ក្រុងឡូសអេនជឺលេស: ឆ្លាម​ស​មហា​ធំ​ ១ ​ក្បាល​ដែល​គេ​ជឿថា គឺជា​មច្ចុរាជ​ទឹក​ដ៏ធំ​បំផុត​មួយ​ក្នុង​កំណត់ត្រា​ត្រូវ​បាន​ប្រទះឃើញ​នៅ​ក្បែរ​ឆ្នេរ​កោះ​ហាវ៉ៃ ដោយ​អ្នក​ជ្រមុជ​ទឹក ឆ្លៀត​ឱកាស​នេះ​ហែល​ទឹក​លេង​ជាមួយ​ឆ្លាម​យក្ស​។

ឆ្លាម​ញី​ប្រវែង ៦ ម៉ែត្រ​ដែល​ត្រូវ​បាន​ចាត់ទុកជា «Deep Blue» ជា​ឆ្លាម​ស​ធំ​បំផុត​មួយ​ក្នុង​កំណត់ត្រា​បាន​បង្ហាញ​វត្ដមាន​ដ៏គួរ​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​សប្ដាហ៍​មុន ដោយ​បាន​ចូលរួម​ជាមួយ​ហ្វូង​ឆ្លាម​ដទៃ​សប្បាយ​ឆី​ខ្មោច​បាឡែន​ក្បែរ​ឆ្នេរ Oahu​។

លោក អូសេន រ៉ាមស៊ី ជា​អ្នក​ជ្រមុជ​ទឹក​ម្នាក់​បាន​រៀបរាប់​ប្រាប់​អំពី​បទពិសោធ​ហែល​ទឹក​លេង​ជាមួយ​មហាមច្ចុរាជ​ទឹក​នៅ​លើ Honolulu Star Advertiser ថា​៖ «​យើង​បាន​ឃើញ​ឆ្លាម​ខ្លា​ប៉ុន្មាន​ក្បាល បន្ទាប់​មក​វា​ក៏​បង្ហាញ​ខ្លួន ហើយ​ឆ្លាម​ដទៃ​ក៏ហែល​ចែក​ជើង​គ្នា​។ ឆ្លាម​ស​ដ៏ធំ​ក៏​ផ្ដើម​ហែល​មក​ឆ្វែល​ទូក​។ វា​ពិតជា​ធំ​ខ្លាំង​ណាស់​។ យើង​បាន​ទៅ​លេង​ទឹក​នាពេល​ថ្ងៃ​រះ ហើយ​វា​នៅ​កំដរ​យើង​យ៉ាង​យូរ​នាឱកាស​នោះ​»​។

លោក រ៉ាមស៊ី បាន​បន្ត​ថា​ឆ្លាម​យក្ស​ទំនង​ជា​មាន​អាយុ ៥០ ​ឆ្នាំ និង​ទម្ងន់​ប្រមាណ ២,៥ តោន​បាន​បង្ហាញ​វត្ដមាន​យ៉ាង​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​ប្រហែល​ជា​មាន​ផ្ទៃពោះ​ផង​។

វត្តមាន​ឆ្លាម​ស​យក្ស​ពិតជា​ឱកាស​ដ៏កម្រ​នៅលើ​ដែន​កោះ​ហាវ៉ៃ​ជា​ទី​ដែល​ទឹក​មាន​សភាព​ក្ដៅ​ខ្លាំង​៕ HR