ក្រុង​​សៀមរាប៖​ ខណៈ​​ដែល​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​ប្រវត្តិសាស្រ្ត​ និង​វប្បធម៌​ខ្មែរ​​​ ដ៏​ល្បី​​នៃ​ទឹក​ដី​ខេត្ត​សៀមរាប​​ កំពុង​​​តែ​​ជួប​ការ​​ស្ងាត់​ភ្ញៀវ​ទេសចរ​បរទេស​ ដោយសារ​​វិបត្តិ​កូវីដ ​១៩ ​នោះ ហើយ​​បច្ចុប្បន្ន​ការ​​​ឆ្លង​ជំងឺ​នេះ​ ​ក៏​មាន​ស្ថានភាព​​​​​ស្បើយ​​​​​​បណ្តើរ​ៗ​​​ហើយ​​ក្រុម​​សិល្បករ​ BBAND របស់​ក្រុម​​សៀក​ហ្វារពន្លឺ​សិល្បៈ​ ​ប្រចាំ​​​​នៅ​ក្រុង​​សៀមរាប បាន​ផលិត​វីដេអូ​ចម្រៀង​ដំបូង​​មាន​​ចំណង​ជើង​ថា «តោះ​មក​ទស្សនា​​​​ក្រុង​សៀមរាប» ចេញ​ផ្សាយ​​តាម​បណ្តាញ​សង្គម​នៅ​ថ្ងៃ​​ទី ​១១ ខែ ​កក្កដា ឆ្នាំ ​២០២០ ​ខាង​មុខ​នេះ​។

លោក ទេស វិជ្ជា​ ជំនួយ​ការ​ផ្នែក​​ទីផ្សារ​នៃ​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ​នៅ​​​​ក្រុង​សៀមរាប បាន​បង្ហើប​​​ពី​គោល​បំណង​នៃ​ការ​​ផលិត​​​វីដេអូ​ចម្រៀង​​ឈ្មោះ​ថា «តោះ​មក​ទស្សនា​​ក្រុង​សៀមរាប​» នោះ​​ថា៖ «ក្នុង​វីដេអូ​នេះ ​​ក្រុម​​​​​ចម្រៀង​ BBAND-ប៊ីបេន នឹង​​​​បង្ហាញ​​ពីស្ទីល​ប្លែក​របស់​វង់​តន្រ្តី​​ខ្មែរ​រីហ្គេ។ សម្រាប់​​បទ​​ចម្រៀង​ «តោះ​មក​​ទស្សនា​ក្រុង​​​សៀមរាប»​ នេះ​​​​ និយា​យ​​ពី​​យុវជន​ម្នាក់​ខំ​បញ្ចុះ​បញ្ចូល​​ស្រ្តី​ជា​សង្សារ​​ខ្លួន​​ឲ្យ​នាង​ធ្វើ​ដំណើរ​​ជាមួយ​គាត់​ទៅ​លេង​​ នៅ​​ខេត្ត​សៀមរាប ​ដើម្បី​ទទួល​​បាន​​បទពិសោធ និង​ទស្សនា​​បណ្តុំ​​ទេសភាព​គ្រប់​បែប​យ៉ាង​នៅ​​តំបន់​អង្គរ​​​ ដោយ​ជឿ​​ជាក់​ថា ​រូប​​នាង​នឹង​​​ចង់​វិល​​ត្រឡប់​មក​​ទស្សនា​​វិញ​ម្តង​​ទៀត។​

ជា​ការ​ពិត​ទៅ​នោះ អត្ថ​ន័យ​គឺ​​​ចង់​ឲ្យ​មាន​ការ​ចូលរួម​ពី​សំណាក់​ក្រុម​​​ទេសចរ​​ក្នុង​​ស្រុក​​​​​ខ្មែរ​យើង​មក​ទស្សនា​តំបន់​រមណីយដ្ឋាន​នានា​នៅ​ក្នុង​​ខេត្ត​សៀមរាប ឲ្យ​បាន​ច្រើន​តាម​របៀប​​ថ្មី​ដែល​​រក្សា​សុវត្ថិភាព​ និង​​ដើម្បី​ចូល​​​រួម​បង្កើត​ឲ្យ​មាន​ការងារ​ឡើង​វិញ​​ដែរ​ទៅ​ដល់​ក្រុម​សម្តែង​​នានា​របស់​ក្រុម​​សិល្បករ​ហ្វារ​ពន្លឺ​សិល្បៈ​​នៅ​ក្នុង​​​ខេត្ត​សៀមរាប ដែល​កំពុង​​តែ​ជួប​វិបត្តិ​​​អត់​ការងារ​ផ្នែក​អាជីព​របស់​ពួក​គាត់​​នោះ។ ម្យ៉ាង​​​ទៀត​ ការងារ​​សម្តែង​នានា​​របស់​​ក្រុម​​សិល្បករ​ហ្វារ​ពន្លឺ​​​សិល្បៈ​ ក៏​បាន​​​​រួម​ចំណែក​រក​​ប្រាក់​​​សម្រាប់​មូលនិធិ​​ជួយ​ទៅ​​ដល់​ក្រុម​​សិស្សានុសិស្ស​ក្រីក្រ​ ​កំពុង​រៀន​នៅ​ឯ​​​សាលា​​ហ្វារ​ពន្លឺ​​​សិល្បៈ​​ ក្នុង​ខេត្ត​បាត់ដំបង​ជា​រៀង​​រាល់​ឆ្នាំ​ ដែល​​មាន​​ចំនួន​​ជាង ​១ ​​ពាន់​​នាក់​ផង​ដែរ»។​

ក្រុម​សៀក​ហ្វារពន្លឺ​សិល្បៈ​សម្តែងនៅ​សៀមរាប​​​។ រូបថត សហ​ការី

ជំនួយ​ការ​ផ្នែក​ទីផ្សារ​នៃ​​អង្គការ​​​ហ្វារ​ពន្លឺ​សិល្បៈ​បាន​បន្ត​​ថា៖ «ហើយ​ការ​ចេញ​វីដេអូ​ចម្រៀង​នេះ ក៏​ចង់​បង្ហាញ​ដែរ​ថា ក្រុម​សិល្បៈ​សៀក​របស់​ហ្វារ​​ពន្លឺ​សិល្បៈ មិន​ត្រឹម​តែ​ចេះ​លេង​សិល្បៈ​​​សម្តែង​​នៅ​លើ​ឆាក​​សៀក​ប៉ុណ្ណោះ​ទេ ក៏​ចេះ​សម្តែង​​សិល្បៈ​បែប​​ចម្រៀង​ទៀត​ផង​ដែរ។​ ខណៈ​ចម្រៀង​​ «​តោះ​មក​​ទស្សនា​ក្រុង​សៀមរាប»​ នេះ​គឺ​ជា​វីដេអូ​សម្តែង​​ដំបូង​​របស់​ពួក​គេ​ ដោយ​​មាន​​លោក វឿត វុត ជា​អ្នក​ចម្រៀង លោក លី វណ្ណថាន ជា​ប្រធាន​ក្រុម​ និង​អ្នក​និពន្ធ​ទំនុក​ច្រៀង ​ក្រុម​តន្រ្តីករ​នានា​រួម​មាន​លោក ឆម ​សុវណ្ណារិទ្ធ ឡាប ម៉ាលីស​​ រី វណ្ណៈ សំពន្លឺ សែ ឡង់ឌី ឯ​​តួ​សម្តែង​វិញ​​ គឺ​មាន​កញ្ញា ជួប កញ្ញា និង​លោក​ គង់ ទីដា»។

លោក ទេស វិជ្ជា​ ​បញ្ជាក់​ឲ្យ​ដឹង​​ទៀត​ដែរ​ថា​៖ «បន្ទាប់​ពី​ការ​បញ្ចាំង​វីដេអូ​ យើង​ក៏​នឹង​មាន​ការ​ប្រគំ​តន្រ្តី​ផ្ទាល់​របស់​ក្រុម​ប៊ីបេន​​ដែរ​ ( BBAND live)​ តាម​​​យូធូប​ និង​​ហ្វេសប៊ុក​នៅ​ថ្ងៃទី ​១១ ខែ ​កក្កដា​ ឆ្នាំ ​២០២០ ​ខាង​មុខ​នេះ​។ ខណៈ​តំណ​ភ្ជាប់​ទៅ​​កាន់​ការ​ផ្សាយ​ផ្ទាល់​ ក៏​នឹង​ត្រូវ​​បាន​ផ្តល់​ជូន​មុន រយៈពេល​​ ១ សប្តាហ៍។ សូម​ពិនិត្យ​កន្លែង និង​​ពិភាក្សា សម្រាប់​ព័ត៌មាន​ថ្មីៗ»៕​