សៀមរាប: ក្នុងគោលដៅដ៏សំខាន់មួយក្នុងការផ្តល់ឱកាសឲ្យនារីខ្មែរជំនាន់ក្រោយបញ្ចេញទេពកោសល្យ ភាពក្លាហាន របស់ពួកគេក្នុងការដើរលើកម្រាលព្រំពណ៌ក្រហម ក្រោមក្រសែភ្នែកទស្សនិកជនជាច្រើននាក់ ក៏ដូចជារួមចំណែកប្រមែប្រមូលមូលនិធិជួយទ្រទ្រង់មន្ទីរពេទ្យកុមារអង្គរឲ្យមាននិរន្តរភាព ហាងស្បែកជើង The Moon Shoe បានរៀបចំកម្មវិធីដ៏ពិសេសប្លែកភ្នែកដែលមិនធ្លាប់មានពីមុនមកក្នុងខេត្តសៀមរាប គឺកម្មវិធី «កញ្ញាឯក The Moon ២០១៦» ដែលកម្មវិធីនេះនឹងចាប់ផ្តើមទទួលពាក្យពីបេក្ខនារីចាប់ពីពេលនេះតទៅ។
ម្ចាស់ហាង The Moon Shoe លោក អេង បញ្ញាឫទ្ធិ បានឲ្យដឹងថា៖ «យើងនឹងធ្វើឲ្យកម្មវិធីនេះប្លែកភ្នែក និងមានប្រសិទ្ធភាពបំផុត ក្រៅពីនេះវានឹងផ្តល់ភាពសប្បាយរីករាយដល់ទស្សនិកជនថែមទៀតផង។ ជាពិសេសជាងនេះទៅទៀតនោះ ក៏ជាឱកាសដែលប្រជាពលរដ្ឋខ្មែរចូលរួមទាំងអស់គ្នាក្នុងការលើកស្ទួយបេតិកភណ្ឌវប្បធម៌ និង គំនិតច្នៃប្រឌិតក្នុងការរចនាម៉ូដដែលជាស្នាដៃកូនខ្មែររបស់យើង»។

បេក្ខនារីនឹងត្រូវបញ្ចេញសមត្ថភាពតាមដំណាក់កាលដែលកម្មវិធីបានរៀបចំឲ្យ ហើយជាចុងក្រោយនឹងមានការដាក់ពិន្ទុពីសំណាក់ក្រុមគណៈកម្មការជោរជន់ដោយបទពិសោធក្នុងវិស័យនេះ។
មានតែបេក្ខនារីចំនួន ៣០ រូបប៉ុណ្ណោះដែលនឹងត្រូវបង្ហាញខ្លួន ដើរម៉ូដ នៅលើកម្រាលព្រំក្រហម នាថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១៦ ក្នុងការជួបជុំអាហារពេលល្ងាចក្នុងរាត្រីសមោសរ នៅសណ្ឋាគារ Le Meridien ក្រុងសៀមរាប ដែលនឹងមានការចូលរួមពីតារាចម្រៀងដ៏ល្បីឈ្មោះ កញ្ញា មាស សុខសោភា ផងដែរ។
លោក អេង បញ្ញាឫទ្ធិ ថ្លែងបន្តថា កម្មវិធីនេះនឹងទាក់ទាញបន្ថែមនូវភ្ញៀវជាតិមកទស្សនាតំបន់បេតិកភណ្ឌ និងវប្បធម៌ដ៏ផូរផង់នេះ។កម្មវិធីនឹងទទួលពាក្យពីបេក្ខនារី មិនថាបេក្ខនារីនោះស្ថិតនៅក្នុងខេត្តសៀមរាប ឬមកពីបណ្តាខេត្តនានា នោះឡើយ។ ពួកគេសុទ្ធតែអាចនឹងមានឱកាសគ្រងតំណែងកញ្ញាឯក ជាមួយទឹកប្រាក់រង្វាន់ចំនួន ១០លានរៀល ស្បែកជើងមួយគូ និងទឹកប្រាក់៤០ ម៉ឺនរៀលជារៀងរាល់ខែក្នុងរយៈពេលមួយឆ្នាំ។
ជយលាភីកញ្ញាឯកនឹងត្រូវតែងតាំងជាអគ្គរដ្ឋទូតរបស់ម៉ាក The Moon រយៈពេលមួយឆ្នាំ ដំណើរកម្សាន្តទៅប្រទេសសិង្ហបុរីរយៈពេល ៥ ថ្ងៃ ព្រមទាំងរង្វាន់លើកទឹកចិត្តជាច្រើនទៀត។
សម្រាប់ការចូលរួមកម្មវិធី កញ្ញាឯក The Moon ២០១៦ នេះ សូមទំនាក់ទំនងរកទិញសំបុត្រនៅតំណាងចែកចាយ ដែលមាននៅរាជធានីភ្នំពេញ សៀមរាប បាត់ដំបង កំពង់សោម កំពង់ចាម និង ខេត្តកណ្តាល ឬទំនាក់ទំនងតាមទូរស័ព្ទលេខ ០៩២ ២៨ ៨៨ ៨៩, ០៩៩ ៣៨ ៣៨ ៨៩ និង ០៦៣ ៧៦ ៣៨ ៣០៕