ភ្នំពេញ៖ នាពេលថ្មីៗនេះ វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យទទួលបានសំណៅផ្ដាមសិលាចារឹក ដែលបញ្ជាក់ពីប្រវត្តិនៃការប្រើប្រាស់ពាក្យថា «សុវណ្ណភូមិ» និងជាពាក្យពេចន៍ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ ដឹងឮតគ្នា និងរមែងប្រើប្រាស់ជាភាសាទាំងនិយាយ និងសរសេរ តាំងពីយូរមក តែមិនបានដឹងច្បាស់លាស់ពីសម័យកាលណាមួយជាក់លាក់នោះទេ។
កាលពីល្ងាចថ្ងៃពុធ ទី ៥ ខែ សីហា ឆ្នាំ ២០២០ កន្លងមក វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យបានទទួលសំណៅផ្ដាមសិលាចារឹកវត្តគិរីស្ដេចគង់ ឬគេហៅថាសិលាចារឹកសុវណ្ណភូមិ ដើម្បីដាក់តាំងក្នុងសាលប្រជុំពីលោកគ្រូ ហ៊ុន ឈុនតេង ដែលជាអ្នកផ្ដាមផ្ទាល់ និងមានការអនុញ្ញាតពីលោក ឆាយ វិសុទ្ធ ប្រធានសារមន្ទីរជាតិ សម្រាប់ផ្សព្វផ្សាយបន្តទៅកាន់សាធារណជនឲ្យកាន់តែយល់ដឹងពីឫសគល់ និងសម័យកាលកំណត់ច្បាស់នៃពាក្យពេចន៍ស័ព្ទរបស់ខ្មែរដ៏យូរលង់នេះ។
បើតាមលោក ស សុខនី ជាប្រធានវិទ្យាស្ថានពុទ្ធសាសនបណ្ទិត្យ បង្ហាញពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួន ក៏ដូចជាសម្រាប់ពលរដ្ឋខ្មែរទាំងអស់ ដែលក្រុមអ្នកស្រាវជ្រាវផ្នែកសិលាចារឹកខ្មែរ បានរកឃើញនូវផ្ទាំងសិលាចារឹកវត្តគិរីស្តេចគង់ ហៅវត្តបឹងនោះថា៖ «ក្នុងនាមខ្ញុំ ជាប្រធានវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ និងខេមរជនមួយរូបផងដែរ ខ្ញុំពិតជាសូមអបអរសាទរចំពោះការរកឃើញភ័ស្ដុតាងដ៏មានតម្លៃពុំអាចកាត់ថ្លៃបាន និងមានតម្លៃចំពោះខ្មែរគ្រប់រូប។ ប្រជាពលរដ្ឋយើង ជាពិសេស យុវជនជំនាន់ក្រោយ ត្រូវតែសិក្សាស្វែងយល់បន្ថែមលើកកម្ពស់គំនិតជាតិនិយម ស្រឡាញ់វប្បធម៌ប្រពៃណី ដែលដូនតាបន្សល់ទុកឲ្យ និងជួយផ្សព្វផ្សាយព័ត៌មានទាំងនេះ ទៅកាន់ពិភពលោកផងដែរ ក្រៅពីបងប្អូនខ្មែរ។ សិលាចារឹកនេះ រឹតតែបង្ហាញថា កម្ពុជាគឺពិតជាម្ចាស់ដែនដីសុវណ្ណភូមិ យ៉ាងពិតប្រាកដ និងជាមរតកប្រពៃណីវប្បធម៌សាសនា ដែលដូនតា បន្សល់ទុកដល់បច្ចុប្បន្ន។ ឯកសារផ្ដាមសិលាចារឹកនេះ ជាអំណោយលោក ហ៊ុន ឈុនតេង ជាអ្នកស្រាវជ្រាវ និងជាសាស្រ្តាចារ្យបង្រៀននៅសាកលវិទ្យាល័យមានជ័យ ព្រមទាំងមានការអនុញ្ញាតពីលោកប្រធានសារមន្ទីរផងដែរ»។
លោក ស សុខនី បានឲ្យដឹងទៀតថា៖ «សេចក្ដីលម្អិតស្ដីពីសិលាចារឹកនេះ មានបោះពុម្ពផ្សាយ ក្នុងសៀវភៅទស្សនាវដ្ដីកម្ពុជសុរិយាលេខ ៤ ឆ្នាំ ២០១៩ មានអត្ថបទសិក្សា ដោយអ្នកស្រាវជ្រាវផ្នែកសិលាចារឹកល្បីៗគឺទី១ ប្រវត្តិសិលាចារឹក និងស្ថាននាម «សុវណ៌្ណភូមិ» ដោយលោកបណ្ឌិត វង់ សុធារ៉ា ទី២ អំណានអត្ថបទ និងលក្ខណៈតួអក្សរចារឹក ដោយលោក ហ៊ុន ឈុនតេង និងទី៣ សេចក្តីប្រែ និងសេចក្តីអត្ថាធិប្បាយ ដោយបណ្ឌិត ឆោម គន្ធា។ សិលាចារឹកនេះ ត្រូវបានអ្នកភូមិ ប្រទះឃើញនៅក្នុងទីតាំងវត្តគិរីស្តេចគង់ ហៅវត្តបឹង ដែលស្ថិតនៅភូមិត្រពាំងខ្ទុំ ឃុំស្វាយចចិប ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ តាំងពីឆ្នាំ ១៩៩៨ មក។
វិទ្យាស្ថានបារាំងចុងបូព៌ាប្រទេសបានចុះលេខសិលាចារឹកនេះជា K.1419 តាមសំណើរបស់លោក ជា សុជាតិ អនុប្រធានការិយាល័យអភិរក្សនៃសារមន្ទីរជាតិ។ ផ្ទាំងថ្មចារឹកនេះ គឺជាប្រភេទថ្មស្រទាប់ មានរូបរាងជាសន្លឹកសីមារៀវតូច នៅផ្នែកខាងក្រោម មានកម្ពស់ ១៣៥ ស.ម. ទទឹងខាងលើ ៥៤,៥០ ស.ម. ទទឹងខាងក្រោម ៥១,៥០ ស.ម. និងកម្រាស់ ៧,៥០ ស.ម.។ បច្ចុប្បន្នបន្ទាប់ពីមានការសម្របសម្រួលយ៉ាងសកម្មរបស់មន្ត្រីវប្បធម៌ និងគណសង្ឃខេត្ត ព្រះសង្ឃ អាចារ្យវត្ត និងពុទ្ធបរិស័ទ បានយល់ព្រមដង្ហែ មកក្រុងភ្នំពេញតម្កល់ទុកនៅសារមន្ទីរជាតិ កាលពីឆ្នាំ ២០១៨ និងបានបកប្រែនៅឆ្នាំ ២០១៩ កន្លងមក។
អ្នកជំនាញខាងសិលាចារឹកខ្មែរ គឺបណ្ឌិត វង់ សុធារ៉ា បានអះអាងថា លោកបានរកឃើញសិលាចារឹកបុរាណរបស់ខ្មែរមួយ ដែលចារឹកនៅឆ្នាំ ៦៣៣ នៃគ្រិស្តសករាជ។ ខណៈសិលាចារឹកនេះសរសេរថា «សុវណ្ណភូមិ ស្ថិតក្រោមការត្រួតត្រារបស់ស្តេចខ្មែរមួយអង្គព្រះនាម ឦសានវរ្ម័ន(ទី១)» ដែលបានរកឃើញនៅវត្តគិរីស្តេចគង់ ហៅវត្តបឹង នេះ៕