ភ្នំពេញ៖ ក្រុម​សិល្បៈ​​សៀក​​​សាលា​​ហ្វារពន្លឺ​សិល្បៈ​របស់​កម្ពុជា ដែល​​មាន​មូលដ្ឋាន​នៅ​ក្នុង​ខេត្ត​​បាត់ដំបង​ នឹង​មាន​​វត្តមាន​​​​ក្នុង​ការ​សម្តែង​លក្ខណៈ​​អន្តរ​ជាតិ​មួយ​​ នៅ​​ប្រទេស សិង្ហបុរី​ នៅ​ចុង​សប្តាហ៍​នេះ ​គឺ​ថ្ងៃទី ​២៣ និង​ទី ​២៤ ខែ ​វិច្ឆិកា ឆ្នាំ ​២០១៩។​

ក្រុម​សៀក​​ពី​​សាលា​​ហ្វារពន្លឺ​សិល្បៈ​របស់​​កម្ពុជា ​នឹង​លើក​យក​​ការ​សម្តែង​របស់​​ខ្លួន​ទៅ​ឆ្លុះ​បញ្ចាំង​ និង​​​បង្ហាញ​​ភ្ញៀវ​អន្តរជាតិ​បាន​ទស្សនា​កម្សាន្ត​ក្នុង​កម្មវិធី​អន្តរជាតិ​​​ The Singapore​ Biennale 2019» តាម​សាច់​រឿង​មាន​​​ឈ្មោះ​​​ថា​ «ស្ទីល​​​ភូមិ ឬ​Phum Style»។​

ក្រុម​សៀក​សាលាហ្វារពន្លឺ​សិល្បៈ​សម្តែង​នៅ​ទី​សាធារណៈ​។ រូបថត សហ​ការី

បើ​តាម​អ្នកស្រី​ ម័រហ្គេន ដារាស្ស៍​ (Morgane Darrasse)​​ ជា​បុគ្គលិក​អ្នក​​​សម្រប​សម្រួល​ផ្នែក​ទំនាក់ទំនង​​ព័ត៌មាន និង​ទីផ្សារ​នៅ​សាលា​ហ្វារពន្លឺ​សិល្បៈ​ បាន​​ឲ្យ​ដឹង​ពី​សេចក្តី​រីករាយ ​សម្រាប់​ឱកាស​ដ៏​​ពិសេស​​ ដែល​​​​​ក្រុម​សៀក​​​​សាលា​ហ្វារពន្លឺ​សិល្បៈ នឹង​ទៅ​សម្តែងនៅ​ឯ​លើ​​​​ឆាក​អន្តរជាតិ​របស់​ប្រទេស ​សិង្ហបុរី ​នេះ​ថា​៖ «​យើង​មាន​ក្តី​រំភើប​​រីក​រាយ​ណាស់ ​ក្នុង​ការ​សម្តែង​​សៀក​រឿង «ស្ទីល​ភូមិ ឬ​ Phum Style» នៅ​ក្នុង​កម្មវិធី SINGAPORE BIENNALE​ 2019 ដែល​ជា​វេទិកា​មួយ​​​​ក្នុង​ចំណោម​វេទិកា​ឈាន​មុខ​គេ​នៅ​អាស៊ី ​សម្រាប់​ការ​សន្ទនា​អន្តរជាតិ នៅ​ក្នុង​សិល្បៈ​សហសម័យ។ ក្រុម​​និស្សិត​សាលា​សៀក​​​​យើង ដែល​មក​ពី​សាលា​ជំនាញ​សិល្បៈ​ទស្សនីយភាព នឹង​ក្លាយជា​ឯកអគ្គ​រាជទូត​វប្បធម៌​របស់​យើង​ក្នុង​​ឱកាស​នេះ ​ដែល​នឹង​ជំរុញ​ឲ្យ​មាន​កេរ្ដិ៍ឈ្មោះ​ថ្មី​ដល់​ប្រទេស ​កម្ពុជា ​នៅ​សម័យ​ទំនើប និង​ការ​​ច្នៃ​ប្រឌិត​របស់​យុវជន»។​

លោក ប៉ាទ្រីក ហ្ល័ររ៉េ (Patrick Flores) ជា​នាយក​​​​រៀបចំ​កម្មវិធី​ Singapore Biennale 2019​ បាន​​ឲ្យ​ដឹង​ថា៖ «ពិភព​លោក​យើង​នេះ អាច​ត្រូវ​បាន​គេ​គិត​ថា ជា​ពិភព​ដែល​ពោរពេញ​​ទៅ​ដោយ​បញ្ហា​។ ការ​លើក​ឡើង​ដូច្នេះ ​គឺ​មាន​ន័យ​ថា គេ​ក៏​ចាប់​ផ្តើម​ប្រឈម​ជាមួយ​នឹង​បញ្ហា​ទាំង​នោះ​ហើយ​ដែរ​។​ តើ​សិល្បៈ ឬ​ក្រុម​អ្នក​សិល្បៈ​ ឬ​អ្នក​ទស្សនា​​ មាន​តួនាទី​បែប​ណា​​ក្នុង​ការ​​ដោះ​ស្រាយ​បញ្ហា​នេះ​ឡើង​?​ តើ​អ្វី​ទៅ​ជា​ការ​ទទួល​ខុស​​ត្រូវ​តាមរយៈ​សា្នដៃ​​សិល្បៈ​ក្នុង​ការ​ទទួល​​បាន​ជា​បទពិសោធ​ឡើង​​ដើម្បី​​បង្កើត​ឲ្យ​មាន​ភាព​រុង​រឿង​​នា​​ពេល​​អនាគត​។ រាល់​​​​ការ​ទំនុក​បម្រុង​គឺ​តែង​នាំ​ឲ្យ​មាន​ពិភព​នៃ​​ការ​ផ្លាស់​ប្តូរ​ប្រកប​ដោយ​ភាព​ល្អ​ប្រពៃ​។​

ក្រុម​សៀក​សាលាហ្វារពន្លឺ​សិល្បៈក៏​​អាច​​សម្តែង​កម្សាន្ត​តាម​​ក្លិប​រាត្​រី​​។ រូបថត សហ​ការី

នា​ឱកាស​ដែល​​ប្រារព្ធ​កម្មវិធី ​The Singapore Biennale 2019 នេះ​ យើង​​សូម​សម្តែង​នូវ​សេចក្តី​រីក​រាយ​ដោយ​​ស្មោះ​អំពី​ការ​ខិតខំ​បង្កើត​ស្នាដៃ​សិល្បៈ​នានា​ និង​នាំ​មក​សម្តែង​ដល់​​មហាជន​​ក្នុង​​កម្មវិធី Singapore Biennale 2019 នេះ​​តែ​ម្តង»។​​​​ 

អ្នកស្រី​ ម័រហ្គេន ដារាស្ស៍ ក៏​បាន​ឲ្យ​ដឹង​​ដែរ​ថា៖ «សម្រាប់​ក្រុម​សៀក​សាលា​​ហ្វារពន្លឺ​សិល្បៈ នឹង​​​នាំ​យក​​​​​ការ​​សម្តែង​​​តាមរយៈ​​​សាច់​រឿង​ «​ស្ទីល​​​​​ភូមិ ឬ​​Phum Style» នេះ​ទៅ​សម្តែង​ចែក​ជូន​ដល់​អ្នក​ទស្សនា​អន្តរជាតិ​​ក្នុង​កម្មវិធី​ Singapore Biennale 2019 នា​ថ្ងៃ​ទី​ ២៣ និង​ទី​ ២៤​ ខែ​ វិច្ឆិកា ឆ្នាំ​ ២០១៩​ នេះ គឺ​ជា​សប្តាហ៍​​បើក​កម្មវិធី​​​ ខណៈ​​​កម្មវិធី​​នេះ​ដែរ​ គឺ​ប្រារព្ធ​​​​​ធ្វើ​​រយៈពេល​ ៤ ​ខែ​ឯ​ណោះ»​៕​