ក្រុងមូស្គូ: អ្នក​គាំទ្រ​​ក្រុម​បាល់​ទាត់ស្វ៊ីស​ មួយ​ក្រុម​បាន​កក់​សណ្ឋាគារ​មួយ​ខុស​ទីក្រុង​ ដោយ​យល់​ច្រឡំ​ថា ​ទីក្រុង Rostov-on-Don ជា​ទី​តាំង​ក្រុម​ស្វ៊ីស​លេង​ជាមួយ​ប្រេស៊ីល​ កាល​ពី​ថ្ងៃ​អាទិត្យ​ ជាមួយ​ក្រុង Rostov Veliky ចម្ងាយ​ប្រមាណ ១២៨១ គីឡូម៉ែត្រ​ពី​គ្នា​ឯនោះ​។

បណ្ដាញ​ផ្សព្វ​ផ្សាយ​រុស្ស៊ី ​បាន​រាយ​ការណ៍​ថា ក្រុម​អ្នក​គាំទ្រ​បាន​ខល​ហៅ​ប៉ូលិស​ពេល​ពួកគេ​មិន​អាច​ស្វែង​រក​សណ្ឋាគារ​ ខណៈ​ដែល​បាន​ឃើញ​ឈ្មោះ​ផ្លូវ​ដូច​គ្នា​ក្នុង​ទីក្រុង​រៀបចំ​ព្រឹត្ដិការណ៍​បាល់​ទាត់​ពិភព​លោក​។

ប៉ូលិស​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា​៖ «​ទេសចរ​បរទេស​ ដែល​មក​គាំទ្រ​ក្រុម​បាល់​ទាត់​ស្វ៊ីស​ បាន​ហៅ​ទូរស័ព្ទ​មក​ហើយ ហើយ​និយាយ​ថា ពួកគេ​កក់ត​សណ្ឋាគារ​មួយ​។ អ្នក​បក​ប្រែ​បាន​ប្រាប់​ពួកគេ​ថា ពួកគេ​ច្រឡំ​ឈ្មោះ​តំបន់​ហើយ​ ហើយ​ពួកគេ​បាន​កក់​សណ្ឋាគារ​នៅ​ទីក្រុង​Rostov Veliky ឯ​នោះ​»។

ប៉ូលិស​ក្រុង​ Rostov Veliky បាន​ប្រាប់​សារព័ត៌មាន​ថា ខ្លួន​បាន​ជួល​អ្នក​បក​​ប្រែ​ជំនាញ​ និង​ក្រុម​ស្ម័គ្រ​ចិត្ដ​ដែល​និយាយ​ភាសា​អេស្ប៉ា អង់គ្លេស អារ៉ាប់ និង​បារាំង​​ក្នុង​ពេល​ប្រកួត​បាល់​ទាត់​ពិភព​លោក​នេះ​។

ប៉ូលិស​បាន​បន្ដ​ថា ខ្លួន​បាន​ជួយ​ក្រុម​អ្នក​គាំទ្រ​ច្រឡំ​អសយដ្ឋាន​នោះ​ដោយ​ស្វែង​រក​កន្លែង​ស្នាក់​ត្រឹម​ត្រូវ​វិញ​ហើយ​។ កាល​ពី​ដើម​ខែ​ បណ្ដាញ​ផ្សព្វ​ផ្សាយ​រុស្ស៊ី និង​អ៊ុយ​ក្រែន បាន​រាយ​ការណ៍​ស្ដីពី​ក្រុម​អ្នក​គាំទ្រ​ស្វ៊ីស​ ដែល​ធ្វើ​ដំណើរ​ទៅកាន់​ក្រុង Rostov-on-Don តាម​រថយន្ដ​ដោយ​ឆ្លង​កាត់​ភាគ​ខាង​កើត​អ៊ុយក្រែន​ ជាទី​ដែល​មាន​ជម្លោះ​រ៉ាំរ៉ៃ​រយៈ​ពេល​ ៤ ឆ្នាំ និង​បាន​សម្លាប់​មនុស្ស​ជាង ១ ម៉ឺន​នាក់​ អត់​បាន​ដឹង​ថា វាជា​តំបន់​សង្គ្រាម​ពីព្រោះ​ពួកគេ​ធ្វើ​ដំណើរ​តាម​ប្រព័ន្ធ GPS។

ទីក្រុង​ Rostov-on-Don ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​តែ ៦០ គីឡូម៉ែត្រ​ពី​ខ្សែ​ត្រៀម​ជួរ​មុខ​ក្នុង​តំបន់​អ៊ុយ​ក្រែន​ខាង​កើត​ប៉ុណ្ណោះ​។ រុស្ស៊ី​បាន​បន្ថែម​កង​កម្លាំង​សន្ដិ​សុខ​ពិសេស​ជា​ច្រើន​ទៀត​ដើម្បី​ផ្ដល់​សុវត្ថិភាព​ដល់​ក្រុម​អ្នក​គាំទ្រ​។

កីឡដ្ឋាន​ក្នុង​ទីក្រុង​នេះ អាច​ផ្ទុក​មនុស្ស​ ៤៥០០០ នាក់​ និង​ចំណាយ​ប្រាក់​សាង​សង់​ប្រមាណ ៣២០ លាន​ដុល្លារ​។ ស្វ៊ីស​បាន​ស្មើ​ជាមួយ​ប្រេស៊ីល ១-១ ចំពោះ​ការ​ប្រកួត​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន​៕ AFP/HR