ភ្នំពេញ៖ ក្រោយ​ពី​​លើក​ពេល​ច្រើន​លើក​សម្រាប់​ការ​សម្តែង​​សៀករហស្សកម្ម​នៃ​ក្រុម​​សៀក​ហ្វារពន្លឺសិល្បៈ​ ដោយសារ​តែ​បញ្ហា​កូវីដ ​១៩ ក្នុង​ឆ្នាំ ​២០២០ ​នោះ​មែន​ក្តី​ តែ​​ចាប់​ពី​ដើម​ឆ្នាំ ​២០២១ ទៅ ​ក្រុម​សៀក​នេះ​ នឹង​ត្រឡប់​មក​សម្តែង​នៅ​លើ​ឆាក​​​វិញ ​ដោយ​ថាមពល​ខ្លាំង​ក្លា​ជាង​មុន នៅ​ឆាក​​​សិល្បៈ​ Phnom Penh Factory នៅ​​ទីក្រុង​ភ្នំពេញ​ជា​លើក​ដំបូង​ ដោយ​មាន​ការ​នាំ​យក​នូវ​ទម្រង់​សិល្បៈ​សៀក​បែប​ច្នៃ​ប្រឌិត​ចំនួន ​២ មក​​សម្តែង​​​នា​ឱកាស​ខាង​មុខ​​នេះ​ ​មាន​រយៈ​ពេល ៧ សប្តាហ៍​។​

ការ​សម្ដែង​សៀក ២ រឿង​​​​របស់​ក្រុម​សៀកហ្វារ​នោះ ​គឺ​មាន​​​​រឿង «អានុភាព» និង​រឿង​ «​សាមគ្គី»​ ​ជា​សាច់​​រឿង​ល្ខោន​ ​របាំ តន្រ្តី​បន្ត​ផ្ទាល់​ សិល្បៈ​​សៀក​ទំនើប​លាយ​ឡំ​ជាមួយ​ការ​​​ដក​ស្រង់​​ចេញ​ពី​ខ្សែ​ជីវិត​ពិត​​​អ្នក​និពន្ធ​សាច់​រឿង​ និង​​អ្នក​សម្ដែង ដែល​ទាក់ទង​​ប្រធានបទ​ដូចជា ​សង្គ្រាម​ការ​រើសអើង ​ទំនាក់ទំនង​ស្នេហា ​ភាព​ក្រីក្រ ​និង​ឈុត​ឆាក​សម្តែង​យ៉ាង​​​ព្រឺព្រួច​។

សិល្បៈ​​សម្តែង​នៅ​​លើ​ឆាក ​ដែល​​មាន​ក្រុម​សម្តែង​​ទាំង​ក្មេង​ទាំង​ចាស់ ប្រកប​​ដោយ​ភាព​ប៉ិនប្រសប់​នៃ​សិល្បៈ​​សៀក​គួរ​ឱ្យ​ស្ញប់ស្ញែង​​ដល់​ទស្សនិកជន​ មាន​ទាំង​ភាព​ភ័យរន្ធត់​ ទាំង​សប្បាយ​រីករាយ ​ប្លែក​ភ្នែក​​ លាយ​​​ឡំ​ ដោយ​ការ​ភ័យអរ​ចាំ​​មើល​​​ថា ​តើ​អ្នក​សម្តែង​អាច​ធ្វើ​បាន​​ទេ​? ខណៈ​ក៏​មាន​អ្នក​ឆ្ងល់​ថា ​​​ធ្វើ​បាន​យ៉ាង​ម៉េច​ ញុំាង​​​ឱ្យ​បរិយាកាស​ពោរពេញ​​ដោយ​​ភាព​សម្បូរ​បែប​។

លោក​ ឃួន​ ដេត​ ​ជា​អ្នក​ផ្ដួចផ្ដើម​​គំនិត​ច្នៃ​ប្រឌិត​នៃ​សិល្បៈ​សៀក​របស់​ក្រុម​សាលា​ហ្វារ​នៅ​​បាត់ដំបង​នេះ ​ប្រាប់​ ​ភ្នំពេញ ​ប៉ុស្តិ៍ ​ថា​៖ «យើង​ជា​សមាគម​ និង​​ជា​សាលា​បណ្ដុះបណ្ដាល​សិល្បៈ​លើ​ ៣ កម្មវិធី​ធំៗ​។ ទី​១ ​​​​យើង​​​បណ្ដុះបណ្ដាល​​ផ្នែក​សិល្បៈ​​ ទី២ ​​​​ផ្នែក​អប់រំ​ និង​​​ទី​៣ ​គឺ​​ផ្នែក​សង្គម​។​ ផ្នែក​សិល្បៈ​​យើង​​បែងចែក​ជា ​២ ​សាលា​ ​១ សាលា​ផ្នែក​សូន​រូប ​គឺ​មាន​គំនូរ​រចនា​ម៉ូដ​ និង​គំនូរ​ជីវចល​ ចំណែក​​ផ្នែក​​​​ទស្សនីយភាព​មាន​​សៀក​ ​​របាំ​ ​ភ្លេងសម័យ​ ភ្លេង​បុរាណ​ ភ្លេង​ការ​ ភ្លេង​​ពិណពាទ្យ​ និង​ល្ខោន​»។

លោក​ផ្ទាល់​កាល​ពី​ក្មេង​ក៏​ជា​ក្មេង​កំព្រា ​រស់នៅ​ខ្វះ​ភាព​កក់​ក្ដៅ ដូច្នេះ​ពេល​លោក​ដឹង​ក្ដី​ក៏​​មាន​​ឱកាស​បាន​រៀន​លោក​​ ក៏​ចាប់​ផ្ដើម​មាន​គំនិត​បង្កើត​ជា​សមាគម​បណ្ដុះបណ្ដាល​សិល្បៈ​ ដើម្បី​ជួយ​ដល់​ក្មេង​កំព្រា​ និង​ក្មេង​អនាថា​ឱ្យ​​មាន​ក្ដី​សង្ឃឹម ​និង​យក​វា​ជា​បំណិន​ជីវិត​។ នៅ​សាលា​ហ្វារ​ពន្លឺ​សិល្បៈ​ខេត្ត​បាត់ដំបង​ លោក​ ឃួន​ ដេត​ វ័យ ​៤៨ ​ឆ្នាំ ​រូប​នេះ​ បាន​​បន្ត​ថា ​ដើម​ឡើយ​លោក ​និង​​មិត្តភក្ដិ​លោក​ចំនួន ​៨ នាក់​​ ទៀត​​​ជា​អ្នក​ផ្ដើម​វា​ឡើង​កាល​ពី​ឆ្នាំ ​១៩៩៤​ ដែល​​កាល​នោះ​មាន​​​តែ​គំនួរ​ប៉ុណ្ណោះ។​ ឯ​អគារ​វិញ ​គឺ​​​សាងសង់​បន្តិច​បន្តួច​​ ​គ្រាន់​​ធ្វើ​ជា​ទីតាំង​រៀន​។ ប៉ុន្តែ​ពេល​ចាប់​ផ្ដើម​​បង្រៀន​​សៀក​​​លោក​​គ្មាន​​ឧបករណ៍​​ ឬ​អគារ​អ្វី​ទាំង​អស់​ មាន​តែ​ជីក​ដី​​សម្រាប់​ការ​ហាត់​រៀន​ហក់​លោត​​។

លោក​ ឃួន​ ដេត ​បន្ត​ថា៖ «​ដំបូង​​​គ្រូ​បង្ហាត់​​សៀក ​ផ្ដើម​ដោយ​រូប​​​ខ្ញុំ​ តែ​ម្នាក់​​គត់​​ព្រោះ​តែ​​ភាព​កម្រ​​នៃ​អ្នក​ដែល​​ចេះ​ជំនាញ​នេះ​ និង​ចាប់​អារម្មណ៍​​នៅ​​ស្រុក​ខ្មែរ។​ ក្រោយ​មក​ខ្ញុំ​ ​ក៏​បាន​​បង្ហាត់​បង្រៀន​​កូន​សិស្ស​របស់​​ខ្ញុំ​ សម្រាប់​សៀក​គឺ ​រយៈពេល​ ៩ ឆ្នាំ។ យើង​ទាមទារ​ឱ្យ​គាត់​ហាត់​រយៈពេល​យូរ​តាំង​ពី​កូន​​ក្មេង​ទៅ​ ឯ​ផ្នែក​ផ្សេង​គឺ​អាច​​រយៈ​ ៥ ឆ្នាំ​។ យើង​ក៏​បាន​បញ្ជូន​​ឱ្យ​ទៅ​ហាត់​ការ​​​នៅ​ប្រទេស​បារាំង ​ដែល​ជា​ដៃគូ​​រួម​ទាំង​ទៅ​​គរុកោសល្យ​​ដែរ ​មុន​​នឹង​​ត្រឡប់​មក​បង្រៀន​វិញ។ ​ដូច្នេះ​គ្រូ​ភាគ​ច្រើន​​ជា​កូន​សិស្ស​ខ្ញុំ​​ ជាពិសេស​​គឺ​គ្រូ​​ខាង​សិល្បៈ​សៀក»។​

ឈុត​ឆាកនៃ​ការ​​សម្តែង​សៀក​ជាគូ​។ រូបថត សហ​ការី

ការ​សម្តែងសៀក​ដោយ​ក្រុមស្រីៗ​​។ រូបថត សហ​ការី

ការ​សម្តែងសៀក​ដោយ​ក្រុម​ប្រុសៗ​។ រូបថត សហ​ការី

ជា​រឿង​គូរ​ឱ្យ​សោកស្តាយ​​ដែរ​ ដោយ​​បញ្ហា​កូវីដ ​១៩ ទើប​ធ្វើ​ឱ្យ​ក្រុម​សៀក​សាលាហ្វារ ដែល​​ចង់​​​​​រៀបចំ​​សម្តែង​សៀក ​និង​បើក​​សិក្ខាសាលា​ចំនួន​ ១ ​ខែ​កន្លះ នៅ​វិចិត្រសាល​ Phnom​ Penh Factory ​ចេះ​​តែ​​លើក​ជា​​បន្តបន្ទាប់​ តែ​លោក ដេត ​ក៏​សង្ឃឹម​ដែរ​ថា ​ក្រោយ​ពី​លើក​ពេល ​​​២ ដង​​​ មក​ លោក​សង្ឃឹម​ថា ​នឹង​អាច​ដំណើរការ​​​បាន​នៅ​ខែ​មករា ឆ្នាំ ២០២១ ​​​នេះ​។ លោក​​​ថា​ ប្រសិន​បើ​​​ ដំណើរការ​ល្អ​លើក​​​ដំបូង​ លោក​ក៏​មាន​គម្រោង​​អភិវឌ្ឍ​​ពង្រីក​​បន្ថែម​នៅ​ទីក្រុង​ភ្នំពេញ​ ឱ្យ​មាន​ក្រុម​សម្តែង​សៀក​​ជា​ប្រចាំ​ដូច​នៅ​​ខេត្ត​​សៀមរាប ផង​​ដែរ​។

ថ្វីដ្បិត​​សាលា​ហ្វារ​នៅ​ខេត្ត​​បាត់ដំបង​មិន​មាន​​ការ​បង់​ថ្លៃ​ តែ​នៅ​ឯ​ខេត្ត​​សៀមរាប ​លោក​​បាន​​បង្កើត​សម្រាប់​​រក​ប្រាក់​ចំណូល​​ខ្លះ ​ដើម្បី​យក​ប្រាក់​មក​ទប់​​​ការ​ផ្គត់ផ្គង់​ បើទោះ​ជា​មាន​ជំនួយ​ពី​អង្គការ​ និង​​សមាគម​ផ្សេង​​​​ក៏​ដោយ ​ព្រោះ​លោក​ ឃួន ដេត ក៏​មិន​ចង់​រំពឹង​តែ​​ទៅ​លើ​​ជំនួយ​នោះ​​ទេ​ គឺ​​ចង់​​ក្រោក​ឈរ​​​ដោយ​ខ្លួន​ឯង ​បើ​ទោះ​​ថ្ងៃ​ក្រោយ​​ទៅ​គេ​​កាត់​ជំនួយ ​ឬ​យ៉ាង​ណា​នោះ​។

ជា​ចុង​ក្រោយ​​​ លោក​ ឃួន ដេត ក៏​បាន​សំណូមពរ​ដល់​​រដ្ឋាភិបាល ​និង​បងប្អូន​ខ្មែរ​ជា​​ទស្សនិកជន​ដែរ​ថា​៖ «យើង​​​ចង់​សូម​​ឱ្យ​​រដ្ឋាភិបាល និង​ក្រសួង​វប្បធម៌ ​ជួយ​​​គាំទ្រ​ ដល់​អង្គការ ​និង​សមាគម​ពាក់ព័ន្ធ​នឹង​​​សិល្បៈ​​នេះ​ ដើម្បី​​ជា​ការ​​ទទួល​​ស្គាល់​ដល់​សិស្ស​​​ដែល​បាន​បញ្ចប់​​ការ​សិក្សា​ព្រោះ​ពួក​គាត់​​​មិន​ទាន់​បាន​​​ការ​ទទួល​ស្គាល់​នោះ​ទេ។ ក៏​សំណួមពរ​ឱ្យ​​បងប្អូន​ខ្មែរ ​​គាំទ្រ​សិល្បៈ​សៀក​​យើង​ផង ព្រោះ​សៀក​​​​​យើង​​ក៏​​មិន​ចាញ់​​បរទេស​ដែរ​។ បើ​មាន​អ្នក​មើល​​ច្រើន ​យើង​មាន​​លទ្ធភាព​សម្ដែង​ថ្មី​​មាន​​រសជាតិ​​ថ្មី​។ បើ​អត់​អ្នក​មើល​ ឬ​​​​ទស្សនិកជន​ហើយ​ ក៏​មិន​ដឹង​បង្កើត​​អ្វី​ថ្មី​យ៉ាង​ម៉េច​ដែរ​»៕​