ក្រុងប៉ារីស៖ ក្លិបរាត្រី Moulin Rouge បានប្រកាសកាលពីថ្ងៃចន្ទថា ក្រុមរបាំរបស់ខ្លួនក្នុងក្រុងប៉ារីសនឹងវិលមកកាន់វេទិការសម្ដែងវិញនៅខែកញ្ញា ក្រោយពីបានបិទទ្វារដ៏យូរបំផុតក្នុងរយៈពេលជាងមួយសតវត្សរ៍មកនេះ។
របាំខេនខេនលើកដំបូងក្រោយវិបត្ដិកូវីដសកលគ្រោងដំណើរការនៅថ្ងៃទី ១០ ខែកញ្ញា ក្រោមអគារកង្ហាខ្យល់និមិត្ដរូបនៅ Montmartre។
អ្នករបាំ ១២ នាក់ ពាក់ម៉ាសនិងរោមសត្វមានចិត្ដក្លាហានបង្ហាញក្បាច់រាំខាងក្រៅអគារ Moulin Rouge កាលពីថ្ងៃចន្ទដើម្បីបញ្ជាក់ពីវេលាបើកដំណើរឡើងវិញ ដែលបង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរលើមហាវិថី Boulevard de Clichy។
អ្នករបាំ Mathilde Tutiaux អាយុ ៣២ ឆ្នាំ បាននិយាយថា៖ «ខ្ញុំពិតជារីករាយខ្លាំងណាស់។ ខ្ញុំមានអារម្មណ៍មោទនភាពចំពោះការសម្ដែងនេះ។ យើងមានចិត្ដអន្ទះសាចង់ឃើញមហាជនវិញ។ ការចាប់ផ្ដើមរបាំខេនខេនដំបូងជាថ្មីនឹងបង្កើតជាការកម្សាន្ដរសជាតិថ្មី។ វាជាតួលេខហុងស៊ុយបំផុតហើយក្រោយពេលចែកផ្លូវគ្នាជាងមួយឆ្នាំយើងនឹងធ្វើការហ្វឹកហាត់សមនារដូវក្ដៅនេះ»។
មិនខុសពីសមាជិក ៦០ នាក់ទៀត Tutiaux បង្ខំចិត្ដហ្វឹកហាត់តែម្នាក់ឯងនៅផ្ទះអំឡុងពេលបិទខ្ទប់ ដោយប្រើកន្លែងផ្ទះបាយជារបាពន់ពេនខ្លួន។ ក្លិប Moulin Rouge ត្រូវបានបិទទ្វារតាំងពីថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០២០ ជាការផ្អាកដំណើរការដ៏យូរបំផុតតាំងពីមហោស្រពនេះត្រូវបានបំផ្លាញដោយអគ្គីភ័យក្នុងឆ្នាំ ១៩១៥។
លោក ហ្សង់ វីចទ័រ-ក្លេរីកូ នាយកគ្រប់គ្រងទូទៅនៃ Moulin Rouge បាននិយាយថា៖ «ពេលនេះយើងមានក្ដីរីករាយដែលបានចាប់ផ្ដើមការងារឡើងវិញ។ បើវាដំណើរការរលូនយើងនឹងមិនចាំបាច់រក្សាគម្លាតសុវត្ថិភាពឡើយ។ យ៉ាងណាយើងមិនទាន់បានដឹងច្បាស់ ហើយបើតម្រូវឱ្យរក្សាគម្លាតយ៉ាងតិចមួយម៉ែត្រយើងក៏នឹងត្រូវកាត់បន្ថយចំនួនមនុស្ស ៥ ភាគរយ»។
មជ្ឈមណ្ឌលល្បីៗជាច្រើនទៀតនៅក្រុងប៉ារីសដូចជា «nude chic» នឹងបើកទ្វារវិញអំឡុងពេលប្រហាក់ប្រហែលគ្នា ដោយ «Crazy Horse» បើកនៅថ្ងៃទី ៩ ខែកញ្ញា និង «Le Lido» បើកនៅថ្ងៃទី ១៦ ខែកញ្ញា។
ជាមួយអត្រាឆ្លងកំពុងតែធ្លាក់ចុះហើយល្បឿនចាក់វ៉ាក់សាំងកំពុងតែកើនឡើងប្រទេសបារាំង គ្រោងបើកទីតាំងវប្បធម៌ជាច្រើននៅថ្ងៃពុធក្រោយពីបិទទ្វារ ៦ ខែ។
Moulin Rouge នៅជើងភ្នំ Montmartre បានបើកដំណើរការនៅសម័យ Belle Epoque Paris ទី ៨ ឆ្នាំ ១៨៨៩ ដោយរួមសហការជាមួយរបាំខេនខេនកន្ដ្រាក់អារម្មណ៍ និងរំលេចក្នុងគំនូរបស់វិចិត្រករ Henri de Toulouse-Lautrec។
បច្ចុប្បន្នវានៅតែជាទីកន្លែងពេញនិយមសម្រាប់ភ្ញៀវទេសចរ ដែលផ្ដល់ចំណូលពាក់កណ្ដាលចំពោះមុខជំនួញមុនពេលជួបវិបត្ដិកូវីដសកល៕ AFP/HR