The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុម​អ្នកវិទ្យាសាស្ដ្រ​ហុងកុង​ ខំ​ស្ដារ​មុខមាត់​គជ់បូព៌ា​វិញ

ក្រុម​អ្នកវិទ្យាសាស្ដ្រ​ហុងកុង​ ខំ​ស្ដារ​មុខមាត់​គជ់បូព៌ា​វិញ

Content image - Phnom Penh Post
សកម្មភាព​ខ្វេះ​គជ់ខ្យង​ពី​សត្វ​គ្រំ​អយស្ទ័រ​។ រូបថត AFP

ក្រុម​អ្នកវិទ្យាសាស្ដ្រ​ហុងកុង​ ខំ​ស្ដារ​មុខមាត់​គជ់បូព៌ា​វិញ

ក្រុងហុងកុង: នៅលើ​ក្បូន​បណ្ដែត​ទឹក​នៃ​តំបន់​ឆ្នេរ​ភាគ​ខាង​កើត​ទីក្រុង​ហុងកុង អតីត​នាយក​ធនាគារ​ប្រែ​ជា​អ្នក​វិទ្យាសាស្ដ្រ​លោក យ៉ាន វ៉ាតាត បាន​ខ្វេះ​គជ់​ពី​ពពួកសត្វ​អយស្ទ័រ​ប្រមាណ ២០០០ ​ក្បាល​។ វា​ពិតជា​កិច្ចការ​ដ៏គួរ​ឲ្យ​ធុញទ្រាន់ តែ​មាន​សារៈសំខាន់ ពីព្រោះ​វា​ជា​បេសកកម្ម​នាំ​យក​កសិកម្ម​គជ់​ត្រឡប់​មក​វិញ​។

បុរស​អាយុ ៥៨ ​ឆ្នាំ​រូប​នេះ​បាន​ប្រាប់ថា​៖ «​អម្បូរ​សត្វ​នេះ​ធ្លាប់​សម្បូរ​ច្រើន​នៅ​ហុងកុង​។ យើង​មាន​ប្រវត្ដិ​ជា​អ្នកប្រមាញ់​គជ់ខ្យង​អស់​រយៈពេល​ជាង ១០០ ​ឆ្នាំ​មក​ហើយ តែ​ដោយសារ​ការប្រមូល​ផល​កន្លង​មក​មាន​ចំនួន​ច្រើន​ហួស​ប្រមាណ​ពេក ពេល​នេះ​វា​នៅ​សេសសល់​តិចតួច​ប៉ុណ្ណោះ​»​។

លោក យ៉ាន កំពុង​តែ​ប្រកបរបរ​ចិញ្ចឹម​អយស្ទ័រ​យក​គជ់ខ្យង​អាកូយ៉ា​ជា​ពូជ​ប្រើប្រាស់​ជា​គ្រឿងអលង្ការ ដោយ​លោក​មាន​ក្ដីរំពឹង​ថា​ការស្រាវជ្រាវ​របស់​លោក​នឹង​បង្ហាញ​ដល់​ក្រុម​អ្នកនេសាទ​អយស្ទ័រ​ដទៃ​ទៀត​ថា ឧស្សាហកម្ម​នេះ​នៅតែ​ទទួល​ជោគជ័យ​។

ហុងកុង​ដែល​មាន​រហស្សនាម​ថា «​គជ់បូព៌ា​» ដោយ​អតីត​អាណានិគម​នៅ​តែ​ជា​មជ្ឈមណ្ឌល​នីហរ័ណ អាហរ័ណ​ត្បូង​គជ់​ដ៏ធំ​បំផុត​ក្នុង​លោក​ដោយ​ការនាំ​ចេញ​មាន​តម្លៃ ១,៨ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៦​។ នេះ​បើ​ទៅ​យោង​តាម​ទិន្នន័យ​ជំនួញ​ដែល​បាន​បង្ហាញ​ដោយ​អង្គការ​សហប្រជាជាតិ​។

ប៉ុន្ដែ​គ្មាន​គជ់​ ១ ​គ្រាប់​ណា​ផលិត​ក្នុង​ស្រុក​ឡើយ​។

Content image - Phnom Penh Post
លោក យ៉ាន វ៉ាតាត អ្នកវិទ្យាសាស្ដ្រ​ចិញ្ចឹម​អយស្ទ័រ​យក​គជ់ខ្យង​កំពុង​បំពេញ​កិច្ចការ​លើ​កសិដ្ឋាន​។ រូបថត AFP

ការប្រមាញ់ និង​លក់​គជ់​ក្នុង​ចំនួន​ដ៏ច្រើន​លើសលប់​ពេក​បាន​បំផ្លិចបំផ្លាញ​គជ់ខ្យង​ធម្មជាតិ​ដែល​ចិញ្ចឹម​នៅក្នុង​ទីក្រុង​អស់​រលីង​ទៅ​ហើយ​។

ការចិញ្ចឹម​គឺជា​ឧស្សាហកម្ម​បែប​ថ្មី​ហើយ​ទីតាំង​កសិកម្ម​ហុងកុង​តិចតួច​ដែល​នៅតែ​បន្ដ​ប្រពៃណី​ទសវត្សរ៍​ឆ្នាំ​ ១៩៥០​។ ប៉ុន្ដែ​ពួកគេ​ជួប​ការលំបាក​ក្នុង​ការប្រកួតប្រជែង​ជាមួយ​ដៃគូ​ជប៉ុន​ដែល​មាន​ប្រៀប​លើ​មុខ​ជំនួញ​គជ់ខ្យង​។

កសិដ្ឋាន​គជ់ខ្យង​ត្រូវ​បាន​បិទ​ក្នុង​ឆ្នាំ​ ១៩៨១​។

ពេល​នេះ​លោក យ៉ាន និង​ប្រជា​នេសាទ​មួយក្រុម​ទៀត​កំពុង​ព្យាយាម​ឲ្យ​មាន​ការផ្លាស់ប្ដូរ​ដែល​ផ្ដើម​ពី​ឧស្សាហកម្ម​តូចតាច​ដោយ​ប្រើ​ទិចនិក​បុរាណ និង​បច្ចេកវិទ្យា​ទំនើប​។

លោក​បាន​ចាប់ផ្ដើម​សិក្សា​ថ្នាក់បណ្ឌិត​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ដ្រ​ជីវសាស្ដ្រ​ក្រុង​ហុងកុង​ដើម្បី​ស្វែងរក​វិធី​ល្អៗ​បំផុត​ក្នុង​ការបញ្ចូល​បន្ទះ​ឈីប (RFID) ចូល​ក្នុង​សាច់​អយស្ទ័រ​ដែល​តាមដាន​លើ​ការបណ្ដុះ​គ្រាប់គជ់​។

ការប្រើប្រាស់​បន្ទះឈីប​មាន​ន័យ​ថា ប្រជាកសិករ​អាច​ស្គេន​សម្បក​អយស្ទ័រ​ដើម្បី​ពិនិត្យ​មើល​ថា តើ​គជ់​ត្រូវ​បាន​ផលិត​ឬ​យ៉ាង​ណា ហើយ​លេខ​សៀរី​ក៏​នឹង​អនុញ្ញាត​ឲ្យ​អតិថិជន​ដឹង​យ៉ាង​ច្បាស់​ទី​ដើម​កំណើត​គជ់ ដោយ​កាត់បន្ថយ​ហានិភ័យ​ទិញ​ចំ​គជ់​ក្លែងក្លាយ ឬ​គុណភាព​អន់​។

លោក យ៉ាន វ៉ាតាត បាន​ប៉ាន់ប្រមាណ​ថា ទូក ៩០ ​ភាគរយ​ក្នុង​ចំណោម ១០០០ ​គ្រឿង​មិន​ត្រូវ​បាន​ប្រើប្រាស់​ដោយសារ​យុវជន​ពេញកម្លាំង​តិចតួច​មាន​បំណង​ចូលរួម​នេសាទ​គជ់ខ្យង​នាពេល​បច្ចុប្បន្ន​។

លោក យ៉ាន បាន​ទស្សន៍ទាយ​ថា​៖ «​បើសិន​ជា​ខ្ញុំ​អាច​បង្ហាញ​ដល់​ប្រជានេសាទ​ឲ្យ​មើលឃើញ​ថា ពួកគេ​អាច​ប្រកបរបរ​នេះ​ចិញ្ចឹមជីវិត​។ អ៊ីចឹង ខ្ញុំ​គិត​ថា​ពួកគេ​នឹង​ចាប់អារម្មណ៍​ចំពោះ​របរ​នេះ​»​។

កាលពី​ខែ​មីនា​ប្រជានេសាទ​ ១ ​ក្រុម​ដែល​ត្រូវ​បាន​លើក​ទឹកចិត្ដ​ដោយ​គម្រោង​របស់​លោក យ៉ាន បាន​ធ្វើការ​ប្រមូលផល​គជ់ខ្យង អាកូយ៉ា ជា​សមិទ្ធផល​ដំបូង​បំផុត​នៅ​ក្នុង​ទីក្រុង​ហុងកុង​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នេះ​។

លោក លឿង កាមមីង ជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​អយស្ទ័រ​ម្នាក់​នៅ​តំបន់​ជនបទ សៃគុង បាន​និយាយ​ថា​៖ «​ខ្ញុំ​គិត​ថា ការចិញ្ចឹម​គជ់ខ្យង​ប្រាកដ​ជា​សមិទ្ធផល​ល្អ​នាពេល​អនាគត​សម្រាប់​ក្រុង​ហុងកុង​។ ខ្ញុំ​ចាប់ផ្ដើម​ចិញ្ចឹម​អយស្ទ័រ​យក​គជ់ខ្យង​ដើម្បី​រក​អត្ថប្រយោជន៍​បន្ថែម​»៕ HR

អត្ថបទគួរចាប់អារម្មណ៍