ក្រុងប៉ារីស: ក្រុមហ៊ុន​អវយវៈ​សិប្បនិម្មិត​បារាំង​បាន​បំបែក​ប្រពៃណី​ដើម្បី​អភិវឌ្ឍ​ជើង​សិប្បនិម្មិត​ទំនើប​ជាមួយ​នឹង​គំរូ និង​ពណ៌​ដែល​អ្នក​ពាក់​ហ៊ាន​បង្អួត​ជើង​ថ្មី​របស់​ខ្លួន​។

ក្រុមហ៊ុន Algo Orthopedie និង U-Exist បាន​បោះជំហាន​ទៅមុខ​ក្នុង​ការកែច្នៃ​ជើង​ថ្មី​ជំនួស​អវយវៈ​ស៊េរី​ចាស់​ដែល​ផលិត​ឡើង​ពី​ជ័រ​ប្លាស្ទិក និង​ប្រើ​ពណ៌​សម្បុរស្បែក​មនុស្ស​។

លោក Alain Le Guen ជា​គ្រូពេទ្យ​វះកាត់​កែ​ទ្រង់ទ្រាយ និង​ជា​នាយក​គ្រប់គ្រង Algo Orthopedie ដែល​បង្កើត​ក្នុង​ឆ្នាំ​ ២០០៤ តំបន់ Brittany ភាគ​ពាយព្យ​ប្រទេស​បារាំង​និយាយ​ថា​៖ «​ជើងសិប្បនិម្មិត​ពាក់​ជាមួយ​ស្រោមជើង​ពិតជា​អត់​ស្អាត​អី​បន្ដិច​។ វា​គួរតែ​មាន​ការបន្ថែម​ក្បាច់ក្បូរ​សិល្បៈ​តិចតួច​ដែល​អ្នក​ពាក់​មិន​អៀនខ្មាស​ក្នុង​ការបង្ហាញ​ភាពខ្វះ​ចន្លោះ​»​។

អ្នកស្រី អេវលីន ប្រៃអេនដ៍ លែង​ខ្លាច​ក្រសែ​ភ្នែក​អ្នកដទៃ​ជាមួយ​ជើង​ថ្មី​។ រូបថត AFP

លោក Alain Le Guen ជឿ​ថា​អវយវៈ​សិប្បនិម្មិត​ពណ៌​ស្រស់​ឆើត​ជួយ​អ្នក​ប្រើ​ទទួល​យក​នូវ​ពិការភាព​របស់​ខ្លួន​។ ក្រុមហ៊ុន​លោក​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ដោយ​ផលិតផល​បាន​បង្កើន​អ្នក​ឌីហ្សាញ​ពី​បួនដប់​នាក់​ក្នុង​ឆ្នាំ​ ២០១៦ ដល់ ៥០ ​នាក់​។

អវយវៈ​សិប្បនិម្មិត​នីមួយៗ​មាន​តម្លៃ​ចន្លោះ​ពី ២៨-២៩០០០ ​ដុល្លារ និង​ត្រូវបាន​ទទួល​ស្គាល់​ពី​ប្រព័ន្ធ​សុខាភិបាល​សាធារណៈ​បារាំង​។ អតីត​កម្មករ​ជាងដែក ប្រ៊ូណូ ផូល អាយុ ៥៥ ​ឆ្នាំ​ដែល​បាន​បាត់បង់​ជើង​ម្ខាង​ក្នុង​ឆ្នាំ​ ២០១៦ បាន​និយាយ​ថា​៖ «​ខ្ញុំ​អាច​ទទួលស្គាល់​នូវ​ពិការភាព​របស់​ខ្ញុំ​ដោយសារ​ពណ៌​ដ៏ស្រស់ឆើត​នេះ​»​។

អ្នកស្រី អេវលីន ប្រៃអេនដ៍ អាយុ ៥៦ ​ឆ្នាំ​ដែល​បាន​បាត់បង់​ជើង​ក្នុង​ឆ្នាំ​ ២០០៧ និយាយ​ថា​៖ «​ក្រសែភ្នែក​ដែល​អ្នកផង​មើល​មក​យើង​បាន​ផ្លាស់ប្ដូរ ពេល​យើង​មាន​ជើង​ពណ៌​ស្រស់​បំព្រង​ថ្មី​»​។

យោង​តាម​ស៊ីម៉ុន ខូលីន ស្ថាបនិក និង​ជា​នាយក​ក្រុមហ៊ុន U-Exist បាន​ឲ្យ​ដឹងថា​មនុស្ស​ប្រមាណ ២៥ ​ម៉ឺន​នាក់​ប្រើ​ជើង​សិប្បនិម្មិត​នៅ​បារាំង ហើយ​ជើង ១៦ ​ម៉ឺន​នាក់​បាន​ផលិត​ឡើង​រៀងរាល់​ឆ្នាំ​៕ HR