខោនខោល​ជំនាន់​ថ្មី នៅតែ​បន្ត​ឆន្ទៈ​បង្រៀន​ទម្រង់​របាំ​ចម្រុះ​ដល់​សិស្ស​ឥតគិតថ្លៃ ទោះ​ខ្វះ​ការឧបត្ថម្ភ​គាំទ្រ

ក្រុម​សិល្បៈ​យុវជន​ល្ខោនខោល​ជំនាន់​ថ្មី នៅតែ​បន្ត​ឆន្ទៈ​បង្រៀន​ទម្រង់​របាំ​ចម្រុះ​ដល់​សិស្ស​ឥតគិតថ្លៃ ទោះ​ខ្វះ​ការឧបត្ថម្ភ​គាំទ្រ

Content image - Phnom Penh Post
សកម្មភាព​សិស្ស​ពេល​មក​ហាត់រៀន​របាំ​ល្ខោនខោល​។ រូបថត សហការី

ក្រុម​សិល្បៈ​យុវជន​ល្ខោនខោល​ជំនាន់​ថ្មី នៅតែ​បន្ត​ឆន្ទៈ​បង្រៀន​ទម្រង់​របាំ​ចម្រុះ​ដល់​សិស្ស​ឥតគិតថ្លៃ ទោះ​ខ្វះ​ការឧបត្ថម្ភ​គាំទ្រ

ភ្នំពេញៈ ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​សិល្បៈ និង​ចង់​ឲ្យ​មាន​ការរីកចម្រើន​បន្ត​ដល់​ក្មេង​ជំនាន់ក្រោយ​នោះ​ទើប​ជំរុញ​ឲ្យ​ក្រុម​សិល្បៈ​យុវជន​ល្ខោនខោល​ជំនាន់​ថ្មី​ប្រកាស​បន្ត​ពី​ឆន្ទៈ​របស់​ខ្លួន​ក្នុង​ការបណ្តុះបណ្តាល​នូវ​ជំនាញ​របាំ​បុរាណ របាំ​ប្រជាប្រិយ ល្ខោនខោល និង​របាំ​នានា ដែល​ជា​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​ដល់​យុវជន​ឥតគិតថ្លៃ​នៅ​ជំនាន់​ទី​ ៧ ដែល​នឹង​ចូល​រៀន​នៅ​ខែ​ក្រោយ​នេះ​។

នេះ​បើ​តាម​សេចក្តី​ប្រកាស​ជូន​ដំណឹង​ដើម្បី​ប្រកាស​ទទួល​យក​សិស្ស​ចូលរៀន​ជំនាន់​ទី​ ៧ របស់​ក្រុម​សិល្បៈ​យុវជន​ល្ខោនខោល​ជំនាន់​ថ្មី​ក្នុង​គេហទំព័រ​ខ្លួន​ថា​៖ «​ក្រុម​សិល្បៈ​យុវជន​ល្ខោនខោល​ជំនាន់​ថ្មី​ដែល​បង្កើត​បាន ៣ ​ឆ្នាំ​បាន​បង្ហាត់បង្រៀន​ឲ្យ​យុវជន​យុវនារី​ស្គាល់​សិល្បៈ​របាំបុរាណ របាំ​ប្រជាប្រិយ ល្ខោនខោល និង​របាំ​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​ដែល​សិស្ស​ចូលរួម​ហាត់រៀន​បាន​ ៦ ​ជំនាន់​មក​ហើយ​នោះ​។ យើង​មិន​បាន​យក​ថវិកា​ទេ​ពេល​នេះ​ក្រុម​នឹង​រៀបចំ​ដើម្បី​ជ្រើសរើស​យក​សិស្ស​ជំនាន់​ទី​ ៧ នៅ​ថ្ងៃទី​ ២៧ ខែ​កុម្ភៈ ឆ្នាំ​ ២០១៩ ខាង​មុខ​។ សូមមេត្តា​ចូលរួម​ធ្វើ​តេស្ត​សមត្ថភាព​ដែល​ខ្លួន​ស្រឡាញ់​។ បង​ប្រធាន ហង់ ភូមិ​រ៉ា ក្រុម​សិល្បៈ​យុវជន​ល្ខោនខោល​ជំនាន់​ថ្មី និង​ក្រុម​សិល្បៈ​យុវនារី​របាំ​បុរាណ​ជំនាន់​ថ្មី​ជួយ​ស៊ែរ​ផង​ណា​!»​។

គ្រូរបាំ​បុរាណ​ខ្មែរ​គ្រប់​ទម្រង់​វ័យ ៣១ ឆ្នាំ​លោក ហង់ ភូមិរ៉ា ដែល​ស្រទាប់​យុវវ័យ​ច្រើន​តែ​ស្គាល់​គាត់​ក្នុង​តួអង្គ​របាំ​ទម្រង់​ល្ខោនខោល​ជា​តួយក្ស តួស្វា និង​ជាពិសេស​តួអង្គ​ជា​យាយ​កន្តែរ៉ែ នា​ពេល​រៀបចំ​ពិធីបុណ្យ​ភូមិ​នោះ​គឺជា​ប្រធាន​ក្រុម​សិល្បៈ​យុវជន​ល្ខោនខោល​ជំនាន់​ថ្មី​។

Content image - Phnom Penh Post
ក្រុម​សិស្ស​ដែល​បាន​មក​រៀន​ទម្រង់​របាំ​បុរាណ​នានា​ជាមួយ​ក្រុម​សិល្បៈ​យុវជន​ល្ខោនខោល​ជំនាន់​ថ្មី​។ រូបថត សហការី

លោក​បាន​បង្ហើប​ឲ្យ​ដឹង​ពី​កម្មវិធី​បង្រៀន​សិល្បៈ​របាំ​បុរាណ​ខ្មែរ​នានា​នេះ​ថា​៖ «​មក​ទល់​ពេល​នេះ​ខ្ញុំ​បាន​បណ្តុះបណ្តាល​បាន​ ៦ ជំនាន់​ហើយ​ដោយ​ដំបូង​បាន​បើក​នៅ​ឆ្នាំ​ ២០១៦ ខណៈ​ ១ ​ឆ្នាំ​យើង​ទទួល​សិស្ស​ ២ ​ជំនាន់​មាន​ន័យ​ថា​ ១ ​ឆមាស​គឺ​ទទួល​សិស្ស​ ១ ​ជំនាន់​។ សម្រាប់​ឆ្នាំ​ ២០១៩ ​នេះ​យើង​គ្រោង​នឹង​ទទួល​សិស្ស​ជំនាន់​ទី​ ៧ នៅ​ខែ​កុម្ភៈ ឆ្នាំ​ ២០១៩ ​ខាង​មុខ​»​។

លោក ហង់ ភូមិរ៉ា ក៏​មាន​សំណូមពរ​ដល់​យុវជន​ខ្មែរ​ដែល​មាន​ចំណូលចិត្ត​ស្រឡាញ់​នូវ​ទម្រង់​សិល្បៈ​របាំ​បុរាណ​ដែរ​ថា​៖ «​ចំពោះ​សិល្បៈ​ទម្រង់​បុរាណ​នេះ យើង​ពិត​ជា​មិន​អាច​បង្ខំ ឬ​ដាក់​កំណត់​ដល់​យុវជន​ឡើយ​គឺ​យើង​ចង់បាន​អ្នក​មាន​ទឹកចិត្ត​ស្រឡាញ់ ហើយ​ចង់​ហាត់រៀន​របាំ​នានា​ដែល​ជា​មរតក​របស់​ខ្មែរ​ពី​បុរាណ ហើយ​ការរៀន​នេះ​យើង​មិន​បាន​គិត​ប្រាក់​ឡើយ​ ខណៈ​រូបខ្ញុំ​ផ្ទាល់ និង​ក្រុម​លោកគ្រូ​អ្នកគ្រូ​ជំនាញ​សិល្បៈ​បុរាណ​ជាច្រើន​បាន​លះបង់​ពេលវេលា និង​ថវិកា​ផ្ទាល់​ខ្លួន​ជាច្រើន​ឆ្នាំ​មក​ហើយ ដើម្បី​បុព្វហេតុ​ជួយ​បង្ហាត់បង្រៀន​យុវជន​ឲ្យ​ចេះ​ដឹង​ពី​វប្បធម៌​ខ្លួន​»​។

លោក​ក៏​បញ្ជាក់​ឲ្យ​ដឹង​ពី​ពេលវេលា និង​ទីតាំង​ចូលរៀន​របាំ​បុរាណ​នេះដែរ​ថា​៖ «​សម្រាប់​ការរៀន​របាំ​នេះ​យើង​រៀន​តែ​ ១ ​ថ្ងៃ​ប៉ុណ្ណោះ​នៅក្នុង​ ១ ​សប្តាហ៍​។ ពីមុន​ខ្ញុំ​បង្ហាត់​នៅឯ​បរិវេណ​នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ក្រោយ​មក​ដូរ​មក​ក្នុង​បរិវេណ​សាលា​វិចិត្រសិល្បៈ និង​នៅ​ឆ្នាំ​ ២០១៨ ​កន្លង​មក​ថ្មីៗ​នេះ ខ្ញុំ​ទទួល​បាន​ទីតាំង​ពី​លោក ហ៊ុន ម៉ានី ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​មាន​ទីកន្លែង​ធំ​ទូលាយ​អាច​បង្ហាត់​សិស្ស​បាន​ដល់​រាប់រយ​នាក់​ឯណោះ​»៕

អត្ថបទគួរចាប់អារម្មណ៍