ភ្នំពេញ៖ របង​សំណាញ់​ទាប​ល្មម អាច​ឱ្យ​អ្នក​ដំណើរ​ទាំងឡាយ​មើល​ឃើញ​សម្លាញ់​ជើង ៤ ​រត់​លេង​លើ​ស្មៅ​បៃតង​ក្នុង​ទីធ្លា ដែល​មាន​ទាំង​កូន​ផ្ទះ​ជ័រ​ដូច​កន្លែង​ក្មេង​លេង។

សំឡេង​ឆ្កែ​តូចធំ​ព្រុស​ប្រឡែង​គ្នា​យ៉ាង​រញ៉ី ហាក់​បន្លឺ​ស្វាគមន៍​ភ្ញៀវ​មក​ក្រេប​ភេសជ្ជៈ នឹង​លេង​ជាមួយ​សត្វ​ឆ្កែ​ដ៏​គួរ​ឱ្យ​ស្រឡាញ់​នានា មាន​ទាំង​ពូជ​ឆ្កែ​ហាស្គី (ឆ្កែ​តំបន់​ទឹកកក) ឆ្កែ​តឿ​មុខ​ជ្រួញ ឆ្កែ​ស្រមូវ​រោម​ក្រញាញ់ ដែល​សុទ្ធ​សឹង​តែ​ជា​ពូជ​កម្រ មិន​សូវ​ឃើញ​មាន​ចិញ្ចឹម​នៅ​ក្នុង​ស្រុក។

ហាង Corgi In Town-Dog Cafe មិន​ត្រឹម​តែ​ជា​ហាង​កាហ្វេ​ផ្ដល់​ការ​កម្សាន្ត​ដល់​អ្នក​ចូលចិត្ត​សុនខ​នោះ​ទេ ថែម​ទាំង​មាន​លក់​ចំណី​បរិក្ខារ​ចិញ្ចឹម​ឆ្កែ ព្រម​ទាំង​កន្លែង​ស្នាក់នៅ​មើលថែ​ដល់​សត្វ​ឆ្កែ​ចិញ្ចឹម​ក្នុង​កូន​បន្ទប់ ដែល​ម្ចាស់​ហាង​រៀបចំ​ឡើង​ដូចជា​សណ្ឋាគារ​មាន​ទាំង​ពូក ខ្នើយ ភួយ និង​កង្ហារ​ទៀត​ផង។

ភ្ញៀវ​រីករាយ​នឹង​ក្រេប​ភេសជ្ជៈ ប្រឡែង​ជាមួយ​ឆ្កែ​ចេះៗ​ជា​ច្រើនក្បាល​។ ហេង ជីវ័ន

គំនិត​បើក​ហាង​កាហ្វេ និង​សេវាកម្ម​មើល​ថែ​សត្វ​ទាំង​នេះ កើត​ចេញ​ពី​ទឹក​ចិត្ត​ស្រឡាញ់​សត្វ​ឆ្កែ​របស់​លោក ​ឧត្តម ជា​ម្ចាស់​ហាង​នេះ​ផ្ទាល់។

លោក​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «តាំង​ពី​ក្មេង​ខ្ញុំ​ជា​មនុស្ស​ស្រឡាញ់​ឆ្កែ ស្រឡាញ់​សត្វ ខ្ញុំ​ចូលចិត្ត​ចិញ្ជឹម​លេង​នៅ​ផ្ទះ។ ពេល​ចិញ្ចឹម​យូរ​ទៅ យើង​មាន​កូន​ឆ្កែ​ច្រើន។ ដល់​ពេល​យើង​ងាក​ទៅ​បរទេស យើង​ឃើញ​ពាក់ព័ន្ធ​ទៅ​នឹង business ហាង​កាហ្វេ​ជាមួយ​ឆ្កែ»។

លោក​បន្ត​ទៀត​ថា៖ «ដោយ​យើង​ក៏​មាន​ដើម​ទុន​ស្រាប់ កាហ្វេ​យើង​ចេះ​ស្រាប់ កូន​ឆ្កែ​ក៏​យើង​មាន​ស្រាប់​ទើប​យើង​យក​គំនិត​នេះ​មក​ធ្វើ​ឱ្យ​ចេញ​ជា​រូបរាង។ ប៉ុន្តែ​កូន​ឆ្កែ​មួយ​ចំនួន​យើង​ទិញ​ដាក់​ថែម​ពេល​បើកហាង»។

បន្ទប់​សណ្ឋាគារឆ្កែ ដែល​មានកូនពូក​ កន្លែង​ដាក់ចំណី និង​កូនកង្ហារ​ផងដ​ែរ​។ហេង ជីវ័ន

ទីធ្លា​ហាង​ត្រូវ​បាន​ធ្វើ​ឡើង​មាន​លក្ខណៈ​ធំ​ទូលាយ ដោយ​មាន​កន្លែង​លក់​សម្ភារ​ឆ្កែ សួន​រត់​លេង កូន​បន្ទប់​សណ្ឋាគារ​ឆ្កែ កន្លែង​ញ៉ាំ​កាហ្វេ និង​កន្លែង​លេង​ជាមួយ​ឆ្កែ​ក្នុង​ពេល​តែមួយ ក្រោម​បរិយាកាស​ខ្យល់​ល្អ​បរិសុទ្ធ​បំផុត។

សត្វ​ឆ្កែ​អស់​នេះ ​ត្រូវ​បាន​ទទួល​ការ​បង្ហាត់ ធ្វើ​យ៉ាងណា​មិន​ឱ្យ​ជះក្លិន​ស្អុយ​ដល់​អតិថិជន ដែល​មក​លេង​ទេ។ លើស​ពី​នេះ សុនខ​ក្នុង​ហាង​ថែម​ទាំង​ដឹង​ម៉ោង​ចេញ​ចូល​ខ្លួន​ឯង​ដោយ​មិន​ចាំបាច់​មាន​អ្នក​ដឹក ​អ្នក​ដឹក​បញ្ចេរ។

លោក ឧត្ដម បាន​បញ្ជាក់​ថា៖ «ឆ្កែ​ទាំង​អស់​នេះ ​គឺ​ខ្ញុំ​ជា​អ្នក​បង្ហាត់ ដោយ​ខ្ញុំ​នៅ​ជាមួយ​ពួក​គាត់​យូរ​ទៅ​ខ្ញុំ​ចាប់​ផ្ដើម​យល់​អារម្មណ៍​ពួក​គាត់​ត្រូវ​ការ​អី ចង់​បាន​អី។ សម្រាប់​ឆ្កែ​ខ្លះ ពួក​គាត់​នៅ​បាន​តែ​ពេល​ត្រជាក់ ដូច​នេះ​ពួក​គាត់​ចេញ​មក​តែ​ពេល​ព្រឹក ​និង​ល្ងាច ពួក​គាត់​ខ្លះ​ចេញ​មក​តាម​ថ្ងៃ​ហេតុ​នេះ​ពេល​ខ្លះ​អតិថិជន​មិន​បាន​ឃើញ​កូន​ឆ្កែ​ទាំង​អស់​ទេ»។

ស​ភេសជ្ជៈ​ប្រចាំ​ហាង ៥ មុខ​ដូចជា ឡាតេ Corgi តែក្រហមទឹកដោះគោ តែក្រូចឆ្មារ តែទឹកដោះគោអូរីអូ និង​ទឹកដោះគោ​ស្ករ​ត្នោត ក្នុង​តម្លៃ​ចាប់ពី ២ ទៅ ៣,៥ ដុល្លារ។ ហេង ជីវ័ន

ហាង​មាន​ឆ្កែ​ដល់​ទៅ​ជាង ២០ ក្បាល ប៉ុន្តែ​ពេល​ខ្លះ​ពួក​វា​មិន​បាន​ចេញ​មក​ទទួល​ភ្ញៀវ​ទាំង​អស់​ទេ។

ចំពោះ​សេវាកម្ម​សណ្ឋាគារ​ឆ្កែ អតិថិជន​ដែល​ចង់​យក​កូន​ឆ្កែ​មក​ផ្ញើ បុគ្គលិក​នឹង​មើល​ថែ​យ៉ាង​ចិត្ត​ទុក​ដាក់​ក្នុង​តម្លៃ ១ យប់ ​គិត​ចាប់​ពី ៨ ដុល្លារ​ឡើង​តាម​ទំហំ​តូច​ធំ​នៃ​សត្វ។

ឆ្កែ​ស្រមូវ ឆ្កែតឿ ឆ្កែ​ពូជ​ហាស្គី នៅ​ក្នុង​ហាងកាហ្វេ Corgi in Town-Dog cafe ម្ដុំ​វត្ត​សំរោង​អណ្ដែត​។ ហេង ជីវ័ន

ការ​ផ្ដល់​សម្ភារ​ដេក​មាន​ពូក និង​ខ្នើយ ត្រូវ​បាន​ម្ចាស់​ហាង​បញ្ជាក់​ថា៖ «សម្រាប់​ឆ្កែ​ខ្លះ​ខាង​ហាង​មិន​អាច​ដាក់​ជូន​បាន​ទេ ព្រោះ​ពេល​ពួក​គាត់​មិន​ស៊ាំ​ទម្លាប់​នឹង​រូបភាព​បែប​ហ្នឹង​គាត់​ខាំ​ដាច់​រហែក​អស់​ដូច្នេះ​ខាង​ហាង​នឹង​មើល​តាម​ការ​ជាក់​ស្ដែង»។

ក្រៅ​ពី​មាន​ការ​ទាក់ទាញ​ដោយសារ​កូន​ឆ្កែ​ឃ្យូតៗ​ហាង Corgi In Town-Dog Cafe ក៏​មាន​បម្រើ​ទឹក​ឆ្ងាញ់ៗ​ផង​ដែរ ពិសេស​ភេសជ្ជៈ​ប្រចាំ​ហាង ៥ មុខ​ដូចជា Latte Corgi, Corgi Milk red tea, Corgi lemon tea, Corgi milk red tea oreo និង Brown sugar fresh milk ក្នុង​តម្លៃ​ចាប់ពី ២ ទៅ ៣,៥ ដុល្លារ។

ទីធ្លារ​សម្រាប់​សត្វ​ឆ្កែ​រត់លេង នៅហាង​កាហ្វេ Corgi In Town-Dog Café។ហេង ជីវ័ន

ក្នុង ១ ថ្ងៃ ភ្ញៀវ​ខ្មែរ និង​បរទេស​ចន្លោះ​ពី ៣០ ទៅ ១០០ នាក់ ខណៈ​ចុង​សប្ដាហ៍​អតិថិជន​ត្រូវ​រង់ចាំ​បន្តិច​ទើប​មាន​កន្លែង​អង្គុយ។

ម្ចាស់​ហាង​វ័យ ២៧ ឆ្នាំ​រូប​នេះ ​ក៏​បាន​រំឭក​ពី​ពេល​បើក​ហាង​កាល​ពី​ថ្មីៗ​នៅ​ថ្ងៃទី ៧ ខែ​មករា ​ផង​ដែរ​ថា៖ «ថ្ងៃ​ដំបូង​របស់​យើង​នៅ​ពេល​នោះ ​គឺ​ភ្ញៀវ​មក​ច្រើន​ហួស​ពី​ការ​រំពឹង​ទុក។ យើង​មិន​ពេញ​ចិត្ត​ចំពោះ​សេវាកម្ម​របស់​យើង​ក្នុង​ការ​ទទួល​ភ្ញៀវ​ទេ។ ប៉ុន្តែ​ក្រោយៗ​មក​យើង​អាច​សម្រប​បាន»។

ហាង​ក៏មានលក់​សម្ភារៈ និង​ចំណីអាហារ​សម្រាប់​ចិញ្ចឹម​ឆ្កែ​ផង​ដែរ។ហេង ជីវ័ន

លោក​បន្ត​ទៀត​ថា៖ «ពេល​យើង​បើក​ដំបូង​យើង​នៅ​មាន​ចំណុច​ខ្វះខាត​ច្រើន ភ្ញៀវ​បាន​ផ្ដល់​មតិយោបល់​ថា ​ហាង​យើង​រាង​ក្ដៅ ពេល​នេះ​យើង​បាន​កែ​សម្រួល​រួចរាល់​អស់​ហើយ។ យើង​រីករាយ​ក្នុង​ការ​ទទួល​ស្វាគមន៍​គ្រប់​មតិយោបល់​របស់​ពួក​គាត់»។

មាន​ទីតាំងនៅ​ម្តុំ​វត្ត​សំរោង​អណ្តែត ហាង Corgi In Town-Dog Cafe បើក​ពី​ម៉ោង ១១ ព្រឹក ​ដល់​ម៉ោង ៦ កន្លះ នៅ​ថ្ងៃ​ចន្ទ និង​អង្គារ ហើយ​ចាប់​ពី​ថ្ងៃ​ពុធ ​ដល់​អាទិត្យ ហាង​បើក​ពី​ម៉ោង ៩ ព្រឹក​ដល់​ម៉ោង ៦ កន្លះ៕

ទីធ្លារ​សម្រាប់​សត្វ​ឆ្កែ​រត់លេង នៅហាង​កាហ្វេ Corgi In Town-Dog Café។

ភ្ញៀវ​អាច​រីករាយ​នឹង​ក្រេបកាហ្វេ ហើយ​លេង​ជាមួយ​សត្វ​ឆ្កែ​​ស្អាតៗ និង​ចេះៗ​ជា​ច្រើន​ក្បាល។ហេង ជីវ័ន

វីដេអូ៖