ក្រុង​តូក្យូ៖ តើ​ជា​រូបមន្ដ​បន្លែ​ ​អ៊ូម៉ាមិ ឬ​ជា​សារធាតុ​ពុល? ប្រហែល​ជា​វា​មក​ពី​សារធាតុ​ខ្លះ​​ដែល​ចម្រូង​ចម្រាស ដូចជា ប៊ីចេង តែ​អ្នក​វិទ្យាសាស្ដ្រ​ភាគ​ច្រើន​និយាយ​ថា វា​មាន​សុវត្ថិភាព ហើយ​ពេល​នេះ ក្រុមហ៊ុន​ជប៉ុន​មួយ​កំពុង​ព្យាយាម​បង្កើន​កេរ្ដិ៍​ឈ្មោះ​ឡើង​វិញ​។

ភាគ​ច្រើន​ក្នុង​ពិភព​លោក​ ប៊ីចេង​ត្រូវ​បាន​ជឿ​ថា​ ជា​គ្រឿង​ផ្សំ​រសជាតិ​អាហារ​​ពេញ​និយម។ វា​ត្រូវ​បាន​ប្រើ​ក្នុង​ឆ្នាំង​ស៊ុប​​ និង​ដំឡូង​បារាំង​ស្រួយ និង​គ្រប់​មុខ​ម្ហូប​រហូត​ដល់​ញ៉ាំ ដោយ​​​បន្ថែម​រសជាតិ​អាហារ​ដែល​សំដៅ​លើ​ អ៊ូម៉ាមិ ឬ (រសជាតិ​ទី ៥)។

វា​ត្រូវ​បាន​កែច្នៃ​នៅ​ក្នុង​ទម្រង់​ពាណិជ្ជកម្ម​នៅ​ជប៉ុន​ដោយ​លោក Kikunae Ikeda ដែល​​​បង្កើត​ក្រុមហ៊ុន​ Ajinomoto លក់​ប៊ីចេង​ទាំង​នៅ​​​ក្នុង​ស្រុក និង​សាកល​​លោក​។

នៅ​រោងចក្រ Ajinomoto ខាង​ក្រៅ​ក្រុង​តូក្យូ​​ភ្ញៀវ​​​ចូលរួម​កម្មសិក្សា​ ដែល​ពួកគេ​តេស្ដ​ស៊ុប​មីសួ​ដោយ​ប្រើ និង​មិន​ប្រើ​ប៊ីចេង​ ក៏​ដូចជា​ថត​រូប​សែលហ្វ៊ី​ជាមួយ​និមិត្តរូប AjiPanda ពណ៌​ស​ និង​ក្រហម​។

ប៉ុន្ដែ​ប្រជាជន​មួយ​ចំនួន​បាន​ចាត់​ទុក​ប៊ីចេង​ជា​សារធាតុ​ឥត​ប្រយោជន៍ ដោយ​សារព័ត៌មាន​ខ្លះ​​ហៅ​​ថា «​គ្រឿង​ផ្សំ​មរណៈ» ហើយ​ពលរដ្ឋ​បាន​រាយការណ៍​ពី​លទ្ធផល​អវិជ្ជមាន​របស់​វា​ ដូចជា អាការ​ឈឺ​ក្បាល បែក​ញើស និង​រោល​រមាស់​។

ក្នុង​​លិខិត​ឆ្នាំ ​១៩៦៨ ចុះ​ក្នុង​ព្រឹត្ដិបត្រ​វេជ្ជសាស្ដ្រ​ ញូវ​អង់គ្លេស​​វេជ្ជបណ្ឌិត​ចិន​-​អាមេរិក​ រ៉ូប៊ឺត ហូមេន ក្វក​​ បាន​រៀប​រាប់​អំពី​​អាការ​ដែល​លោក​បាន​កើត​លើ​ខ្លួន​ឯង​ ខណៈ​ទទួល​ទាន​អាហារ​នៅ​ភោជនីយដ្ឋាន​ចិន​ក្នុង​ទឹក​ដី​អាមេរិក​ រួម​ទាំង​មាន​បញ្ហា​ចុក​រួយ​កញ្ចឹងក ខ្សោយ​ល្ហិតល្ហៃ និង​ញ័រ​ទ្រូង​។

ក្រុមហ៊ុន Ajinomoto កំពុង​ស្វះ​ស្វែង​រក​ការគាំទ្រ​ចំពោះ​ផលិតផល​ប៊ីចេង​ខ្លួន​ក្នុង​ពិភពលោក​ឡើងវិញ។ AFP

លិខិត​​ត្រូវ​បាន​បន្ទរ​ដោយ​បណ្ដាញ​ផ្សព្វផ្សាយ​ និង​បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​មហាជន​ ដែល​បង្កើត​បាន​ការ​យល់​ឃើញ​ថា ប៊ីចេង​ជា​សារធាតុ​មិន​​ស្ទួយ​សុខុមាលភាព​។

រដ្ឋបាល​ចំណី​អាហារ និង​ឱសថ​អាមេរិក​បាន​ចាត់​ទុក ប៊ីចឹង «​ជា​សារធាតុ​សុវត្ថិភាព​ជា​ទូទៅ​» មិន​ខុស​ពី​អំបិល ស្ករ​ពោត ឬ​កាហ្វេអ៊ីន​ទេ​។ អាជ្ញាធរ​នៅ​តំបន់​អឺរ៉ុប អូស្ដ្រាលី និង​កន្លែង​ដទៃ​ទៀត​ក៏​បាន​ចាត់​ទុក​វាជា​សារធាតុ​​អាច​ទទួល​ទាន​ប្រកប​ដោយ​សុវត្ថិភាព​។

លោក Guoyao Wu សាស្ដ្រាចារ្យ​វិទ្យាសាស្ដ្រ​សត្វ​ មក​ពី​សាកលវិទ្យាល័យ Texas A&M ដែល​សិក្សា​អំពី​ប៊ីចឹង​បាន​​ប្រាប់ AFP ថា​៖ «​សេចក្ដី​បញ្ជាក់​​ ដែល​ការ​ទទួល​ទាន​ប៊ីចេង​ក្នុង​ចំណី​អាហារ​បង្ក​ជា «​អាការ​ញៀន​ចូល​​ភោជនីយដ្ឋាន​ចិន​» លើ​មនុស្ស​មិន​ត្រូវ​បាន​​រក​ឃើញ​​ទេ​»។

ការ​ពិសោធ​មួយ​ចំនួន​​​លើក​ឡើង​ថា ប៊ីចេង​មាន​គ្រោះ​ថ្នាក់​ដោយ​​ការ​ទទួល​ទាន​ច្រើន​ហួស​​ ឬ​ចាក់​បញ្ចូល​ផ្ទាល់​ចូល​សាច់​ដុំ ឬ​កោសិកា​ខួរ​ក្បាល​។

លោក Wu ​​បន្ដ​ថា​៖ «​ការ​ពិសោធ​បែប​វិទ្យាសាស្ដ្រ​ដ៏​ ត្រឹមត្រូវ​មិន​ទាន់​​បង្ហាញ​ពី​ប្រសិទ្ធភាព​អវិជ្ជមាន​​នៃ​ប៊ីចេង​លើ​មនុស្ស​ ឬ​សត្វ​​ឡើយ»។

នោះ​ជា​សារ​ Ajinomoto ដែល​​​​​​បង្កើន​ចំណូល ១០ លាន​ដុល្លារ​ ​​រយៈពេល ៣ ឆ្នាំ​។

Tia M. Rains ដែល​ដឹកនាំ​យុទ្ធនាការ​ Ajinomoto ថា​៖ «​វា​ជា​គ្រឿង​ផ្សំ​អាហារ​សុវត្ថិភាព​នោះ​ទេ​»៕ AFP/HR