ក្រុង​​បាត់ដំបង៖ ទស្សនីយភាព​​សម្តែង​​សៀក​ដែល​​​បង្កើត​​ថ្មី​មួយ​មាន​ឈ្មោះ​​ថា «Fence-របង» ​នឹង​ចាប់​ដៃ​​​គ្នា​​​​​​​សម្តែង​សៀក​ចែក​ជូន​ទស្សនិកជន​​ចូល​​រួម​ដោយ​សេរី​នៅ​រោងសៀក​​សាលា​​ហ្វារពន្លឺសិល្បៈ​ក្នុង​ខេត្ត​បាត់ដំបង​ ​គឺ​ជា​ការ​សម្តែង​រវាង​ក្រុម​សិល្បៈ​សៀក​របស់​សិស្ស​សាលា​ហ្វារពន្លឺ​សិល្បៈ​ និង​ក្រុម​សៀក​​​របស់​ក្រុង​បវីយែន​ មក​ពី​ប្រទេស​ ​អូទ្រីស នៅ​ថ្ងៃទី ​៤ ខែ ​តុលា ឆ្នាំ ​២០១៩ ​ខាង​មុខ។

ការ​សម្តែង​ថ្មី​មួយ​នេះ ​គឺ​ជា​សមិទ្ធផល​នៃ​កិច្ច​សហប្រតិបត្តិការ​ថ្មី​រវាង​សាលា​ទស្សនីយភាព​ហ្វារ និង​ក្រុម​សិល្បៈ​ល្ខោន​មក​ពី​ទីក្រុង​វីយែន​​ ប្រទេស អូទ្រីស​ ដែល​មាន​ក្រុម​សិល្បករ-សិល្បការិនី​ ទាំង ​២ ប្រទេស​មួយ​នៅ​តំបន់​អាស៊ី និង​មួយ​នៅ​តំបន់​អឺរ៉ុប​ អាច​មាន​ឱកាស​​​រួម​សម្តែង​ជាមួយ​គ្នា​លើក​ដំបូង​ផង​ដែរ​​​​។​

បើ​តាម​សម្តី​របស់​លោក អេនឌ្រាស៍ ចាហ្វណឺត (Andreas Jaehnert) ដែល​ជា​នាយក​គម្រោង​ថ្មី​របស់​មហោស្រព​ the theater der sprachfe​hler នៅ​​អាស៊ី​​បាន​ឲ្យ​ដឹង​ថា៖ «ទស្សនិយភាព​​សម្តែង​​សៀក​ដែល​មាន​ឈ្មោះ​ថា Fence- របង នេះ​គឺ​ជា​ការ​បង្កើត​ថ្មី​មួយ​ ដោយ​ចង់​ឲ្យ​ក្រុម​សៀក​របស់​សាលា​ហ្វារពន្លឺសិល្បៈ​នៃ​តំបន់​អាស៊ី​​ និង​ក្រុម​សៀក​មក​ពី​ទីក្រុង​វីយែន ប្រទេស ​អូទ្រីស ដែល​នៅ​តំបន់​អឺរ៉ុប​ អាច​មាន​ការ​រួម​ស្មារតី​គ្នា​នៅ​លើ​ឆាក​សិល្បៈ​​សម្តែង​សៀក​ នា​ឱកាស​ថ្ងៃទី ​៤ ខែ ​តុលា ខាង​មុខ​នេះ​។ តាម​ដឹង​កន្លង​មក​នៅ​សាលា​ហ្វារពន្លឺ​សិល្បៈ​តែងតែ​បែង​ចែក​ទី​កន្លែង​គ្នា​ ​ក្រុម​សិល្បករ-សិល្បការិនី និង​វ័យ​ផង​ដែរ​។

ការ​សម្តែង​នេះ យើង​ក៏​ចង់​ឲ្យ​មាន​ការ​បង្កើត​និមិត្ត​សញ្ញា​ និង​ប្រពៃណី​រវាង​​​ប្រជាជន​ខ្មែរ និង​អឺរ៉ុប​ ក៏​ដូចជា​ការ​បង្កើត​ប្រវត្តិ​សាស្រ្ត​នៃ​មនុស្ស​ជាតិ​ តាមរយៈ​សហគមន៍ និង​សង្គម​មនុស្ស​ រហូត​បង្កើត​បាន​ជា​ស្ថាប័ន​​ច្បាប់​រដ្ឋ​​ និង​​​រដ្ឋាភិបាល​​»។

ក្រុម​សៀក​ហ្វារ​​ពន្លឺ​សិល្បៈ​នឹង​សម្តែង​ទស្សនីយ​ភាព​ថ្មីឈ្មោះ «Fence»។ រូប សហ​ការី

លោក​បន្ត​ថា៖ «តាមរយៈ​ការ​សម្តែង​សៀក​នេះ នឹង​បង្ហាញ​ឲ្យ​ឃើញ​នូវ​ផ្ទាំង​ទស្សនិយភាព​នៃ​ការ​បង្កើត​រចនា​សម័្ពន្ធ​ និង​បង្កើត​ជា​ចម្ងល់​សួរ​នាំ​ឡើង​​ថា តើ​វា​ចាំ​បាច់​ទេ​ក្នុង​ការ​បោះបង់​ចោល​នូវ​ការ​ប្រើ​​បញ្ញត្តិ​​គំនិត​ប្រកាន់​គ្នា​ថា​​ ល្អ និង​អាក្រក់​ ​ដរាប​ណា​យើង​ចង់​បាន​ភាព​រុង​រឿង​នោះ»​​។​​​

លោក អេនឌ្រាស៍ ចាហ្វណឺត ក៏​បាន​ឲ្យ​​ដឹង​ទៀត​ដែរ​ថា៖ «សម្រាប់​អ្នក​នៅ​លោក​ខាង​លិច ប្រទេស ​កម្ពុជា​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍ ហើយ​យើង​មាន​ការ​ចាប់​អារម្មណ៍​ទៅ​លើ​​ទំនាក់ទំនង​នៃ​អន្តរភាព​​​របស់​មនុស្ស​ថា ​តើ​មាន​លក្ខណៈ​យ៉ាងណា​? ​

ដោយ​ឡែក​ខ្ញុំ ក៏​ធ្លាប់​បាន​មក​រស់នៅ​ និង​ធ្វើ​ការ​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​រយៈពេល​ ៣ ​ខែ កាល​ពី​ឆ្នាំ ​២០១២​ ​ ហើយ​ខ្ញុំ​​ក៏​ចាប់​អារម្មណ៍​នឹង​អង្គការ​ហ្វារពន្លឺ​សិល្បៈ​ផង​ដែរ​។ ​នេះ​អាច​និយាយ​បាន​ថា ជា​ហេតុ​ផល​មួយ​នៃ​ការ​បង្កើត​ឲ្យ​មាន​ការ​សម្តែង​រួម​គ្នា​មួយ​រវាង​ក្រុម​សៀក​ទាំង ​២ ​ប្រទេស​ឡើង​ជា​លើក​​ដំបូង​ ក្រោម​គម្រោង​សម្តែង​ថ្មី​មាន​ឈ្មោះ​​ថា​ ​«Fence-របង» នេះ​ឯង​»។​

លោក ឃួន ចាន់​រស្មី​ ​នាយ​កង​ផ្នែក​​សម្តែង​​សិល្បៈ (Performing Arts School)​​ នៃ​សាលា​ហ្វារពន្លឺ​សិល្បៈ​បាន​ថ្លែង​ថា៖​ «​យើង​រំភើប​ចិត្ត​ ដែល​មាន​ការ​យល់ព្រម​គ្នា​ ​ក្រោយ​ពី​បាន​ពិភាក្សា​ទាំង​ ២ ​ភាគី​មក​ក៏​សម្រេច​ឲ្យ​មាន​​ការ​បង្កើត​គម្រោង​សម្តែង​​ថ្មី​មាន​ឈ្មោះ​​ថា​​ «Fence-របង» នេះ​ឡើង​ ដែល​ជា​ការ​សម្តែង​​លើក​ដំបូង​ក្នុង​តង់​សម្តែង​របស់​សាលា​ហ្វារពន្លឺ​សិល្បៈ​​នៅ​វេលា​ម៉ោង ៤ រសៀល ថ្ងៃទី ៤ ខែ ​តុលា ឆ្នាំ ២០១៩»៕​